ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារដោះមីនអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យអ្នកដោះមីនអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ១១ ខែមករានេះ បានមានប្រសាសន៍ថា «ការងារដោះមីនមិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើអោយពួកគេអាចបាត់បង់ជីវិតធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រលាញ់» ហើយការបាត់បង់ជីវិតរបស់ពួកគាត់ គឺ កើតឡើងពីលទ្ធផលនៃសង្រ្គាម ដ៏រ៉ាំរ៉ៃអូសបន្លាយរាប់ទសវត្សនៅកម្ពុជា។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសព របស់អ្នកដោះមីនចំនួន ០៣នាក់ នៃអង្គការដោះមីនកម្ពុជា(CSHD) ដែលបានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិត ក្នុង ភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពួកគាត់បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត ១០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០០២។

លោកបន្តទៀតថា វីរជនក្លាហានទាំង៣រូបនេះ គឺ លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំក្នុងការបម្រើប្រទេស និងប្រជាជនរបស់ខ្លួន។ ពួកគាត់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព។ យើងទាំងអស់គ្នាសូមគោរពជីវិត និងការលះបង់របស់ពួកគាត់។

លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងចំពោះ ការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា “ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអ្នកដោះមីនទាំងអស់ ដែលបានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប។
ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានអំពាវនាវអោយបងប្អូនជនរួមជាតិ ក៏ដូចជាបងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងអំពាវនាវឲ្យមិត្តវិស័យមីនទាំងអស់ រួមមានសហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងចូលរួមការអភិវឌ្ឍនៅកម្ពុជា។

ក្នុងនាមគ្រួសារសព លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងអាណិតអាសូរដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងតែងតែជួយឧបត្ថម្ភ គាំទ្រដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីន ក៏ដូចជាគ្រួសារសព លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅចំពោះកងកម្លាំងកងទ័ពជើងគោកប្រចាំភូមិភាគខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានជួយអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ។
បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់នេះ សហគមន៍ផ្តល់ជំនួយ និងតំណាងស្ថានទូតប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោកស្ដាយ និងបានផ្ញើសារ រំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន និងគ្រួសារសព ចំពោះការបាត់បង់នេះ។
គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន១៥៤ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ