ព័ត៌មានជាតិ
លោក Antony J. Blinken នឹងមកកម្ពុជារយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមប្រជុំនៅរាជធានីភ្នំពេញ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក-អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដំណើមកចូលរួមប្រជុំនេះ ធ្វើឡើងរយៈពេល៣ ថ្ងៃដោយចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ នេះបើយោងតាមការឲ្យដឹងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ស្ថានទូតបានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងអាស៊ាន ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោក Antony J. Blinken នឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅពេលស្នាក់នៅប្រទេសកម្ពុជា លោក Antony J. Blinken ក៏នឹងជួបទ្វេភាគីផងដែរ ជាមួយសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ ទំនងទ្វេភាគីជាមួយកម្ពុជា ។
កម្ពុជាក្នុងនាមប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក ៣ លើកទី ២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី ២៩ (29th ASEAN Regional Forum) ចាប់ពីថ្ងៃទី ៣១ ខែកក្កដា រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
បើតាមក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងមានការចូលរួមរហូតដល់ទៅដល់៣៨ ប្រទេស (៣៩ ទាំងកម្ពុជា) ក្នុងនោះ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសធំៗ ដូចជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក (លោក Antony Blinken), រដ្ឋមន្ត្រីការបរទេសចិន (លោក Wang Yi), រដ្ឋមន្ត្រីការបរទេសរុស្ស៊ី (លោក Sergei Lavrov), រដ្ឋមន្ត្រីការបរទេសជប៉ុន (លោក Hayashi Yoshimasa), រដ្ឋមន្ត្រីការបរទេសឥណ្ឌា (លោក S. Jaishankar) និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (លោក Penny Wong) ក៏នឹងអញ្ជើញមកចូលរួមផងដែរ។
បើតាមលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានកិច្ចប្រជុំរវាងអាស៊ាន និងចក្រភពអង់គ្លេស ដែលជាដៃគូរបស់អាស៊ានលើកទី ១ បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបមក។ ក្រៅពីនេះ អាស៊ានក៏មានប្រទេសចំនួន ៦ ដែលនឹងចុះហត្ថលេខាក្លាយទៅជាភាគី នៃសន្ធិសញ្ញាមិត្ដភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ ចំពោះប្រទេសទាំង ៦ នោះ គឺមានប្រទេស៣ មកពីមជ្ឈិមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសអូម៉ង់ និងប្រទេសកាតា ហើយប្រទេស៣ទៀត មកពីអឺរ៉ុប រួមមាន ប្រទេសក្រិច ប្រទេសហូឡង់ និងដាណឺម៉ាក។
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឲ្យដឹងដែរថា ប្រទេសអ៊ុយក្រែនក៏បានសំណូមពរចង់ចូលរួមជាភាគីជាមួយអាស៊ានដែរ តែដោយសារដាក់ ពាក្យយឺត ដូច្នេះវាយតម្លៃនៃការចូលរួមរបស់អ៊ុយក្រែន ធ្វើមិនទាន់នោះទេ ប៉ុន្តែតាមរយៈការពិភាក្សាជាមួយអគ្គលេខា ធិការអាស៊ាន ប្រទេសអ៊ុយក្រែន អាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឆ្នាំក្រោយ។
ចំណែកលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំខាងលើនេះ តាមកម្មវិធី នៅថ្ងៃទី ៣០ និង ៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី ០១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេស ចាប់ផ្តើមនៅថ្ងៃទី ០២ ខែសីហា។
សូមបញ្ជាក់ថា AMM ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកក បន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ