Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសស្វីស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ​ប្រទេសស្វីស។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្ដេច នឹងជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋខ្មែរ​ រស់នៅទីនោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី ១៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅវេលាម៉ោង ១និង ៣០រំលងអាធ្រាត ឈានចូលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ខាងមុខនេះ សម្ដេច នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកា​សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែល​កំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្ដេច ទៅកាន់តំបន់អឺរ៉ុបនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «តាមការគ្រោងទុក ខ្ញុំនឹងជួបបងប្អូនខ្មែរយើ​ង​នៅសូរិក ប្រទេសស្វីស នៅល្ងាចថ្ងៃទី ២១ ឧសភា ២០២២។ សូមជំរាបលា បងប្អូនជនរួមជាតិ នៅក្នុងប្រទេសមួយរយៈខ្លី ហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុប ក្នុងពេលប៉ុន្មាន ៦០​ម៉ោងទៀត»។

ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ១៩ ខែឧសភានេះ បានសេចក្ដីប្រកាសព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ រួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកប​ដោយអត្ថន័យខ្លឹមសារ នៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេស នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាល ជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម