ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “សម្ពោធដាក់អោយដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង អ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមជាមួយការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ការរៀបចំកម្មវិធីនេះឡើង ក្នុងន័យចូលរួមអនុវត្តន៍ ការដាក់ឲ្យប្រើប្រាស់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈ គ្មានជាតិសុរា យោងតាមប្រកាសលេខ ០១០ សហរ.ប្រក ស្តីពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសក្នុងស្រុក ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានស្ម័គ្រចិត្តធ្វើការដំឡើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គឺជាក្រុមហ៊ុនគំរូក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការដំឡើង។

លោក Chas GESCHKE អគ្គនាយក នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសបានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈថ្មីមួយ យើងមានចក្ខុវិស័យនិងការប្តេជ្ញាខ្ពស់ក្នុងការធ្វើ ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលឈានមុខក្នុងការអនុលោមតាមច្បាប់ដែលតម្រូវដោយរាជរដ្ឋាភិបាល និងធ្វើជាគំរូដ៏ល្អ ផងដែរ។ សូមបញ្ជាក់ថា ចាប់តាំងពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការប្រកាសនិងណែនាំឱ្យបំពាក់នូវឧបករណ៍ថ្មីនេះតាមបណ្តាក្រុមហ៊ុនសហគ្រាសផលិតភេសជ្ជៈទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានស្មារតី និងឆន្ទៈខ្ពស់បំផុតក្នុងការចូលរួមអនុវត្តច្បាប់នេះ ដើម្បីធ្វើជាក្រុមហ៊ុនផលិតភេសជ្ជៈគំរូឈានមុខគេតាំងពីការ ចាប់ផ្តើមមក។

ស្ថិតក្នុងពិធីសន្និសីទកាសែត លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា “ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្ត ការតម្លើងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក៏ដូចជាការចូលរួមពង្រឹងនូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈនៅកម្ពុជា”។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀបបានចែករំលែកដែរថា “សម្រាប់នាងខ្ញុំ ឈានចូលទីផ្សារក្នុងកាលៈទេសៈដែលកំពុងមានការប្រកួតប្រជែងខ្លាំង មិនមែនជារឿងងាយស្រួលនោះទេ យ៉ាងណាមិញនាងខ្ញុំសំលឹងឃើញឱកាសនៅមាន ដោយយើងយល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងជឿជាក់ថាអតិថិជនកំពុងរង់ចាំគាំទ្រនូវផលិតផលខ្មែរ ដែលមានគុណភាពពិតប្រាកដ ជាផលិតផលដែលធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពក្នុងការណែនាំដល់មនុស្សបន្ត” យ៉ាងណាមិញ ការដែលបង្កើតក្រុមហ៊ុននេះឡើង គឺនាងខ្ញុំបានគិតគូរយ៉ាងលំអិត និងច្បាស់លាស់ ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ពង្រីកវិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេសគឺបង្កើនការផលិតក្នុងស្រុកឲ្យកាន់តែរីកចម្រើន ក៏ដូចជាគោលបំណងចម្បងរបស់នាងខ្ញុំគឺចង់ចូលរួមចំណែកក្នុងការបង្កើតការងារដល់កូនខ្មែរឲ្យកាន់ច្រើន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម គង់ វិបុល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការនាំយក និងប្រគល់ជូន លិខិតសរសើរដល់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគំរូមួយក្នុងស្រុក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការស្ម័គ្រចិត្តធ្វើការតម្លើង ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។

ក្នុងនោះផងដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ថ្ងៃនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានសម្ពោធដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ នៅគ្រប់ខ្សែសង្វាក់ផលិតកម្ម នេះគឺជា ការចាប់ផ្តើមអនុវត្តរបស់ក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចនេះ បានឆ្លុះបញ្ចាំងអំពី អភិបាលកិច្ចសាជីវកម្ម ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដទៃទៀត ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈ គ្មានជាតិសុរា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ដែលជាក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក វិនិយោគដោយជនជាតិខ្មែរ ដែលបានកៀរគរទុនវិនិយោគក្នុងស្រុក មកវិនិយោគដើម្បីសាងសង់ និងរៀបចំដំណើរការផលិតស្រាបៀររបស់ខ្លួន ក្នុងអំឡុងពេល ដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ដោយមិនរាថយ បានសម្ពោធដាក់ឲ្យដំណើរការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។ លើសពីនេះឯកឧត្តម គង់ វិបុល ក៏បានកោតសរសើរផងដែរ ចំពោះទំនើបកម្មន័យក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ក៏ដូចជាគុណភាពខ្ពស់ ស្រាបៀរហនុមានដែលក្រុមហ៊ុនបានផលិត និងចែកចាយលើទីផ្សារនាពេលកន្លងទៅនេះ។

ឯកឧត្តម គង់ វិបុល បានបន្ដទៀតថា ពិតណាស់ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យដូចគ្នានេះ ក៍ដូចសហគ្រាសទូទៅ និងជាការរួមចំណែក មិនអាចខ្វះបាន ពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់ នៃ សេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួនជូនដល់ គណៈអធិបតី និងភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេស ដែលធ្វើអោយ ស្រាបៀរ ហនុមាន ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខរបស់ ស្រាបៀរ ហនុមាន ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកផលិតស្រាបៀរដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់លំដាប់ពិភពលោក។

ភ្ញៀវកិតិ្តយសដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាង ល្អឥតខ្ចោះនៃការផលិត ស្រាបៀរ ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ ដើម្បីធានាបាននូវគុណភាព មុននឹងចែកចាយទៅលើទីផ្សារ៕










-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


