Connect with us

ព័ត៌មានជាតិ

សមាគមសហគ្រិនស្ត្រីកម្ពុជា កើតចេញពីកិច្ចប្រឹងប្រែង ប្រកបដោយសមត្ថភាព ដែលមានទំនួលខុសត្រូវខ្ពស់

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងថា សមាគមសហគ្រិនស្ត្រីកម្ពុជា កើតចេញពីកិច្ចប្រឹងប្រែងប្រកបដោយសមត្ថភាព ដែលមានទំនួលខុសត្រូវខ្ពស់ ទើបទទួលបានជោគជ័យជាបន្តបន្ទាប់មក។

លោកទេសរដ្ឋមន្ត្រី ថ្លែងបែបនេះ ខណៈពេលអនុញ្ញាត ឲ្យប្រតិភូក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី ៤ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចូលជួបសម្ដែងការគួរសម ណែនាំខ្លួន និងធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ នារសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។  

នាឪកាសជួបសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ វាយតម្លៃខ្ពស់  និងអបអរសាទរ ចំពោះសមាសភាព នៃក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី ៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងសូមកោតសរសើរ ចំពោះសមិទ្ធិផលការងារ ដែលសមាគមសម្រេចបាន ហើយយើងអាចចាត់ទុកថា ការសម្រេចបាននេះ គឺផុសចេញ ពីសហគ្រិនស្ត្រីឆ្នើមរបស់ម្ពុជាយើង ដែលភាគច្រើនសុទ្ធតែជាអ្នកដឹកនាំ ក្នុងក្រុមហ៊ុនប្រកបដោយភាពជោគជ័យ និងពោរពេញដោយសហគ្រិនភាព។

សូមបញ្ចាក់ថា ការស្វាគមន៍ នូវប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា គឺលោកស្រី កែវ មុំ នាឪកាសនេះធ្វើឡើងក្រោយពីសមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងការបោះឆ្នោតជ្រើសតាំង សមាសភាពក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អណត្តិទី ៤ ឆ្នាំ ២០២១-២០២៤ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១រួចមក។

បន្ទាប់ពីស្តាប់ការណែនាំខ្លួន និងរបាយការណ៍ ពីលទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈម របស់សមាគមរួចមក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ វាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះសមាសភាពនៃក្រុមប្រឹក្សា ភិបាលថ្មី អាណត្តិទី ៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងសូមកោតសរសើរ ចំពោះសមិទ្ធិផលការងារដែលសមាគមសម្រេចបាន។

លទ្ធផលខាងលើ អាចចាត់ទុកថា គឺជាការផុសចេញពីសហគ្រិនស្ត្រីឆ្នើមរបស់ម្ពុជាយើង ដែលភាគច្រើនសុទ្ធតែ ជាអ្នកដឹកនាំក្នុងក្រុមហ៊ុន ប្រកបដោយភាពជោគជ័យ និងពោរពេញដោយសហគ្រិន ភាព។

ទាក់ទងនឹងសៀវភៅ ដែលសមាគមបានសរសេរចងក្រងទាំង ៣ក្បាល ហើយទើបបោះពុម្ពបានមួយក្បាល ដែលរំលេចជាពិសេស ទៅលើភាពប្រឈមទាំងឡាយ របស់សមាគម ដូចជា៖ បញ្ហាកង្វះព័ត៌មានទីផ្សារ-លទ្ធភាពទទួលបាន ហិរញ្ញប្បទាន-បុគ្គលិកខ្វះជំនាញ-ពិបាកលក់ផលិតផល-និងខ្វះជំនាញបច្ចេកវិទ្យាជាដើមនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកថា ការចងក្រងសៀវភៅនេះ មានសារ:សំខាន់ដែលរាជរដ្ឋាភិបាល និងក្រសួងក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ត្រូវយកចិត្តទុកដាក់។ បញ្ហានេះលោកទេសរដ្ឋមន្ត្រី បានកំណត់យករយៈពេល ៣ខែម្តងជាទៀងទាត់ សម្រាប់  បើកកិច្ចពិភាក្សា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូពាក់ព័ន្ធ  ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ តាមលទ្ធភាពជាក់ស្តែង ដែលនៅចំពោះមុខ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម