Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ណែនាំឱ្យដំឡើងប្រាក់បៀវត្សរ៍បន្ទាន់​​ដល់មន្រ្តីចូលនិវត្តន៍​មានប្រាក់ខែទាប​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ធ្វើកិច្ចការបន្ទាន់មួយ គឺរកវិធីដំឡើងបៀវត្សសម្រាប់អតីតយុទ្ធជន និងមន្រ្តីចូលនិវត្តន៍មុន ដែលមានប្រាក់ខែទាប ត្រូវឡើងប្រាក់បៀរវត្សឱ្យបានលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត សម្តេច បានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ឱ្យបន្ថែមថវិកា ពីលើថវិកាបម្រុងក្នុងមួយឆ្នាំ ៣០ពាន់លានរៀលកន្លងមក ដើម្បីរុញកិច្ចការងារនេះឱ្យបានលឿន ជាពិសេសមន្រ្តីដែលមានប្រាក់ខែទាប។

ជាមួយគ្នានេះ សម្តេចក៏បានប្រាប់ឱ្យមានការរក្សាគម្លាតប្រាក់បៀវត្សរវាងមន្រ្តីចូលនិវត្តន៍មុន និងមន្រ្តីចូលនិវត្តន៍ក្រោយ កុំឱ្យឆ្ងាយគ្នាពេក។

សម្តេចថ្លែងដូច្នេះថា« ឧទាហរណ៍ អ្នកចូលនិវត្តន៍ក្នុងពេលដែលគាត់មានប្រាក់ខែត្រឹមតែ​​ ៦០ម៉ឺនរៀល ដល់ពេលចូលនិវត្តន៍ប្រាក់ខែគាត់នៅសល់តែ ៤០ម៉ឺនរៀល ដល់អ្នកចូលនិវត្តន៍ក្រោយប្រាក់ខែគាត់ ១លានរៀល ពេលចូលនិវត្តន៍ប្រាក់ខែគាត់ ៨០ម៉ឺនរៀល អ៊ីចឹងវាមានគម្លាតគ្នា រវាងអ្នកចូលនិវត្តន៍មុន និងក្រោយ»។

ដើម្បីរក្សាគម្លាតនេះឱ្យស្ថិតនៅក្បែរគ្នា ក្រសួងសេដ្ឋកិច្ចបានអនុវត្តគោលនយោបាយ​បន្ថយគម្លាតរវាងអ្នកមុន និងអ្នកក្រោយ ឱ្យបានឡើងដល់ ៦៤ម៉ឺនរៀល សម្រាប់អ្នកចូលនិវត្តន៍មុន ខណៈមន្រ្តីចូលនិវត្តន៍ក្រោយ ៨០ម៉ឺនរៀល។ សម្តេចគូសបញ្ជាក់ថា« យើងរុញតែបន្តិចទៀត វានឹងក្បែរគ្នាហើយ…ទាំងយុទ្ធជន កងទ័ព នគរបាល ទាំងមន្រ្តីរាជការស៊ីវិល ដែលនេះជាកម្មវិធីមួយដោះស្រាយបញ្ហាសម្រាប់ការលំបាក»។

ជាមួយគ្នានេះ សម្តេចក៏សូមអភ័យទោសពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលរយៈពេល២ឆ្នាំហើយ មិនបានដំឡើងបៀវត្ស ដោយសារវិបត្តិកូវីដ។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី អះអាងថា ប្រសិនបើផលប៉ះពាល់បណ្តាលមកពីវិបត្តិកូវីដ-១៩ និងជម្លោះនៅរុស្ស៊ី អ៊ុយក្រែនមិនធំហួស លទ្ធភាពនៃការដំឡើងបៀវត្សដល់មន្រ្តីរាជការ នៅឆ្នាំ ២០២៣ នឹងកើតមានឡើង។

ការលើកឡើងរបស់សម្តេចតេជោ នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម