ព័ត៌មានជាតិ
អ្នកវិភាគសង្គម៖ មានឧកញ៉ាច្រើន ជារឿងល្អ បើសិនពួកគេធ្វើតែរឿងសុចរិត
នៅកម្ពុជា គោរមងារឧកញ៉ា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានឧកញ៉ាខ្លះ បានជួយឧបត្ថម្ភជូនរដ្ឋ និងជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើក្នុងស្រុកដោយសុចរិត។ អ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា មើលឃើញថា ការមានឧកញ៉ាច្រើន វាជារឿងល្អ។ ល្អ បើសិនជាពួកគេធ្វើអំពើ ឬរកស៊ីតាមគន្លងសុចរិតនោះ។ ប៉ុន្តែ បើពួកគេឆ្លៀតយកងារនេះទៅរកស៊ីក្នុងអំពើខុសច្បាប់វិញ វានឹងនាំឱ្យគុណតម្លៃឧកញ៉ានៅស្រុកខ្មែរមានការធ្លាក់ចុះមិនខាន។

លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កាលដែលកម្ពុជាមានឧកញ៉ា ឬ អ្នកមានទ្រព្យសម្បិត្តច្រើននៅក្នុងប្រទេស គឺជារឿងមួយគួរឱ្យសោមនស្ស និងស្ងប់ស្ងែង ដែលពួកគាត់បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន និងមានទឹកចិត្តជួយអភិវឌ្ឍន៍ ស្ថាបនាប្រទេសឱ្យមានភាពល្អប្រសើរជាងមុន។ ប៉ុន្តែ ទន្ទឹមនឹងការរីកចម្រើននេះ លោកបណ្ឌិត ឈត ប៊ុនថង ថា ក៏អាចមានក្តីវិនាសដល់ប្រទេសផងដែរ ប្រសិនបើឧកញ៉ា អ្នកឧកញ៉ាមួយចំនួន ប្រព្រឹត្តនូវអំពើអបាយមុខដូចជា កាប់បំផ្លាញព្រៃឈើ ឬកេងប្រវ័ញ្ចផ្សេងៗ។
លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ៖ «ខ្ញុំពិតជាសរសើរដែលអស់លោក លោកស្រី បានយកទ្រព្យសម្បត្តិខ្លួនមកជួយជាតិ នេះបានបង្ហាញពីថា ពលរដ្ឋយើងជួយគ្នា។ មួយវិញទៀត សូមឱ្យឧកញ៉ាទាំងអស់រកស៊ីដោយសុចរិត និងជួយរិះរកវិធី ក៏ដូចជាពិភាក្សាគ្នាក្នុងការស្វែងរកទីផ្សារការងារដល់ប្រជាជនខ្មែរដែលខ្វះខាត អាចឱ្យគាត់ធ្វើការបាននៅក្នុងស្រុកដោយមិនបាច់ចំណាកស្រុកទៅថៃ ឬ កូរ៉េឡើយ»។

ចំណែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមវិញ បានកត់សម្គាល់ឃើញថា ទោះបីគោរមងារឧកញ៉ា មានការកើនឡើងច្រើនមែន ប៉ុន្តែគុណតម្លៃរបស់ឧកញ៉ាហាក់មានភាពអន់ថយដោយសារទិដ្ឋភាពមួយចំនួន។ ទី១ គឺនាសម័យមុនមិនកំណត់ ទាល់តែអ្នកមានទ្រព្យជួយរដ្ឋនោះទេទើបបានងារជាឧកញ៉ា ឱ្យតែមន្រ្តីនោះខំធ្វើកិច្ចការងាររាជការនឹងទទួលបានងារនេះ ខុសពីសម័យឥឡូវ។ ទី២ គឺទ្រព្យសម្បត្តិដែលមានមុននឹងក្លាយជាឧកញ៉ា មិនសូវដឹងពីប្រភពច្បាស់លាស់ថា បានមកពីណាឱ្យប្រាកដ ដែលជួនកាល ក៏ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ឧកញ៉ាទូទៅដែលមានភាពត្រឹមត្រូវ។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានមានប្រសាសន៍ថា៖ «វាជារឿងល្អមួយដែលសង្គមខ្មែរ មានអ្នកមានទ្រព្យ សម្បត្តិច្រើន ព្រោះសង្គមមួយរីកសម្រើន ប្រជាជនមានសិទ្ធសេរីភាពក្នុងការរកស៊ីទទួលទាន ដែលប្រកបដោយគន្លងធម៌ មានដោយធម៌ បានដោយធម៌»។

គួរបញ្ជាក់ថា គោរមងារឧកញ៉ា ត្រូវបានប្រទានដោយព្រះមហាក្សត្រ បន្ទាប់ពីបុគ្គលនោះ ជួយសាងសង់ ឬ ឧបត្ថម្ភលើផ្នែកផ្សេងៗដល់រដ្ឋក្នុងតម្លៃ ៥០ម៉ឺនដុល្លារ (អនុក្រឹត្យថ្មី ចេញឆ្នាំ២០១៧ ។ គិតតាំងពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២០ កម្ពុជា មានឧកញ៉ា អ្នកឧកញ៉ា សរុប ១០៧០នាក់ មកហើយ ប៉ុន្តែ កម្ពុជានៅមិនទាន់មានងារ លោកអ្នកឧកញ៉ា នៅឡើយទេ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


