ព័ត៌មានជាតិ
រដ្ឋមន្ដ្រីអប់រំ ជំរុញឲ្យមន្ទីរអប់រំបង្កើតបណ្ណាល័យបន្ថែម ដើម្បីលើកកម្ពស់ការអានរបស់កុមារ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវរៀបចំបង្កើតបណ្ណាល័យ នៅតាមសាលារៀនដែលមិនទាន់មាន ដើម្បីលើកម្ពស់ការអានរបស់កុមារ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះដែរ ត្រូវពង្រឹងដំណើរការបណ្ណាល័យចំពោះសាលារៀន ដែលមានបណ្ណាល័យរួចហើយ ស្របតាមសេចក្តីណែនាំប្រតិបត្តិ ស្តីពី ស្តង់ដាបណ្ណាល័យបឋមសិក្សា។
ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវីត ក្នុងសង្គមឌីជីថល» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ លោករដ្ឋមន្ត្រី បានណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, កម្រងសាលារៀន, និងគ្រឹះស្ថានបឋមសិក្សាទូទាំងប្រទេស ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តកញ្ចប់ សម្ភារៈអំណានថ្នាក់ដំបូង តាមរយៈការរៀបចំវគ្គបំប៉នដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សាគរុកោសល្យ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណែកលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី ១ និងទី ២ ទាំងអស់ ត្រូវចូលរួមអនុវត្ត “កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង។ តាមរយៈការចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង, មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ, និងធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារៈ និងវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង តាមរយៈវីដេអូបង្រៀន ដែលក្រសួងបានផលិត និងផ្តល់ជូននាពេលកន្លងមក ព្រមទាំងអាចទាញយក កញ្ចប់សម្ភារៈអំណាន និងវីដេអូការបង្រៀនពី ក្នុងគេហទំព័រនិង App ផ្លូវការនានារបស់ក្រសួង។
ទន្ទឹមនឹងនេះ ត្រូវចូលរួមបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពជាប្រចាំ និងសហការជាមួយទីប្រឹក្សាគរុកោសល្យ ដើម្បីកែលម្អសកម្មភាពបង្រៀន និងរៀន និងការគ្រប់គ្រងថ្នាក់រៀន ឲ្យកាន់តែមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រី បានបន្តទៀតថា រីឯមាតាបិតា អ្នកអាណាព្យាបាលសូមចូលរួមតាមដានលទ្ធផលសិក្សា , អត្តចរិត, សីលធម៌, សុជីវធម៌របស់កូន នៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ព្រមទាំងជួយបង្រៀន កូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូន បានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូន ជាដើម។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា,ទិញកញ្ចប់សម្ភារៈអំណាន ឲ្យកូនបានហ្វឹកហាត់ នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ, ថវិកា, ដល់ដំណើរការបណ្ណាល័យ នៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន ជាដើម។
លោក រដ្ឋមន្ត្រីបានបន្ថែមថា កន្លងមកក្រសួង បានផលិតកញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូងដែលរួមមាន៖ សៀវភៅណែនាំគ្រូ, សៀវភៅជំនួយសិស្ស, បណ្ណអក្សរ-រូបភាព, សៀវភៅហ្វឹកហាត់សរសេរ, និងសៀវភៅរឿងខ្លីៗ ជាដើម។ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រកាសដាក់ឲ្យអនុវត្ត «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» នៅទូទាំងប្រទេស ព្រមទាំងបានដាក់បញ្ចូល ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


