Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត បន្តជម្លៀសពលរដ្ឋរងគ្រោះទឹកជំនន់អូរព្រំដែន សរុប ១២១ គ្រួសារ

បានផុស

នៅ

អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្តជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់អូរព្រំដែន ទៅកាន់ទីទួលសុវត្ថិភាព សរុប ១២១ គ្រួសារ គ្រួសារក្នុងចំណោមជាង ២០០ គ្រួសារ ខណៈទឹកនៅតែបន្តហក់ឡើងជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ទឹកជំនន់បានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សរុបចំនួនជាង ២០០ ខ្នងផ្ទះ ក្នុងនោះពលរដ្ឋចំនួន ១២១ គ្រួសារ ហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព និងនៅប្រមាណជាមួយរយគ្រួសារទៀត ដោយសារផ្ទះពួកគាត់ខ្ពស់ ហើយមានអីវ៉ាន់ច្រើន។

លោក គាត ហ៊ុល បន្តថា ដើម្បីចូលរួមចំណែកជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារ និងកងកម្លាំងនគរបាល នាំយកសម្ភារៈ ស្បៀងអាហារជូនពួកគាត់ មិនថានៅតាមផ្ទះដែលកំពុងលិច ឬនៅទីទួលសុវត្ថភាព ដែលអំណោយទាំងនោះជាអំណោយរបស់នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានស្បៀងឡើយ។

លោក គាត ហ៊ុល បានឱ្យដឹងទៀតថា ស្ថានភាពទឹកជំនន់តាមអូរព្រំដែននៅតែបន្តឡើងម្តងមួយតឹក រហូតមកដល់ពេលនេះកន្លែងខ្លះទឹកឡើងជាងមួយម៉ែត្រ កន្លែងខ្លះមានជម្រៅជាងកន្លះម៉ែត្រ បើទឹកនៅតែបន្តឡើង នឹងជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាពបន្ថែមទៀត។ អាជ្ញារធរបានតាមដានស្ថានភាពទឹកជាប្រចាំ និងបានត្រៀមកម្លាំងជួយពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោងមកកាន់ទីទួលសុវត្ថិភាព។

ដោយឡែកចំពោះស្រុកថ្មពួក ជាស្រុកនៅជាប់ព្រំដែនថៃ ហើយត្រូវទឹកជំនន់ពីប្រទេសថៃបានជនលិចនៅពេលថ្មីៗនេះ លោក អែម សុខា អភិបាលស្រុថ្មពួក បានឱ្យដឹងថា មកដល់ថ្ងៃទី២ ខែតុលា ២០២២នេះ លោកបានតាមដានស្ថានភាព​ទឹកជំនន់ជាប់ជាប្រចាំ ជាពិសេសទឹកពីប្រទេសថៃ។ ប៉ុន្តែចំពោះស្ថានភាពទឹកមិនទាន់មានស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ ហើយផលប៉ះពាល់ក៏មិនទាន់ធ្ងន់ធ្ងរដែរ ដោយមានតែពីរបីគ្រួសារនៅទីទំនាបត្រូវបានទឹកលិចក្រោមផ្ទះហើយក្រុមការងារបានសម្របសម្រួលនាំយកអំណោយជូនពួកគាត់។ ពេលនេះទឹកបានស្រកបណ្តើរៗ។

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម