ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា សហការជាមួយ ក្រុមហ៊ុន Western Union Network (Ireland) Ltd. ដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈអេស៊ីលីដាម៉ូបាល
ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈថា ធនាគារ អេស៊ីលីដា បានសហការជាមួយក្រុមហ៊ុន វ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង ២០០ ប្រទេសនៅទូទាំងសកលលោក។

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដល់ក្រុមគ្រួសារនៅក្រៅប្រទេសបានគ្រប់ពេលវេលា ដោយពួកគាត់អាចធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ អេស៊ីលីដា ឬ គណនីវ៉លឡេតរបស់ពួកគេ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ (Money Transfer Control Number “MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនីវ៉លឡេត អេស៊ីលីដា”។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែងសាច់ប្រាក់របស់ពួកគាត់តាមមធ្យោបាយដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។
លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា “ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។ ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។
គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ ១ (វិទ្យាស្ថាន ពាណិជ្ជសាស្ត្រអេស៊ីលីដា ២) (អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) (ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤ លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២២ នេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


