Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍​កងទ័ព​ជប៉ុន​ សន្យា​ចូលរួម​ចំណែក​ជួយពង្រឹង​សមត្ថភាព​របស់​កងទ័ព​ជើងគោក​កម្ពុជា

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ពជើង​គោក កាលពីរសៀលថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២២ បានទទួលជួបពិភាក្សា​ការងារជាមួយ​នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យ​ការ​ពារជប៉ុន ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំង​ស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនៅទីបញ្ជា​ការកងទ័ព​ជើង​គោក។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់​ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវ​ការរបស់​នាយឧត្តម​សេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវ​សន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់​ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យ​ការពារជាតិទ្វេភាគី​ឱ្យកាន់តែរីក​ចម្រើន​រឹងមាំ។ 

ទន្ទឹមគ្នានេះ លោកក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព និងកិច្ច​សហប្រតិ​បត្តិការ​យោធាជាមួយគ្រប់បណ្តា​ប្រទេសជាមិត្តរួម​ទាំងប្រទេស​ជប៉ុនផ្ទាល់​ នៅក្នុងការចូលរួម​ចំណែក​ដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រ​ជាជន និងប្រជាជន។

ក្នុងន័យនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួន​ជានិច្ច​ក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាពិសេសការជំរុញឱ្យ​មាន​ទំនាក់ទំនងជាក់ស្តែងរវាងអង្គភាព និងអង្គភាព តាមរយៈសកម្មភាពមួយចំនួនដូចជា៖ ការហ្វឹកហ្វឺន​បណ្តុះ បណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធន៍ និងលំហាត់រួមជាដើម។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង​អំណរ​គុណ​ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្តដ៏ល្អរហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ, ការស្វែង រកសន្តិភាព និងដំណើការកសាង និងអភិវឌ្ឍ​កម្ពុជាក្រោយសម័យសង្គ្រាម។

នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញ​ទស្សនកិច្ចនៅ​កម្ពុជា ដែលនេះគឺជាការ សម្រេចតាមបំណងប្រាថ្នាដែលបានគិត ទុកជាយូរមកហើយ និងស្រប​ពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកយ៉ាងសកម្មផងដែរ។ 

តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោកក៏បានសម្តែងនូវការវាយ​តម្លៃខ្ពស់ចំ​ពោះ​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរព​គ្នាទៅវិញ​ទៅ​មកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកង​កម្លាំងស្វ័យការពារជប៉ុន លោកក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការ​ក្រៅប្រទេស​លើកទី១ របស់កងម្លាំងស្វ័យការពារ​ជប៉ុនក្នុងក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ។​

ដោយក្នុងនេះមានការរៀបចំកម្មវិធីមួយចំនួនដូជា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និង ពិធី​ប្រារព្ធខួបដោយមានការចូលរួមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចូលចតនា​វាកង​កម្លាំង​ស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ចនៅកំពង់ផែយោធារាម កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះជាដើម៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម