Connect with us

ព័ត៌មានជាតិ

កំហុសធំ ២ លោក ហ៊ុន ម៉ានី ធ្លាប់ធ្វើឱ្យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាត់បង់ទំនុកចិត្ត

បានផុស

នៅ

លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកកំពុងបំពេញតួនាទីសំខាន់នៅជួរគណៈបក្សប្រជាជនកម្ពុជា និងជួររដ្ឋាភិបាល ដោយលោកត្រូវបានសាធារណជនស្គាល់ និងមានប្រជាប្រិយភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាធារណជនទូទៅធ្លាប់តែឃើញពីភាពជោគជ័យរបស់លោក ហ៊ុន ម៉ានី ក្នុងនាមលោកជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជានាំកម្ពុជាទទួលបាន ការបំបែកឯតទគ្គកម្មពិភពលោកដូចជា នំអន្សមយក្សទម្ងន់ ៤០៤០ គីឡូក្រាម, យុវជន ២០១៥ នាក់រាំចង្វាក់ម៉ាឌីហ្ស៊ុន, ក្រមាវែងជាងគេលើពិភពលោក ប្រវែង ១១៤៩,៨ ម៉ែត្រ, ទូកង វែងជាងគេលើពិភពលោក ប្រវែង ៨៧,៣០ ម៉ែត្រ ជាដើម។

នៅពេលនេះ “កម្ពុជាថ្មី” នឹងបង្ហាញរឿងដែលសាធារណជនមិនដែលដឹង នោះគឺជា កំហុសធំពីររបស់លោក ហ៊ុន ម៉ានី ដែលលោកធ្លាប់សាងរហូតធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន បាត់បង់ទំនុកចិត្តចំពោះលោកអស់រយៈពេល ៣ ឆ្នាំ។

ឆ្លើយតបសំណួរនៅក្នុង កិច្ចពិភាក្សា ស្ដីពី “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” នៅខេត្តសៀមរាប កាលពីពេលថ្មីនេះៗ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា អ្វី​​ដែលរៀនសូត្របានច្រើន និងលឿនបំផុត គឺ រៀនពីបរាជ័យ។ លោក ហ៊ុន ម៉ានី បានរម្លឹកថា ពេលលោកចូលធ្វើការនៅខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីដំបូង ការងាររបស់លោកមានតែ ២ ទេ ទីមួយជាអ្នកកាន់ឯកសារ និងទី២ ធ្វើជាអ្នកដាស់នាយករដ្ឋមន្ត្រី ដែលមើលទៅហាក់ដូចជា ការកាន់កាតាប ជាការងារគឺស្រួល ប៉ុន្តែគឺជាការងារហ្វឹកហាត់សមត្ថភាពខ្លាំង។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “ខ្ញុំសូមលើកឧទាហរណ៍ ការប្រជុំក្រៅប្រទេស ដូចជាកិច្ចប្រជុំអាស៊ាន។ ការប្រជុំអាស៊ានអត់មានមួយទេ មានកិច្ចប្រជុំអាស៊ានរួម កិច្ចប្រជុំអាស៊ានដៃគូ កិច្ចប្រជុំទ្វេភាគីជាដើម ដែលកាតាបតែមួយ ត្រូវមានឯកសារប្រជុំទាំងអស់។ ក្នុងនាម​ជាអ្នកកាន់កាតាប កាន់ឯកសារ ​អត់អាចមានពេល ៥ នាទី ពេលគាត់ (សម្ដេចតេជោ នាយករដ្ឋមន្ត្រី) ចង់បានឯកសារពាក់ព័ន្ធការប្រជុំណាមួយឡើយ”។

លោក ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា៖ “អ៊ីចឹង ពេលយើងអង្គុយក្នុងឡាន មានកាតាបយើងផង មានកាតាបគាត់ផង ក្នុងរយៈពេលដ៏ខ្លីបំផុត ត្រូវទាញកាតាបមក បើរួចស្រេចហើយ ដឹងថាឯកសារណានៅទីណាក្នុងចំណោមឯកសារដទៃ ហើយបើកទំព័រឱ្យត្រូវក្នុងរយៈពេលដ៏ខ្លី ព្រោះថា សម្ពាធធំជាងគេពេលធ្វើការជាមួយគាត់ ពុកជាមនុស្សមានវិន័យ និងរបៀបរបបធ្វើការ គាត់មិនត្រឹមតែប្រើពាក្យច្បាស់លាស់ទេ គាត់ប្រើពាក្យប្រាកដប្រជា ហើយប្រកដប្រជានេះ ក្នុងនាមជាលេខាកាន់កាតាបក៏ត្រូវប្រាកដប្រជា”។

លោក ហ៊ុន ម៉ានី បានចែករំលែក កំហុស ២ ចំណុច ទី១ ​គឺពេលវេលាចេញទៅធ្វើការ។ លោកបញ្ជាក់ថា ការចូលរួមកិច្ចប្រជុំនានា ឬជួបជាមួយប្រជាជន លោកត្រូវធ្វើដំណើរជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី។ កម្មវិធីចាប់ផ្ដើមម៉ោង ៨ កន្លះ ហើយត្រូវធ្វើដំណើរ កន្លះម៉ោង ប៉ុន្តែសម្ដេចតេជោ ចេញដំណើរតាំងពីម៉ោង ៧ កន្លះ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “តែចាប់ផ្ដើម [ការងារ] មុនដំបូង ខ្ញុំអត់ដឹង។ អាក់ខានពីរដង​ លើកទី១ អាក់ខានតែម្ដង​ អត់បានទៅ លើកទី២ ជិះទៅដល់កម្មវិធីហើយ អត់ហ៊ានចូល ពុកអត់មានប្រសាសន៍អីមួយម៉ាត់។ ថ្ងៃមួយ ចូលក្នុងឡាន គាត់និយាយថា៖ “អ្ហែង ខ្វែងពីរដង”។ ពាក្យថាខ្វែង ២ ដង ខ្ញុំយល់ច្បាស់ថា អត់អាចមានខ្វែងលើកទី ៣ ទេ។ ហើយពាក់ព័ន្ធថាទៅដល់ហើយ ម៉េចអត់ចូលរួមកម្មវិធី? នៅលើឆាកសម្ដេចនាយករដ្ឋមន្ត្រី មានពាក្យស្លោកមួយឃ្លាថា “ទៅយឺត គ្រាន់បើជាងមិនទៅ”។ វិធីសាស្ត្របង្រៀនរបស់ពុកខ្លី អត់ដែលណែនាំអីយូរទេ”។

លោក ហ៊ុន ម៉ានី បានឱ្យដឹងបន្ថែមថា ពីមុនលោកអត់ដឹងទេ ទើបក្រោយមកលោកដឹងថា សម្ដេចតេជោ មានទម្លាប់តេស្តកូន។ ដោយសារលោក ហ៊ុន ម៉ានី រៀនទំនាក់ទំនងការបរទេស សម្ដេចតេជោ បានឱ្យលោកសិក្សាពីប្រទេសជាមិត្តមួយ ដោយសុំមិនបញ្ចេញឈ្មោះ ដែលប្រទេសនោះអាចមានវិបត្តិផ្ទៃក្នុង។

លោក ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា៖ “សុំបញ្ជាក់ថា ជំនាន់នោះមិនមែនមានអ៊ិនធឺណេតក្នុងទូរសព្ទ ឬគ្រប់ផ្ទះដូចសព្វថ្ងៃទេ។ កំហុសធំរបស់ខ្ញុំជាងគេ ក្រោយពេលរៀនចប់​ គឺអត់បានសិក្សាស្រាវជ្រា​វ។ គាត់ (សម្ដេចតេជោ) ឱ្យរយៈពេលប្រហែលកន្លះខែ។ ពេលនៅតុបាយគាត់សួរថា ឥឡូវរឿងហ្នឹង យ៉ាងម៉េចហើយ? តើអ្នកណាក្នុងចំណោមប៉ុន្មាននាក់ហ្នឹងត្រូវឡើង? ខ្ញុំឆ្លើយថា មិនដឹងមួយណានឹងឡើងទេ តែប្រហែលជាម្នាក់នេះនឹងឡើង។ គាត់អត់និយាយអីមួយម៉ាត់ គាត់ពិសាបាយឡើងលឿន ហើយដើរចេញ”។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា៖ “បន្ទាប់មក ម៉ែ ក៏និយាយថា ក្នុងចំណោម ៣ នាក់ ដែល នី (ហ៊ុន ម៉ានី) បាននិយាយមិញ ឧទាហរណ៍ក្នុងចំណោម ៣ នាក់ ខ្ញុំថា មានប្រុស តែមិនដឹងប្រុសមួយណាឡើង គាត់ (ម៉ែ) ថា ឯងមានដឹងទេ គេមានកូនប្រុសតែម្នាក់។ ៣ ឆ្នាំ​ ជំនឿទុកចិត្តបានបាត់បង់ ដោយសារចម្លើយរបស់ខ្ញុំគ្មានទំនួលខុសត្រូវនេះ”។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា បាត់បង់ទំនុកចិត្តនោះ គឺការវិភាគ គំនិតរបស់លោកលើកឡើងយ៉ាងណាក៏ដោយ គឺសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅយកថ្លឹងថ្លែងបន្តទៀត ដោយមិនមែនយោគយល់ជាឪពុកកូន ហើយទោសអាចធូរស្រាលទេ។ លោក ហ៊ុន ម៉ានី ត្រូវខំប្រឹងប្រែងរយៈពេល ៣ ឆ្នាំ ដើម្បីស្ដារឱ្យមានជំនឿជាក់ឡើងវិញ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “ក្រោយមក ខ្ញុំបានវិភាគលើកំហុសខ្លួនឯង ដោយសារខ្ញុំមិនបានសិក្សាស៊ីជម្រៅ គ្មានភាពប្រាកដប្រជាទៅលើព័ត៌មាន ខ្ញុំហ៊ានឱ្យយោបល់ទៅថ្នាក់ដឹកនាំជាន់ខ្ពស់ដោយមិនមានភាពច្បាស់លាស់ ហើយអាចនាំឱ្យគាត់ធ្វើការវិនិច្ឆ័យ និងសម្រេចចិត្តខុស ជាហានិភ័យធំ។ នេះហើយជាកំហុសដ៏ធំបំផុតរបស់ខ្ញុំ។ តាំងពីពេលនោះមក [ខ្ញុំ]​​ រៀនសូត្រ​ (កែកំហុស) បានលឿន មុនរាយការណ៍ត្រូវគិតគូរ។ រាយការណ៍ជាមួយពុក សរសេរសារ ប្រហែល ៥ ដង [ទើបបញ្ជូន]”។

គួររម្លឹកថា លោក ហ៊ុន ម៉ានី បានបង្ហាញខ្លួនជាជំនួយការថ្មី របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីឆ្នាំ ២០០៨។ លោកតែងមានវត្តមាននៅពីក្រោយនាយករដ្ឋមន្ត្រីឥតដាច់ ទាំងកម្មវិធីក្នុងប្រទេស និងដំណើរទស្សនកិច្ចក្រៅប្រទេស។ បច្ចុប្បន្ន លោកជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា, ជាអគ្គលេខាធិការនៃគណៈចលនា មហាជនរបស់គណបក្សប្រជាជនកម្ពុជា, ជាប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា, ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាចលនា យុវជនដ៏ធំនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម