Connect with us

ព័ត៌មានជាតិ

មកដឹងប្រវត្តិសិក្សា និងបទពិសោធការងារកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន សុទ្ធតែខ្លាំងៗដូចគ្នា

បានផុស

នៅ

រយៈពេលជាង ៥ឆ្នាំកន្លងមកហើយដែលសម្តេច​វិបុល​បញ្ញា សុខ អាន អតីតឥស្សរជនដ៏ឆ្នើមរបស់កម្ពុជា បានទទួល មរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។ បើទោះបីជាសម្ដេចវិបុលបញ្ញា សុខ អាន បានលាចាកលោកនេះយ៉ាង ណាក្ដី ប៉ុន្តែលោកបានបន្សល់ទុកអ្នកបន្តវេនចំនួន ៤រូប សុទ្ធសឹងតែមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ជ្រៅជ្រះ ហើយកំពុងកាន់តួនាទី និងមុខតំណែងនានានៅក្នុងជួររាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

តើអ្នកបន្តវេននៃសម្ដេចវិបុលបញ្ញា សុខ អាន ឆ្លងកាត់ការសិក្សាបែបណាដែរ? ហើយមានបទពិសោធការងារអ្វីខ្លះ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតអំពីការសិក្សា និងបទពិសោធការងាររបស់អ្នកបន្តវេន ទាំង ៤រូបនេះដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/. លោក សុខ ពុទ្ធីវុធ ៖

លោក គឺជាយុវជនម្នាក់ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិកចាប់ពីកម្រិតវិទ្យាល័យដោយនៅឆ្នាំ១៩៩៣ លោករៀននៅវិទ្យាល័យ Richmond រដ្ឋ Virginia។ បន្ទាប់មក នៅក្នុងឆ្នាំ១៩៩៨ លោក បានបន្តការសិក្សានៅវិទ្យាស្ថានយោធារដ្ឋ Virginia ដោយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងធុរកិច្ច  និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅឆ្នាំ២០០២។ លោក សុខ ពុទ្ធីវុធ ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅ EUROMED ប្រទេសបារាំង។

ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំង គឺលោក សុខ ពុទ្ធីវុធ ធ្វើការនៅក្នុងធនាគារមួយនៅទីក្រុងឡុងដ៍ ចក្រភពអង់ គ្លេស ក្នុងឆ្នាំ២០០៤។ លុះនៅឆ្នាំ២០០៥ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើការផ្នែកគណនេយ្យជាមួយក្រុមហ៊ុនប្រេងក្នុងស្រុកមួយ គឺក្រុមហ៊ុនកម្ពុជាតេលា។ នៅឆ្នាំ២០១៤ លោក ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោក កាន់តំណែងជាអនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយនៅឆ្នាំ២០១៨ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងជារដ្ឋលេខាធិការ​នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បច្ចុប្បន្ន លោកក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវផងដែរ។

២/. លោក សុខ សូកាន ៖

លោក គឺជាអតីតនិស្សិតខ្មែរដែលសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅសាកល​វិទ្យាល័យ ​មែ​លប៊ន ប្រទេស អូស្ត្រាលី នៅឆ្នាំ២០០២-២០០៧។ លោក សុខ សូកាន ក៏មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរផងដែរ គឺអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យជាតិសិង្ហបុរី ក្នុងឆ្នាំ២០១០-២០១១ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងគោលនយោបាយ នៅ​សាកល​វិទ្យាល័យ Columbia ​សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១-២០១២។

សម្រាប់បទពិសោធការងារវិញ គឺកាលពី​ឆ្នាំ​២០១៣ លោក សុខ សូកាន ធ្លាប់បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​​។ តែការបោះឆ្នោតកាលណោះ លោក​មិន​ជាប់ឆ្នោត​ឡើយ​។​ លុះ​នៅ​ដើមឆ្នាំ​២០១៥ ទើបលោក​ចូលកាន់​តំណែង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជាប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក​ សូ ឃុន ​ដែល​បានទទួល​មរណភាព​​។ ក្នុងតួនាទីជាសមាជិករដ្ឋសភានេះ លោកកាន់តំណែងជាអនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា។ នៅចុងឆ្នាំ២០២០ លោកក៏ត្រូវផ្ទេរមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៣/. លោក សុខ សូកេន ៖

លោក ជាកូនប្រុសភ្លោះជាមួយនឹងលោក សុខ សូកាន។ សម្រាប់ការសិក្សា លោក សុខ សូកេន គឺលោកបញ្ចប់ថ្នាក់បណ្ឌិត​នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ឆ្នាំ២០១៥។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១៣ ទទួលសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល​សាធារណៈនៅសាលា លី ក្វាន់យូ  នៃសាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ នៅឆ្នាំ២០០៨ លោកទទួលបានវិញ្ញាបនបត្រអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបន​បត្រ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុពី​សាកល​វិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។ ឆ្នាំ២០០៣-២០០៧ លោកទទួលបានបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពី​សាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។

ចំពោះប្រវត្តិការងារ គឺលោកឆ្លងកាត់ការងារជាច្រើន ដូចជា នៅឆ្នាំ២០០៨-២០០៩ បម្រើការងារនៅ ក្រសួងពាណិជ្ជកម្ម ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ នៅឆ្នាំ២០១០ លោកផ្ទេរមកបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន(២០១៤-២០១៦)។ បន្ទាប់មក នៅឆ្នាំ២០១៦ លោកកាន់តំណែងជាអនុរដ្ឋលេលខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់ឆ្នាំ២០២០ ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន សសយក វិស័យការបរទេស។

៤/. លោក សុខ សង្វារ ៖

លោក សុខ សង្វារ កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោក ជាកូនប្រុសពៅ របស់សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ថេង អាយអាន្នី។ នៅឆ្នាំ១៩៩៨ លោក សុខ សង្វារ ត្រូវបានក្រុមគ្រួសារជញ្ជូនទៅរៀននៅប្រទេសបារាំង ដែលកាលណោះលោកទើបតែមានវ័យ ១១ឆ្នាំ ប៉ុណ្ណោះ។ ក្នុងរយៈពេលស្នាក់នៅ និងរៀនសូត្រនៅប្រទេសបារាំងនេះ លោក បានបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យ ឡឺសឺគ្រៃ (LE SEGRAIS) ទីក្រុងម៉ានឡាវ៉ាឡេ នៅឆ្នាំ២០០២ និងបញ្ចប់សញ្ញាបត្រមធ្យមទុតិយភូមិ ផ្នែកសេដ្ឋកិច្ច និងសង្គម ដោយទទួលបាននិទ្ទេសកត្តិយស ពីវិទ្យា ល័យ ស្តានីសឡាស (STANISLAS) ទីក្រុងប៉ារីស នៅឆ្នាំ២០០៥។ នៅឆ្នាំ២០០៥-២០០៨ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅវិទ្យាស្ថាន GLION និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ឆ្នាំ២០១២-២០១៣។

សម្រាប់បទពិសោធការងារវិញ លោក សុខ សង្វារ បម្រើការងារនៅក្នុងសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយនៅឆ្នាំ២០០៦ លោក បម្រើការងារនៅសណ្ឋាគារ RAFFLES ប្រទេសសឹង្ហបុរី និងនៅឆ្នាំ២០០៧ ផ្លាស់ប្ដូរទៅបម្រើការនៅសណ្ឋាគារ GRAND HYATT ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ក្រោយមក វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០០៨ គឺលោក សុខ សង្វារ ក៏ត្រូវបានតែងតាំងតួនាទីជាបន្ត បន្ទាប់នៅក្នុងកិច្ចការរដ្ឋ ដូចជា៖ ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍ នៃក្រសួងទេសចរណ៍ ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍ អង្គរ ឆ្នាំ២០១៥-២០២០ កាន់តំណែងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា និងនៅឆ្នាំ២០២០ ដល់ បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ ក្រៅប្រទេស។

ក្រៅពីនេះ លោក សុខ សង្វារ ក៏បានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ ICC Angkor និងមូនិធិបូជនីយដ្ឋានពិភពលោក ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម