ព័ត៌មានជាតិ
ស ស យ ក ខេត្តកោះកុងអំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នាជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង(ស.ស.យ.ក)បានធ្វើការអំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នាដើម្បីរួមចំណែកប្រើប្រាស់ឈាមឱ្យបានទាន់ពេលវេលាក្នុងការជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះ និងជនងាយរងគ្រោះដោយការខ្វះឈាម។
ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោកស្រី ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានមានប្រសាសន៍ថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងតម្រូវការប្រើប្រាស់ឈាមប្រហែល១៥ទៅ២០ប្លោកក្នុង១ខែ ដែលចំនួនប្រើប្រាស់នេះមិនសមាមាត្រទៅនឹងការបរិច្ចាគរបស់សប្បុរសជននោះទេ។

លោកស្រីបានបន្តថា« ហេតុដូចនេះ ដើម្បីឱ្យឆ្លើយតបនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា ជាគោលការណ៍ គឺតម្រូវឱ្យសាច់ញាតិឬមិត្តភក្ដិអ្នកជំងឺ បរិច្ចាគឈាមប្រសិនបើអ្នកជំងឺត្រូវការបញ្ចូលឈាម។ ប៉ុន្តែរាល់ឈាមដែលបានបូមចេញមក មិនសុទ្ធតែមានសុវត្ថិភាពប្រើប្រាស់បានទាំងអស់នោះទេ ជាទូទៅក្នុងចំណោមឈាមដែលបានមក១០ប្លោក មានសុវត្ថិភាពប្រើប្រាស់បានតែ៨ទៅ៩ប្លោកតែប៉ុណ្ណោះ។ ហេតុដូចនេះតម្រូវការឈាមមានការខ្វះខាតនៅឡើយ សម្រាប់ខេត្តកោះកុងយើង»។ លោកស្រីបានសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តឱ្យសប្បុរសជនទាំងអស់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងដោយមិនមានការបង្ខិតបង្ខំឬភ័យខ្លាចឡើយ។

លោកស្រីបានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាគុណធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាទឹកចិត្តមនុស្សធម៌ដ៏ធំធេង ក្នុងការជួយសង្គ្រោះជីវិតមនុស្សបើនិយាយតាមធម៌ព្រះពុទ្ធ ការបរិច្ចាគនេះជាសទ្ធាដ៏ថ្លៃថ្លាដែលទទួលបានបុណ្យកុសលយ៉ាងច្រើនលើសលប់ ព្រោះជាអំពើល្អ អំពើកុសលដែលអាចជួយសង្គ្រោះជីវិតមនុស្ស ។
លោកស្រីបានអះអាងថា ឈាម របស់សប្បុរសជនទាំងអស់នឹងក្លាយជាឱសថទិព្វអាចជួយសង្គ្រោះដល់អាយុជីវិតរបស់មនុស្សជាច្រើនដែលកំពុងបាត់បង់ឈាម ដោយសារមូលហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍អ្នកដែលត្រូវវះកាត់ធ្ងន់ធ្ងរ ម្ដាយដែលកំពុង ឆ្លងទន្លេ និងអ្នកជំងឺផ្សេងៗជាច្រើនទៀត។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅនឹងមិនមានប្រជាជនកម្ពុជាណាម្នាក់ស្លាប់ដោយសារខ្វះឈាមទៀតឡើយ មានឈាម មានជីវិត មានជីវិតរស់នៅជាមួយគ្នា គឺត្រូវផ្តល់ឈាម បរិច្ចាគឈាមគឺសង្គ្រោះជីវិត ។

គួរបញ្ជាក់ថា ផ្អែកតាមការសិក្សាផ្នែកជីវសាស្ត្រ បានបង្ហាញថា ឈាមគឺជាសារធាតុដែលមានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម កាកសំណល់ និងគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយបានទៀតផង។
វាត្រូវបានផលិតចេញពីខួរឆ្អឹង រួចបញ្ចេញចូលទៅក្នុងចរន្តឈាម ហើយអាចរស់រានមានជីវិតជាមធ្យមត្រឹមតែ១២០ថ្ងៃតែប៉ុណ្ណោះ ហើយវានឹងត្រូវបានបំផ្លាញចោល និងផលិតថ្មី យ៉ាងឆាប់រហ័សមកវិញ។ ហេតុដូចនេះ ការបរិច្ចាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគឡើយ។ នៅមុនពេលធ្វើការបរិច្ចាគអ្នកស្ម័គ្រចិត្ត គឺសុទ្ធតែទទួលបានការត្រួតពិនិត្យសុខភាពត្រឹមត្រូវ។
ក្នុងករណីដែលគ្រូពេទ្យពិនិត្យឃើញថា សុខភាពមិនបរិបូរទេនោះ គ្រូពេទ្យនឹងមិនអនុញ្ញាតឱ្យធ្វើការបរិច្ចាគនោះឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


