ព័ត៌មានជាតិ
ពលរដ្ឋជាប់សែចិនសម្រុកទិញជ្រូកខ្វៃសែន ខណៈអ្នកលក់ខ្លះធ្វើលែងទាន់បដិសេធការកុម្ម៉ង់
អ្នកលក់ជ្រូកខ្វៃមួយចំនួន បានបដិសេធក្នុងការទទួលកម្មង់ខ្វៃជ្រូកនៅថ្ងៃនេះ ដោយសារការកម្មង់មានចំនួនច្រើន ធ្វើមិនទាន់ឲ្យអតិថិជន ខណៈដែលកូនខ្មែរជាប់សែស្រឡាយចិន រៀបចំពិធីសែន ជ្រូក មាន់ ទាខ្វៃយ៉ាងច្រើនកុះករ។

អ្នកខ្វៃជ្រូកលក់ នៅរាជធានីភ្នំពេញ បានអះអាងថា ឆ្នាំនេះ តម្រូវការជ្រូកខ្វៃមានការកើនឡើងខ្ពស់។ អ្នកស្រី ធូ សុភាព ម្ចាស់ហាងជ្រូកខ្វៃចិនខ្មៅ បានប្រាប់កម្ពុជាថ្មីថា ថ្ងៃសែនចូលឆ្នាំចិន ឆ្នាំនេះ មានអ្នកកម្មង់ជ្រូកខ្វៃយកទៅសែនចំនួន ៥០០ ទៅ ៦០០ក្បាល រយៈពេល២ថ្ងៃ គឺថ្ងៃទី ៣០-៣១ ខែមករា នេះ។ អ្នកស្រីបន្តថា ជ្រូកខ្វៃដែលពេញនិយម សម្រាប់សែនចូលឆ្នាំចិន មានទម្ងន់ក្រោម ១៣គីឡូក្រាម ក្នុងនោះ ទំហំពី ៤-៥គីឡូ មានការកម្មង់ទិញច្រើនជាងគេ។

ចំពោះតម្លៃអ្នកស្រី សុភាព បានឲ្យដឹងថា ជ្រូកខ្វៃទម្ងន់ ១គីឡូ តម្លៃ ៦៥,០០០រៀល។ ប៉ុន្តែចាប់ពីទម្ងន់៨-១៣ គីឡូក្រាម ម៉ៅក្នុងតម្លៃ ៦២ម៉ឺន ទៅ ៦៣ម៉ឺនរៀល ក្នុង១ក្បាល។ សព្វថ្ងៃអ្នកស្រីលក់ជ្រូកខ្វៃក្នុង១ថ្ងៃពី ១៥ក្បាល ទៅ ២០ក្បាល នៅផ្សារអូឬស្សី។
អ្នកស្រី ធូ សុភាព បានរំឮកថា កាលពីឆ្នាំ ២០២១ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ទីផ្សារជ្រូកខ្វៃធ្លាក់ចុះខ្លាំង ពោលគឺរដូវកាលចូលឆ្នាំចិន លក់ចេញបានតែ ១០០ក្បាល ទៅ ២០០ក្បាលប៉ុណ្ណោះ។
ដោយឡែកអ្នកទទួលខ្វៃជ្រូកលក់មួយចំនួនទៀត បានបដិសេធការកម្មង់របស់អតិថជិន ដោយសារការបញ្ជាទិញមានចំនួនច្រើន ធ្វើមិនទាន់ឲ្យអតិថិជនក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ទៅ។ នៅក្នុងពិធីនេះ ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែរៀបចំគ្រឿងរណ្តាប់សែនព្រេនជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតាកុងម៉ា ក្នុងនោះ មានការរៀបចំសែនបាយសម្ល មីឆា មាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ដុតសែន និងម្ហូបច្រើនមុខទៀត ទៅតាមគ្រួសារនីមួយៗ ហើយអ្វីដែលគេមិនសូវរំលងបាននោះគឺ «ជ្រូកខ្វៃ»។

បើតាមលោក លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិន នៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បានប្រាប់ព័ត៌មានក្នុងស្រុកថា ការសែនជ្រូកខ្វៃ គឺតំណាងឲ្យការរកស៊ីមានបាន ហូបឆ្អែត ហូបឆ្ងាញ់ និងគេងលក់ស្រួល ជាអ្វីដែលមនុស្សប្រាថ្នាចង់បាន។ នេះហើយដែលប្រជាជនចិន គិតថា នៅពេលដែលចូលឆ្នាំចិន សែនជ្រូកខ្វៃនឹងទទួលបានអ្វីដែលល្អៗ។ លោកបន្តថា ការសែនក៏ត្រូវតែរៀបចំឲ្យបានត្រឹមត្រូវ ពោលគឺក្បាលជ្រូក ត្រូវតែបែរចូលផ្ទះ រីឯកន្ទុយបែរចេញទៅខាងក្រៅ។ លោកថា « ជ្រូកប្រើច្រមុះរបស់វាដើម្បីកាយដី ឬកាយអ្វីមួយ… ដូច្នេះប្រជាជនចិនមានទស្សនថា នៅពេលប្រើជ្រូកយកទៅសែនចូលឆ្នាំចិន នឹងអាចនាំលាភ នាំជ័យ នាំមាស នាំប្រាក់នាំសំណាងចូលក្នុងផ្ទះយើង»។
ចំណែកកន្ទុយរបស់វា ចួលចិត្តបក់រុយ ឬបក់អ្វីដែលមិនល្អ ដូច្នេះគេយល់ឃើញថា អ្វីដែលមិនល្អ សំណាងអាក្រក់ ឧបសគ្គនានា កន្ទុយជ្រូកនេះ ជួយបក់ឲ្យចេញពីផ្ទះយើងតែម្តង៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


