ព័ត៌មានជាតិ
ករណីលិចទូក ១គ្រឿង នៅខេត្តព្រះសីហនុ ៖ មនុស្សប្រុសម្នាក់ទៀត ត្រូវបានជួយសង្រ្គោះ និងរកឃើញសាកសពស្ត្រីម្នាក់
អាជ្ញាធរខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជានេសាទថា មនុស្សប្រុសម្នាក់ទៀត ត្រូវបានជួយសង្រ្គោះ និងសាកសពអណ្ដែតទឹកម្នាក់ ភេទស្រី ក្នុងករណីលិចទូក ១គ្រឿង នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ដោយពួកគេទាំងនោះជាជនជាតិចិន។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅល្ងាចថ្ងៃសុក្រនេះថា នៅវេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ដោយទទួលបានព័ត៌មានពីប្រជានេសាទ បានរកឃើញមនុស្ស ១នាក់ ភេទប្រុស និងសាកសពអណ្ដែតទឹក ១នាក់ ភេទស្រី នៅត្រង់ចំណុចនិយាមកា 10°18’N 103°30‘E ។

លោកថា ចំពោះអ្នកដែលនៅរស់យកទៅប្រគល់ឲ្យ អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។ ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ធ្វើកោសល្យវិច័យ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា «តុល្យការចុងក្រោយ គិតត្រឹមម៉ោងនេះ ជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប ៤១នាក់ ជួយសង្គ្រោះបាន ២០នាក់ (ស្លាប់ ១នាក់) និងបាត់ខ្លួន ២១នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក។
សូមជម្រាបថា ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះថា កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ មានករណីលិចទូកចំនួន ១គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦ នាក់ និងមធ្យោបាយចំនួន ២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន ១៨នាក់។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងបន្តថា ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី ៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី ៣នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង ១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ២៣នាក់បន្តទៀត។ ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី។ ដោយឡែកទូករក្សាទុកនៅអង្គភាព។
សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសដល់ក្រុមជួយ សង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន ១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


