Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​ក្រពើ​ភ្នំ ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុងនោះ​មាន​កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល​

បានផុស

នៅ

សត្វ​ក្រពើ​ភ្នំ​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល​ក្នុងនោះ​មាន កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល និង​មេ​មួយ​ក្បាល ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​និង​អង្គការ WWF បានប្រទះឃើញ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០២២ កំពុង​ហែល​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​។

នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ នេះ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រការ​បាន​ថ្លែងថា​នេះ​គឺជា ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​អ្នក ស្រាវជ្រាវ​ដែល​បាន​ចំណាយ ពេលវេលា កម្លាំងកាយ​កម្លាំងចិត្ត​ក្នុងការ​បំពេញការងារ​ដោយ​ភាព​អត់ធ្មត់​បំផុត ក្នុងការ​តាមដាន​អំពី​វត្តមាន​សត្វ​ក្រពើ​ភ្នំ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ របកគំហើញ​នេះ​បានធ្វើឱ្យ​កម្ពុជា​មានកំណត់​ត្រា​ថ្មី​មួយ​បន្ថែមទៀត​ពី​វត្តមាន​ក្រពើ​ភ្នំ​នៅក្នុង​ខេត្តមណ្ឌលគិរី បន្ថែម​ពីអ្វី​ដែល​គេ​បានដឹង​ពីមុនមក​ថា​ក្រពើ​ភ្នំ​មាន​វត្ត​មានតែ​នៅក្នុង​តំបន់​អា​រ៉ែ​ង​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខេត្តកោះកុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សត្វ​ក្រពើ​ភ្នំ ធ្លាប់មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ មក វត្តមាន​របស់​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ត្រូវ​បាត់​បង់គួរ​ឲ្យ​បារម្ភ​ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួកវា​។ ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជាស​កល​មួយ​សម្រាប់​ការរស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​សរុប ចន្លោះ​ពី ២០០ ទៅ ៤០០​ក្បាល កំពុង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​នានា​ក្នុងប្រទេស​។ នៅលើ​ពិភពលោក ចំនួន​សត្វ​ក្រពើ​ភ្នំ​ដែល​ស្ថិតក្នុង​វ័យ​អាច​បន្ត​ពូជ​បាន មាន​ប្រមាណ​មិន​លើសពី ១.០០០ (១​ពាន់​) ក្បាល​ឡើយ​។ កត្តា​គំរាមកំហែង​ចំពោះ​ការរស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​មានដូចជា​៖ ការ​រេច​រិល​និង​ការបាត់បង់​ទីជម្រក ការ​បរបាញ់​ខុសច្បាប់​ដែល​បណ្តាលមកពី​តម្រូវការ​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការចាប់​ដោយ​ខុសច្បាប់​ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ការចាប់​យកទៅ​បង្កាត់​ពូជ​ជាមួយ​ពូជ​ក្រពើ​ផ្សេង ទំនប់​វា​រី​អគ្គិសនី និង​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាដើម​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា ការកត់សម្គាល់​ពី​វត្តមាន​ទាំង​មេ​ក្រពើ និង​កូន​ក្រពើ​ភ្នំ​សរុប ១០ នៅពេលនេះ គឺជា​ការបញ្ជាក់​កាន់តែច្បាស់​អំពី​វត្តមាន របស់​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បាន​កត់​ត្រាទុក​វត្តមាន​របស់​ពួកវា​ជា​លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ​។ ឯកឧត្តម​បញ្ជាក់ថា​៖«​គំហើញ​នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នាពេលនេះ គឺជា​ភស្តុតាង​បញ្ជាក់​ដោយ​រូបភាព​ដំបូងបង្អស់​នៃ​ការរស់រាន​បន្ត​ពូជ​របស់​សត្វ​នេះ ក្រោយ​ការខិតខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​តំបន់ការពារធម្មជាតិ​មួយ​នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​និង​គាំទ្រ​ដោយ​អង្គការ​WWF»​។ យោងតាម​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ​មាន​អាយុប្រមាណ​ចន្លោះ​ពី​៧ ទៅ ៨​ខែ ហើយ​ពួកវា​មាន​ល័ក្ខខ័ណ្ឌ​សុខភាព​ល្អ​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​ស្វាគមន៍​នូវ​ដំណឹង​ដ៏​ល្អ​នៃ​ការរស់រាន និង​ការលូតលាស់​របស់​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ ព្រោះ​ដោយមាន​ការការពារ​និង​តាមដាន​បាន​ត្រឹមត្រូវ និង​ជាប់លាប់​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​រំពឹង​ដែរ​ថា​ពួកវា​នឹង​ចាប់ផ្តើម​រស់នៅ និង​ដើរ​រកស៊ី​ដោយឡែក​ពីគ្នា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ ដោយ មាន​ក្តី​សង្ឃឹមថា​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងអស់នេះ​នឹង​បន្ត​លូតលាស់​ឈានដល់​ភាព​ពេញវ័យ​ដើម្បី​អាច​បន្ត​ពូជ​បាន​នៅពេល​អនាគត​។

ឯកឧត្តម​រដ្ឋលេខា​ក្រសួងបរិស្ថាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​វិទ្យា​ស្រា​ស្ត្រ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WWF ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​និង​ស្រាវជ្រាវ​រហូត​ទទួលបាន​នូវ​លទ្ធផល​ដោយបាន​កត់ត្រា​បញ្ជាក់​ជា​ផ្លូវការ​លើកដំបូង​បង្អស់​នៃ​ហ្វូង​ក្រពើ​ភ្នំ​ដែល​កំពុង​បន្ត​ពូជ​និង​រីក​ធំធាត់​នៅ​តំបន់​អភិរក្ស​ស្រែ​ពក​។ ឯកឧត្តម​បានលើកឡើង​ថា នេះ​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន ដែល​កើតចេញពី​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិ​អភិរក្ស​រវាង​ក្រសួងបរិស្ថាន និង អង្គការ​WWF»​។ ឯកឧត្តម​ក៏បាន​លើកឡើងថា​ការកត់ត្រា​ពី​វត្តមាន​សត្វ​ក្រពើ​ភ្នំ​នៅពេលនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែលជា​តំបន់​ព្រៃរបោះ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​តំបន់ជីវៈ​ចម្រុះ​សកល​មួយ​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ការស្តារ​ធនធាន​ជីវៈចម្រុះ និង​ចំនួន​សត្វព្រៃ​សំខាន់ៗ​មានតម្លៃ​ជាស​កល​ឡើងវិញ​។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថា ដោយសារ​កម្ពុ​ជាមាន​ស​ន្តិ​ភាព​ពេញលេញ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​អភិរក្ស​ជា​ដៃគូ​របស់​ក្រសួងបរិស្ថាន មានលទ្ធភាព​ក្នុងការ​ផ្តោត​ការយកចិត្តទុកដាក់ និង​រិះរក​គ្រប់​មធ្យោបាយ និង​ដំណោះ ស្រាយ​នានា​ក្នុង​កិច្ច​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ សំដៅ​ឈាន​ឆ្ពោះទៅ​ស្តារ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កម្ពុ​ជាមាន ឱ្យ​សំបូរ​និង​កាន់តែ​ប្រសើរ​។ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ធនធានធម្មជាតិ​ដ៏​វិសេសវិសាល​គ្មាន​ពីរ ដែល​នេះ​គឺជា​មោទនភាព​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

កញ្ញា Milou Groenenberg ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ​WWF ធ្លាប់បាន​លើកឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០២១ ថា របកគំហើញ​ក្រពើ​ភ្នំ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជាការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ នៃ​ការសិក្សា​ស្តីពី​សត្វ​ក្រពើ​ភ្នំ​នៅក្នុង​តំបន់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយហេតុថា​វត្តមានរ​បស់​សត្វ​នេះ​មិនត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវការ​ទេ បើ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​នានា​ដែល​គេ​ធ្លាប់​ទទួលបាន​កាលពីរ​យៈ​ពេល​ជាច្រើន​ឆ្នាំកន្លងមក ហើយ​រីឯ​ការកត់ត្រា​វត្តមាន​របស់​វា​តាមរយៈ​រូបភាព​ក៏​គ្មាន​ដែរ​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។ កញ្ញា Milou បាន​ថ្លែងថា​៖ «​កាលពីមុន​អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​បានទេ​ថា​សត្វ​ក្រពើ​ភ្នំ​ដែល​រស់នៅក្នុង​ទីជម្រក​ស្រែ​ពក​នេះ​អាចមាន​គូ​បង្កាត់​ពូជ​បាន ហើយក៏​គេ​កាន់តែ​មិនអាច​បញ្ជាក់បាន​ទៀតថា តើ​សត្វ​នេះ​បានធ្វើ​សំបុក​នៅទីណា​មួយ​ក្នុង​តំបន់​នេះ ហើយ​មាន​ញាស់​កូន​ដែរ​ឬ​អត់ នោះឡើយ​»​។ អ្នកវិទ្យាសាស្ត្រ​រូបនេះ​បាន​បន្ថែមថា​៖ «​គំហើញ​នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ស្រែ​ពក​ពេលនេះ​ពិតជា​ផ្តល់នូវ​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស និង​ការពារ​ការរស់រានរ​បស់​សត្វ​នេះ​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា ដែល​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល​»​។

ការរស់រាន​របស់​កូន​ក្រពើ​ភ្នំ​ដែល​ទើបត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ពេលនេះ ព្រមទាំង​ការការពារ​ទីជម្រក​របស់​ពួកវា​ដោយ​សុវត្ថិ​ភាពល្អ ត្រូវបាន​ស្ថិតក្រោម​ការធានា និង​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ធ្វើការ​នៅក្នុង​តំបន់​ការពារ ក៏ដូចជា​ដោយមាន​ការចូលរួម​ក្នុងការ​ថែរក្សា​តំបន់ការពារធម្មជាតិ​ពី​សំណាក់​សហគមន៍​មូលដ្ឋាន​នៅ​ជុំវិញ​តំបន់​ការពារ ព្រមទាំង​ការអនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍ​ជីវភាព​របស់​សហគម​ន៍​ឲ្យ​បាន​ប្រសើរឡើង ដែល​ទាំងនេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល​វែង​រប​ស់​ក្រសួងបរិស្ថាន និង​អង្គការ​WWF​។

​ជាមួយគ្នានេះ លោក សេង ទៀក នាយក​អង្គការ​WWF​កម្ពុជា ក៏បាន​មានប្រសាសន៍ថា​៖ «​យើង​ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ និង​អភិរក្ស​បន្ថែមទៀត ដោយ​ផ្តល់​អាទិភាព​លើ​ការស្វែងរក​នូវ​ដំណោះស្រាយ​សមស្រប និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​គាំទ្រ​ដល់​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការការពារ​ធនធាន​ស​ត្វ​ព្រៃ ហើយ​ស្របពេល​ជាមួយគ្នា​នោះដែរ បន្ត​អំពាវនាវ​ឱ្យ​ចាត់​នូវ​វិធានការ និង​វិធីសាស្ត្រ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ដើម្បី​គ្រប់គ្រង ប្រើប្រាស់ និង​ចាត់ចែង​ធនធានធម្មជាតិ​»​។ លោក​បាន​បន្ថែមថា​៖ «​គំហើញ​នាពេលនេះ បាន​បង្ហាញថា​ការស្តារ​ចំនួន​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ឲ្យ​ប្រសើរ​ឡើងវិញ​គឺជា​លទ្ធភាព​ដែល​គេ​អាចធ្វើ​ទៅបាន ដោយ​បង្កើន​កិច្ចសហការ​រួមគ្នា ដើម្បី​រៀបចំឡើង​ឲ្យ​មាននូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដូចជា ការការពារ​ទីជម្រក ការធានា​ការផ្គត់ផ្គង់​ចំណីអាហារ និង​ទឹក​តាមបែប​ធម្មជាតិ ដែលជា​សុទ្ធសឹង​ជា​កត្តា​ផ្តល់​អំណោយផល​ដល់​ការរស់រាន​របស់​សត្វ​ក្រពើ​ភ្នំ និង​ប្រភេទ​សត្វ​ដទៃ​ជាច្រើន​ទៀត​ដែល​កំពុង​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​កម្ពុជា​នេះ​»​។​

​ក្រសួងបរិស្ថាន និង​អង្គការ​WWF នឹង​បន្ត​តាមដាន​ស្ថានភាព​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ស្រែ​ពក​តទៅ​បន្ថែមទៀត និង​ពង្រឹង​វិធានការ​ការពារ​ទីជម្រក​របស់​សត្វ​នេះ​ពី​ការគំរាមកំហែង​ផ្សេងៗ មានដូចជា​ការទន្ទ្រាន​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ទៀត​ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ការចុះ​ល្បាត​ជាប្រចាំ​តាម​គ្រប់​មធ្យោបាយ​ទាំង​ក្នុង​និង​ក្រៅ​តំបន់ការពារធម្មជាតិ​។ ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាត់វិធានការ​រួមគ្នា​ជាបន្ទាន់​បន្ថែមទៀត​សម្រាប់​ការការពារ​និង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​ដើម្បីឱ្យ​សត្វ​កម្រ​នៅលើ​ពិភពលោក​នេះ​ជៀស​ផុតពី​ការ​ផុត​ពូជ និង​ដាក់ចេញ​នូវ​វិធីសាស្ត្រ​នានា​ដើម្បី​ធានា​ឱ្យ​សត្វ​នេះ​មាន​ចំនួន​កើន​ឡើងវិញ​សម្រាប់​គាំទ្រ​ការរស់រាន​របស់​វាត​ទៅ​អនាគត​។ ក្រសួងបរិស្ថាន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​អង្គការ​អន្ដរជាតិ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន និង​បណ្តា​ដៃគូ​ដទៃទៀត ដើម្បី​ការពារ និង​ថែរក្សា​ធនធាន​ព្រៃឈើ និង​មរតក​ធនធាន​សត្វព្រៃ​របស់​កម្ពុជា ដើម្បី​ផ្តល់​ជា​ប្រយោជន៍​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង​ដល់​ប្រជាជន​ជំនាន់​នេះ និង​ជំនាន់​តទៅ​អនាគត​។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​នេះ​ឱ្យបាន​គង់វង្ស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម