Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ៖ ការរៀនជំនាញបច្ចេកទេសនៅកម្ពុជា នៅមានកម្រិតមិនទាន់ឆ្លើយតបទីផ្សារការងារនៅឡើយ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចុះឈ្មោះចូលរៀនផ្នែកជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមានកម្រិត និងមិនទាន់ឆ្លើយតបសម្រាប់ផ្គត់ផ្គងកម្លាំងពលកម្មជំនាញទៅតាមតម្រូវការទីផ្សារនៅឡើយ ខណៈបច្ចុប្បន្នមានសិស្ស និស្សិតកំពុងសិក្សាជំនាញនេះប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីលទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍុជាតិកម្ពុជានៅព្រឹកថ្ងៃទី៤ ខែសីហា នៅសណ្ឋាគារសាន់វ៉េ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ការរៀនជំនាញបច្ចេកទេសនៅមានកម្រិតនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺគ្រប់ប្រទេសទាំងអស់អ្នកដែលចុះឈ្មោះចូលរៀននៅប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស គឺមានអត្រាទាប និងគ្រប់កន្លែងទាំងអស់ព្រោះថា ជំនាញទាំងនេះតាំងពីដើមមកចិត្តសាស្ត្ររបស់សង្គមយើងគេតែងតែគិតថា ការងារធ្វើដោយដៃ ដូចជាជាងសំណង់ និងជួសជុលរថយន្តជាដើម គេមិនសូវជាឱ្យតម្លៃច្រើនទេ។

លោកបណ្ឌិតបានបន្ថែមថា «សួរថា ក្នុងគ្រួសារមួយមានលទ្ធភាពតើនរណាចង់បញ្ជួនកូនទៅរៀននៅធីវ៉េតអត់ទេ គេ
ឱ្យទៅរៀននៅមហាវិទ្យាល័យ សាកលវិទ្យាល័យ។ ដូច្នេះអ្នកដែលរៀននៅក្នុងធីវ៉េតភាគច្រើនបងប្អូនយើងដែលមួយចំនួនមិនមានលទ្ធភាពរៀនទៅលើបានដោយសារបញ្ហាសេដ្ឋកិច្ច បញ្ហាជួយគ្រួសារ ពេលចប់មធ្យមសិក្សាបឋមភូមិត្រូវចេញធ្វើការដើម្បីជួយឪពុកម្តាយ។ អីចឹងទេ មានតែអ្នកទាំងអស់នោះទេចូលរៀននៅធីវ៉េត»។

លោកបណ្ឌិតបញ្ជាក់ទៀតថា សព្វថ្ងៃជួបការលំបាកប៉ុណ្ណឹងតែទៅថ្ងៃអនាគតជួបការលំបាកជាងនឹងទៅទៀតដោយ​សារ​វិបត្តិនានាដូចជាជំងឺកូវីដ១៩ សង្គ្រាមរុស្សី អ៊ុយក្រែន ធ្វើឱ្យស្បៀងអាហារឡើងថ្លៃ ថាមពលឡើងថ្លៃ ធ្វើឱ្យគ្រួសារក្រីក្រកាន់តែច្រើន។ ដូច្នេះបើគ្រួសារក្រីក្រពួកគាត់មិនបញ្ជួនកូនចៅមករៀននោះទេ ដែលនឹងធ្វើឱ្យអត្រាចុះឈ្មោះចូលរៀនក្នុង​វិស័យធីវ៉េតកាន់តែថយចុះថែមទៀត។

លោកបណ្ឌិតបានបន្ថែមថា ការទទួលបានការអប់រំតិចតួចក្នុងចំណោមយុវជនដែលកំពុងធ្វើការងារកំពុងជួបប្រទះការប្រឈមទាក់ទងនឹងការវិវត្តពីការអប់រំកម្រិតបឋមទៅកាន់មធ្យមសិក្សាដែលមានគុណភាពទាប បង្កឱ្យមានភាពមិនស៊ីគ្នាខ្លាំងនៃជំនាញទាំងប្រភេទ និងកម្រិតនៃជំនាញកម្លាំងពលកម្មដែលពួកគាត់មាននិងជំនាញដែលនិយោជកចង់បាន។

លោកបណ្ឌិតបានបញ្ជាក់ថា «តែយើងបានត្រៀមទុកប៉ាន់ប្រមាណមើលដែរដូច្នេះយើងនឹងធ្វើឱ្យបព័ន្ធធីវ៉េតយើងកាន់តែទន់សភ្លន់ដោយសិស្សនិស្សិតមិនចាំចាប់រៀននៅសាលាទេ ដោយអាចរៀនពីចម្ងាយតាមអនឡាញបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

យ៉ាងណាក៏ដោយ លោកបណ្ឌិតបានបន្តទៀតថា មានប្រទេសជឿនលឿនមួយចំនួនមានសិស្សនិស្សិតចូលរៀនច្រើន
ដោយសាររដ្ឋាភិបាលមានគោលនយោបាយ និងការវិនិយោគច្រើន ។ លោកបណ្ឌិតបានបន្ថែមទៀតថា វិស័យធីវ៉េតនេះគឺជាផ្លូវ ឬជាមាគ៌ាមួយដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្របានយ៉ាងខ្លីនិងឆាប់រហ័សតាមរយៈការរៀនជំនាញខ្លីៗនិងជំនាញវែង។

ពាក់ព័ន្ធនឹងសិក្ខាសាលាវិញ លោក ថង សាម៉ុន ទីប្រឹក្សាអមក្រសួងនិងជាអគ្គនាយករង អប់រំបណ្តុះបណ្តាលបច្ចេក​ទេស និងវិជ្ជាជីវៈ និងជាប្រធានសម្របសម្រួលគម្រោង ធីវ៉េត អេសឌីភី (TVETSDP) បានបញ្ជាក់ថាលទ្ធផល​អង្កេត​​វាស់វែងជំនាញ ដែលត្រូវបង្ហាញនៅក្នុងសិក្ខាសាលានេះផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤ រួមមាន៖

មេកានិករថយន្ត, សំណង់,អគ្គិសនី, និងវិស័យកម្មន្តសាល ដើម្បីផលិតកម្លាំងពលកម្មជំនាញឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

គួរបញ្ជាក់ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទទួលការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គភាពសម្របសម្រួលគម្រោង
ក្នុងគោលបំណងដើម្បីសិក្សាឱ្យដឹងច្បាស់ពីស្ថានភាពការងាររួមទាំងផលិតភាពការងាររបស់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា និងប្រតិសកម្ម(Feedback) ពីនិយោជកដើម្បីជាមូលដ្ឋានយកទៅរៀបចំផែនការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន
និងពេលអនាគត ទាំងក្នុងស្រុក និងក្នុងតំបន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម