Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ជា សុផារ៉ា ពី​អភិបាល​ក្រុង​ភ្នំ​ពេញ​ក្លាយ​ជា​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ដែនដី

បានផុស

នៅ

ឯកឧត្តម​ ជា សុផារ៉ា ជាមន្រ្តីលេចធ្លោ​មួយ​រូប​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋ​ចាប់ផ្តើម​ស្គាល់​មន្រ្តី​រូប​នេះ ក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​ក្រុង​ភ្នំពេញកាលពីជាង ២០ ឆ្នាំមុន​ ដែល​បាន​សាងភាព​លេចធ្លោ​តាម​រយៈ​ស្នាដៃ​អភិវឌ្ឍទីក្រុង និង​ការដោះស្រាយ​បញ្ហា​របស់ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

ក្រោយ​បញ្ចប់តួនាទីជា​អភិបាល​ក្រុង​ភ្នំពេញ​ លោកបាន​ផ្លាស់ប្តូរ​តួនាទីជា​បន្ត​បន្ទាប់​ ជា​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅប្រទេស​មីយ៉ាន់ម៉ា ជា​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍ​ជបនបទ និង​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារភាព

ឯកឧត្តម ជា សុផារ៉ា បាន​ចាប់​កំណើត​នៅ​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ១៩៥៣ នៅ​ភូមិ​រការខ្នុរ ឃុំ​រការខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម។ ក្រោយ​ពី​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​បត្រភាគ ២ នៅឆ្នាំ១៩៧៤ នៅ​វិទ្យាល័យ ១៨ មីនា លោក​បាន​ចុះ​ឈ្មោះ​ចូលរៀន នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ។

នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឯកឧត្តម និង លោកជំទាវ ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយ​ថ្ងៃ​រំដោះ ៧ ​មករា ១៩៧៩ ឯកឧត្តម​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​នយោបាយ​ជាច្រើន ដូចជា​វគ្គ​សិក្សា​នយោបាយ​ជំនាន់ទី១ នៅ​សាលា​នយោបាយ​រដ្ឋធានី វគ្គ​សិក្សា​នយោបាយ​បច្ចេកទេស សាលា​រដ្ឋបាល​នីតិសាស្ត្រ​ជំនាន់ទី២ វគ្គ​សិក្សា​ទ្រឹស្ដី​នយោបាយ ជំនាន់​ទី៤ នៅ​សាលា​ង្វៀង​អាយគួក ទី៧ ទីក្រុង​ហូជីមិញ សាធារណរដ្ឋសង្គម​និយម​វៀតណាម។

បទពិសោធន៍ការងារ

ឯកឧត្តម បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋនៅ​ថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ១៩៧៩ និង​បាន​កាន់​តំណែង​ក្នុងរដ្ឋបាល​ដែនដី និងតំណែង​នយោបាយ​ដូច​ខាងក្រោម៖

-អនុ​ប្រធាន​តំបន់ ៤ ក្រុងភ្នំពេញ (១៩៧៩ – ១៩៨១)
– អនុប្រធាន​គណៈកម្មការ​ប្រជាជន​សង្កាត់លេខ៤ ក្រុងភ្នំពេញ (១៩៨១ – ១៩៨៥)
– ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខណ្ឌ​ទួលគោក (១៩៨៥ – ១៩៨៨)
-អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ភ្នំពេញ (១៩៨៨-១៩៩៣)
-អភិបាលរង​រាជធានី​ភ្នំពេញ (១៩៩៣ – ១៩៩៥)
-អភិបាលរងទី១ រាជធានី​ភ្នំពេញ (១៩៩៥ – ១៩៩៩)
-ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ (១៩៩៩)
-ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អភិបាល​រាជធានីភ្នំពេញ (១៩៩៩ – ២០០៣)
-ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហភាព​មីយ៉ាន់ម៉ា (២០០៣)
-ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា (២០០៣ – ២០០៤)
– រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ (២០០៤ – ២០០៨)
– រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ (២០០៨ – ខែមេសា ២០១៦)
– ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ខែមេសា ២០១៦ ខែកញ្ញា ២០១៨)
– ឧនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​ប្រធាន​អាជ្ញាធរជាតិដោះស្រាយ​វិវាទ​ដីធ្លី និង​ជា​សមាជិករដ្ឋសភា (ខែកញ្ញា ២០១៨ – បច្ចុប្បន្ន)។

ឯកឧត្តមមាន​ឋានន្តរសក្ដិ​ឧត្តម​មន្ត្រីថ្នាក់លេខ១ (ឆ្នាំ ២០០៨ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ និង​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ជាតូបការ (ឆ្នាំ២០១៣)។

ឯកឧត្តម ជា សុផារ៉ា បាន​ចូល​ជាសមាជិក​គណបក្សប្រជាជនកម្ពុជា នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៨៤ និង​បាន​ជាប់ឆ្នោត​ជា​សមាជិក​គណៈម្មាធិការ​គណបក្សប្រជាជនកម្ពុជា នៅក្នុង​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទួទាំង​ប្រទេស​របស់​គណបក្ស​នៅ​ថ្ងៃទី ២១ – ២៧ ខែមករា ឆ្នាំ១៩៩៧។

ពីឆ្នាំ ១៩៨៤ ដល់ ២០០៣ ឯកឧត្តម​បាន​បំពេញ​ការងារ​និង​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។ នៅឆ្នាំ២០០៤ ឯកឧត្តម ត្រូវ​បាន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា ចាត់តាំង​ជាអនុប្រធានទី១ ក្រុមការងារ​គណៈកម្មាធិការ​កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម និង​ទទួលភារកិច្ចបន្ថែម​ជាបន្តបន្ទាប់ ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ក្រូចឆ្មារ (ឆ្នាំ២០០៤) ស្រុក​មេមត់ (ឆ្នាំ២០០៦) ស្រុក​ត្បូងឃ្មុំ (ឆ្នាំ២០០៦) និង ក្រុងសួង (ឆ្នាំ២០០៩)។

នៅ​ឆ្នាំ២០០៨ ក្រោយ​ពី​ឯកឧត្តម ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ឯកឧត្តម​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រើសរើស​ចូល​ក្នុងគណៈរដ្ឋមន្ត្រី​នីតីកាលទី៤ នៃ​រដ្ឋសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ។ គណៈ​អចិន្ត្រៃយ៍ គណៈកម្មការ​កណ្តាល​ក៏​បាន​ផ្ទេរ​ភារកិច្ច​ឯកឧត្តម​ពី​អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​មក​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

នៅឆ្នាំ​២០១៣ ឯកឧត្តម​បាន​ជាប់ឆ្នោត​ជាតំណាងរាស្ត្រ​មណ្ឌលកំពង់ចាមជាថ្មី និង​ត្រូវបាន​តែងតាំង​បន្ត​ជា​រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ នៃ​រាជរដ្ឋាភិបាល​នីតិកាលទី៥ នៃរដ្ឋសភា។ នៅ​ខែ​មេសា ឆ្នាំ​២០១៦ ឯកឧត្ដម​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្សក្រសួង​។ នៅ​ឆ្នាំ ២០១៨ ឯកឧត្តម​បាន​ជាប់​ឆ្នោត ជា​តំណាង​រាស្ត្រ​មណ្ឌលត្បូងឃ្មុំ សម្រាប់នីតិកាលទី៦ នៃ​រដ្ឋសភា និង​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បន្ត​និង​ជា​ប្រធាន​អាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់ដីធ្លី។

នៅ​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្ដម​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី ៤១ អាណត្តិ​ទី ៥ បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល។

ចំណង់ចំណូល​ចិត្តលើ​វិស័យកីឡា

ឯកឧត្តម​ឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលចិត្ត​លេង​កីឡា​ប៉េតង់ និងកីឡាវាយកូនហ្គោល។

ក្រុម​គ្រួសារ​គ្រួសារ​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ តាន់ ម៉ាលី និង​មាន​បុត្រា​បុត្រី ៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម