ព័ត៌មានជាតិ
ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ប្រវែងជាង ៥ ម៉ែត្រ នឹងត្រូវយកទៅតម្កល់នៅប្រាសាទបន្ទាយឆ្មារ
ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈប្រវែងជិត ៦ ម៉ែត្រ និងកម្ពស់ជិត ៣ ម៉ែត្រ នឹងត្រូវដង្ហែចេញពីសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ទៅតម្កល់នៅប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខ នេះបើយោងតាមកម្មវិធីដែលទទួលបាន។

កម្មវិធីដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះ សហការរៀបចំដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី។
បើតាមកម្មវិធីដែលយើងទទួលបាន នៅថ្ងៃសុក្រ ទី ២៩ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ៧ និង៣ ០ នាទីដល់ម៉ោង ៨ ព្រឹក ពិធីក្រុងពាលី និងបួងសួងនៅបរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ។ ម៉ោង ២ និង ៣០ នាទីរសៀល និមន្តព្រះសង្ឃ សមាទានសីល និងចំរើនព្រះបរិត្ត នៅរោងបុណ្យមុខសារមនី្ទរជាតិ។ ម៉ោង ៣ និង ៣០ នាទីរសៀល សម្ដែងធម្មទេសនាគ្រែពីរ ដោយសម្តេចព្រះឧត្តមចរិយាបណ្ឌិត លីង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។ ម៉ោង៥ រសៀល ពិសាអាហារសាមគ្គី (មន្ត្រីសារមន្ទីរជាតិ និងភ្ញៀវកិត្តិយស)។ នៅថ្ងៃសៅរ៍ទី ៣០ ខែកក្កដា ឆ្នាំ ២០២២ ម៉ោង ៣ ទៀបភ្លឺ ដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ទាក់ទងបញ្ហានេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីនាព្រឹកនេះថា ផ្ទាំងរូបដែលត្រូវដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មារនេះ គឺជាផ្ទាំងរូបដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ពីព្រោះរូបនេះត្រូវបានលួចចេញទៅក្រៅប្រទេស ហើយតាមកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០០០ ថៃបានផ្ដល់មកឲ្យកម្ពុជាវិញ ដែលមានចំនួន ៩៩ ដុំ ហើយផ្គុំឡើងបានជារូបព្រះលោកេស្វរៈនេះ តម្កល់ទុកនៅសារមន្ទីរជាតិ ផ្នែកសាលពិព័រណ៍។
ទាក់ទងទៅនឹងវិស័យវប្បធម៌នេះដែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ក្រៅពីថវិការបស់ជាតិ ក្រសួងតែងតែស្វែងរកកិច្ចសហការពីដៃគូជាតិ អន្តរជាតិ ដើម្បីជួសជុល ថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ទាំងប្រាសាទ ទាំងព្រះវិហារជាដើម ហើយប្រាសាទបន្ទាយឆ្មានេះ ក៏បានទទួលដៃគូជាតិ គឺលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានជួយធ្វើការជួសជុលថែទាំ ហើយនៅពេលធ្វើការជួសជុលនោះ ក៏បាត់ផ្ទាំងរូបមួយចំណែក (ដែលជាចំណែកកំពុងតែរក្សាទុកនៅសារមន្ទីរជាតិ និងហែទៅថ្ងៃទី ៣០ខាងមុខ) ដូច្នេះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សម្រេចឱ្យយកផ្ទាំងសិលា ដែលតម្កល់ទុកនៅសារមន្ទីរជាតិនេះ យកទៅដាក់នៅកន្លែងដើមវិញ។
បើតាមលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ នៅពេលដែលភាគីខាងថៃប្រគល់មកឲ្យកម្ពុជាវិញនោះ កម្ពុជាយើងមិនបានយកទៅតម្កល់នៅប្រាសាទបន្ទាយឆ្មាវិញនោះទេ ដោយសារតែបញ្ហាសុវត្ថិភាព អសន្តិសុខ ដូច្នេះការដង្ហែត្រឡប់ទៅវិញនាពេលនេះ គឺជាការបង្ហាញពីសុខសន្តិភាព ស្ថិរភាពសង្គម ដែលយើងត្រូវនាំយកផ្ទាំងរូបនេះទៅតម្កល់នៅកន្លែងដើមវិញ។

បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងវប្បធម៌រូបនោះបញ្ជាក់ដែរថា ការដង្ហែផ្ទាំងរូបព្រះលោកេស្វរៈនេះ ទៅដាក់កន្លែងដើមវិញ គឺហាក់ដូចជាភ្ជាប់ព្រលឹងឡើងវិញ។ មានន័យថា អ្វីដែលបាត់បង់យើងឲ្យវិលទៅកន្លែងដើមវិញ គឺដូចជាបាត់ព្រលឹង បាត់ដងខ្លួន យើងភ្ជាប់គ្នាឡើងវិញ ដែលនេះ គឺជាទិដ្ឋភាពសង្គម ហើយជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ចំណែកលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិបានថ្លែងប្រាប់កម្ពុជាថ្មីដែរថា ទផ្ទាំងរូបនោះ គឺជាផ្ទាំងចម្លាក់នោះ មិនមែនជារូបដាច់ពីគ្នាទេ ជារូបចម្លាក់កាឡោនទាបរបស់ថែវនៅប្រាសាទបន្ទាយឆ្មា ប៉ុន្តែរូបនេះបានបាត់នៅពេលដែលប្រទេសយើង មានបញ្ហាអសន្តិសុខក្រោយសង្គ្រាម ត្រូវបានលួចនាំចេញទៅក្រៅប្រទេស ហើយនៅឆ្នាំ ២០០០ ក្រោយពីមានការទាមទារ មានការចរចាជាមួយភាគីថៃ គេក៏បានប្រគល់មកឲ្យកម្ពុជាវិញ ហើយតាំងពីពេលនោះមក យើងបានយកមកតម្កល់នៅសារមន្ទីរជាតិ។

លោក ឆាយ វិសុទ្ធ ឲ្យដឹងដែរថា ដោយសានៅប្រាសាទបន្ទាយឆ្មា មានការជួសជុល ហើយនៅពេលដំឡើងរូបឡើងវិញ ក៏នៅសល់ពីរប្រឡោះ ដោយសារបាត់ផ្ទាំងរូបចម្លាក់ ទើបក្រុមការងារសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងវប្បធម៌នាំយករូបនេះ ក៏ទៅដាក់នៅកន្លែងដើមវិញ ហើយនោះក៏ដូចជាការភ្ជាប់ដងខ្លួន ភ្ជាប់ព្រលឹងឡើងវិញផងដែរ។ លោកថា ផ្ទាំងចម្លាក់នេះ ផ្គុំឡើងដោយសិលាចំនួន៩៩ដុំ មានប្រវែង ៥,៥៣ ម៉ែត្រ កម្ពស់ ២,៨៣ ម៉ែត្រ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ