ព័ត៌មានជាតិ
អ្នកនយោបាយ ស្នើអាជ្ញាធរបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងបឹងទន្លេសាបឲ្យបានជាប្រចាំ
អ្នកនយោបាយមើលឃើញថា អាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បានចុះបង្ក្រាបជាបន្តបន្ទាប់នូវបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប បន្ទាប់ពីទទួលបានបទបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែអ្នកនយោបាយទាំងនោះ បានស្នើដល់អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ត្រូវបន្តចុះបង្ក្រាបបទល្មើសនេះឲ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការបាត់បង់ធនធានត្រី ក្នុងបឹងដ៏មួយនេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែមីនានេះថា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចេញបញ្ជាដល់អាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប បង្ក្រាបបទល្មើសនេសាទខុសច្បាប់នោះមក លោកសង្កេតឃើញថាអាជ្ញាធរតាមបណ្ដាទាំងនោះ បានខិតខំបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់។

ក៏ប៉ុន្តែអ្នកយោបាយរូបនេះ បានស្នើដល់អាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក៏ដូចជាបទល្មើសផ្សេងទៀតជាប្រចាំ ដោយមិនត្រូវធ្វើឡើងដូចភ្លើងចំបើងនោះទេ។ លោក ពេជ្រ ស្រស់ បានបន្ថែមថា «អញ្ចឹងសុំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ទាំងអស់ ឃ្លាំមើលបទល្មើសនានាក្នុងបឹងទន្លេសាប ហើយទប់ស្កាត់ឲ្យទាន់ពេលវេលា កុំចាំតែថ្នាក់លើដាក់បញ្ជាទើបនាំគ្នាធ្វើ អាហ្នឹងគឺអ្វីៗវាយឺតពេលហើយ»។
លោកផ្ដល់យោបល់ថា អាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប គួរតែបង្កើតប៉ុស្ដិ៍យាម និងក្រុមការងារឃ្លាំមើលជាប្រចាំ ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យធនធានត្រីនៅបឹងទន្លេសាប មានកើនឡើងវិញ សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយបរិភោគ។ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងដែរថា «បើសិនជាយើងរួមគ្នាថែរក្សា រួមគ្នាការពារ គឺមានត្រីហូបទាំងអស់គ្នា បើយើងមិនរួមគ្នាថែរក្សា មិនរួមគ្នាការពារទេ អាហ្នឹងគឺយើងអត់អីហូបទាំងអស់គ្នា ប៉ុន្តែអ្នកដែលត្រូវធ្វើឲ្យជាប់លាប់ គឺអាជ្ញាធរនេះឯង»។
ចំណែកឯលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងដែរថា ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិចលោកសូមស្វាគមន៍ និងសាទរចំពោះការដាក់បទបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលឲ្យអាជ្ញាធរខេត្ត និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក៏ដូចជាបទល្មើសកាប់បំផ្លាញព្រៃលិចទឹក និងរុករានយកដីព្រៃជុំវិញបឹងទន្លេសាបផងដែរ។

លោក ញឿន រ៉ាដែន បានបន្ថែមថា នេះជាការយកចិត្តទុកដាក់ របស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់បឹងទន្លេសាបនេះ ដែលជាជម្រកត្រីពង និងកន្លែងផ្គត់ផ្គង់ត្រីដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានលើកឡើងដែរថា «ខ្ញុំគិតថាអាជ្ញាធរ ជាពិសេសក្រសួងពាក់ព័ន្ធ មន្ត្រីគ្រប់ជំនាញគួរតែបន្តនូវសកម្មភាព ជាពិសេសការអនុវត្តច្បាប់ ដែលច្បាប់យើងបានចែងយ៉ាងច្បាស់ហើយថា មានតួនាទី និងការបែងចែកភារកិច្ចហ្នឹងគឺទៅតាមក្រសួង ក៏ដូចជាតាមស្ថាប័ន»។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកប្រតិបត្តិការបង្ក្រាប បទល្មើលនេសាទខុសច្បាប់នៅបឹងទន្លេសាប ដើម្បីការពារធនធានត្រីឲ្យមានកំណើនឡើងវិញ។
បន្ទាប់ពីទទួលបានបទបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីរួចមក គឺសង្កេតឃើញថា អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បានចុះបង្ក្រាបជាបន្តបន្ទាប់នូវបទល្មើសនេសាទខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បានដាក់ចេញនូវផែនការមួយចំនួនផងដែរ ដើម្បីបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនេះ ឲ្យមានប្រសិទ្ធ ភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


