Connect with us

ព័ត៌មានជាតិ

​អ្នក​ជំនាញ​អះអាងថា​ អ្នក​ជក់បារី​ឆ្លង​កូវីដ​ ប្រឈម​មុខ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​អ្នក​មិនជក់​

បានផុស

នៅ

អ្នកជំនាញអះអាងថា ការជក់បារី ឬថ្នាំជក់ ក្រៅតែពីបង្កជំងឺច្រើនមុខ វាបានបង្កគ្រោះថ្នាក់​បន្ថែម​ទៀត ក្នុងដំណាក់កាល​កូវីដ១៩ ដែលធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា​តាម​រយៈ​ដៃដែលប៉ះមាត់ និង​ប៉ះ​ដើមបារី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មានប្រសាសន៍ថា “ទំនាក់ទំនងការជក់បារី និងជំងឺកូវីដ១៩ គឺបង្កគ្រោះថ្នាក់បន្ថែមទៀត មានន័យថា វាធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាតាមរយៈដៃដែលប៉ះមាត់ និងប៉ះដើមបារី ខណៈបារីអេឡិចត្រូនិក ដែលយុវជន និងកុមារ ប្រើឧបករណ៍រួមគ្នា រឹតតែ​ឆ្លងលឿន”។

លោក មុំ គង់ បញ្ជាក់ថា ប្រសិនបើអ្នកជក់បារីម្នាក់ ជក់រយៈពេលមួយកំណត់ បានន័យថាសួតរបស់គាត់តិច ឬច្រើន គឺមានការខូចខាត។ ដូច្នេះ ប្រសិនបើមានការឆ្លងមេរោគកូវីដ១៩ ទៀត សួតរបស់គាត់ រឹតតែបំផ្លាញខ្លាំងក្លា ប្រឈមមុខ នូវជំងឺ​ធ្ងន់ធ្ងរ ហើយរយៈពេលព្យាបាលយូរជាង អ្នកមិនជក់បារី ដោយសារសួតរបស់គាត់មួយ​ចំណែកខូច​ដោយសារការជក់បារី។

បើតាមលោក មុំ គង់ “នៅក្នុងឆ្នាំ ២០២១ មានក្រុមហ៊ុនបារីមួយចំនួន បានធ្វើជា​សកម្មភាព​សប្បុរស ដើម្បីបិទបាំងប្រជាពលរដ្ឋ កុំឱ្យចាប់អារម្មណ៍ពីទំនាក់ទំនងការជក់បារី និងជំងឺកូវីដ១៩ គោល​បំណង​គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅពេលដែលគាត់​ប្រគល់អំណោយ គាត់មិន​ដែល​លើកលែងការផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់គាត់នោះ​ទេ ដែលវាជា សកម្មភាពមួយ​ផ្សាយពាណិជ្ជកម្មដែរ ទោះបីសកម្មភាពនោះជាការចែកសម្ភារ​ទៅដល់ប្រជាពល​រដ្ឋក៏ដោយ”។

លោកថា ក្រៅពីនេះ នៅមានក្រុមហ៊ុនមួយចំនួនទៀតបានធ្វើសកម្មភាពដោយផ្ទាល់ យកបារីទៅឱ្យ​តាមឃុំតែម្ដង ហើយផ្សព្វផ្សាយមានស្ដ្រីដែលស្លៀកពាក់ឯកសណ្ឋានតំណាងឱ្យម៉ាកបារី ដើរផ្សាយ​ពាណិជ្ជកម្មតែម្ដង។

សកម្មភាពទាំងនេះ គាត់ដឹងហើយថា ខុសច្បាប់ ល្មើសនឹងច្បាប់ ប៉ុន្តែគាត់នៅតែប្រព្រឹត្ត ដោយសារគាត់គិតថា ក្នុងដំណក់កាលកូវីដនេះ ប្រហែលជាមន្ត្រីអធិការកិច្ច​របស់ក្រសួងសុខាភិបាល​ ជាប់រវល់នឹងរឿងកូវីដច្រើនជាង ចឹងគាត់ឆ្លៀតធ្វើរឿងនេះទៅ។

ប្រជាពលរដ្ឋកម្ពុជា ចំនួន ១៥ ០០០ នាក់ បានស្លាប់ដោយសារជំងឺ ៥ មុខ បណ្ដាលមកពីការជក់បារី នៅឆ្នាំ ២០២០ ខណៈ ឆ្នាំ ២០១៤ មានចំនួន ១ ម៉ឺននាក់។

លោក មុំ គង់បញ្ជាក់ថា ទោះបីអត្រាអ្នកជក់​បារីនៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ នេះមានទំ​នោរថយ​ចុះបន្តិច ប៉ុន្តែចំនួនប្រជាពលរដ្ឋកើនឡើង ដូច្នេះចំនួន អ្នកជក់បារីក៏កើនឡើង ដែលលោក​សន្និដ្ឋាន​ថា ​ចំនួនបារីហាក់មិនមាន​ការថមថយ​នោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម