ព័ត៌មានជាតិ
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍៖ ភ្ញៀវទេសចរបរទេសមិនទៅទេ ប្រទេសស្មុគស្មាញ
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី៦ ខែតុលានេះថា ជាទូទៅភ្ញៀវទេសចរមិនទៅទេ កន្លែងណាដែលស្មុគស្មាញពេក។ លោកស្រី បញ្ជាក់បន្ថែមថា ដែលហៅថា ទេសចរណ៍ គឺគេដើរលេង ធ្វើម៉េចឱ្យអារម្មណ៍ស្រស់ស្រាយ កុំឱ្យសម្ពាធ។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “តែបើគេទៅហើយ គេមានសម្ពាធច្រើន គេអត់ទៅទេ គេជ្រើសរើសរកកន្លែងណាស្រួលៗ ងាយៗ គេចូលចិត្តអ៊ីចឹង។ ប្រទេសណាបើកទូលាយមុនគេ គេទៅប្រទេសហ្នឹងហើយ។ ទោះយ៉ាងណា យើងក៏នៅតែអនុវត្តក្រោមវិធានការបង្ការរបស់ក្រសួងសុខាភិបាលផងដែរ ទន្ទឹមពេលអ្នកផ្ដល់សេវាកម្មទេសចរណ៍ក្នុងស្រុក ក៏បានទទួលវ៉ាក់សាំងទាំងមូលដ្ឋាន និងជំរុញរួចហើយ”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះ យល់ថា ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាការណ៍ល្អសម្រាប់ភ្ញៀវ ដើម្បីកុំឱ្យភ្ញៀវមានសម្ពាធ ឬលំបាកក្នុងការបង្ហាញឯកសារនានា ដែលជួនកាលឯកសារអត់ដូចគ្នា ហើយកម្ពុជាអត់ទទួលស្គាល់ ដោយសារត្រូវការការចុះហត្ថលេខាលើលិខិតបញ្ជាក់នោះ។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍បន្តថា៖ “ជួនកាលប្រទេសនីមួយៗអត់ដូចគ្នា គឺគេគ្រាន់បញ្ជាក់ថា បានចាក់វ៉ាក់សាំងនៅថ្ងៃនេះ ថ្ងៃនោះ ដោយគេមិនមានចុះហត្ថលេខបញ្ជាក់អីច្រើន។ ប៉ុន្តែសម្រាប់កម្ពុជា ត្រូវការការចុះហត្ថលេខា ឬផ្ដិតមេដៃបញ្ជាក់ ធ្វើឱ្យមានការលំបាកដល់ភ្ញៀវដែលចុះចូលមកកម្ពុជា។ ជាពិសេសការបំពេញបែបបទសុខភាព នៅច្រកចេញចូលជាដើម ដែលភ្ញៀវមិនចូលចិត្ត ខណៈពួកគាត់ក៏មិនសុទ្ធតែចេះភាសាគោលៗដែលយើងដាក់ឱ្យបំពេញបែបបទនោះ។ បើកាលណា រដ្ឋាភិបាលតម្រូវបែបនោះហើយ មន្ត្រីប្រចាំការក៏ត្រូវតែអនុវត្ត និងតម្រូវឱ្យភ្ញៀវបំពេញទាល់តែគ្រប់លក្ខខណ្ឌ”។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ការដកចេញលក្ខខណ្ឌផ្សេងៗ គឺល្អសម្រាប់ភ្ញៀវគ្មានសម្ពាធអ្វី ជាការសម្របសម្រួលមួយដែលទេសចរអាចនឹកដល់ការចេញដំណើរថាចូលទៅប្រទេសណាស្រួល ដោយភ្ញៀវនឹងនឹកដល់កម្ពុជា ជាគោលដៅទេសចរណ៍របស់ពួកគេក្នុងពេលឆាប់ ក៏ដូចជាពេលអនាគត។
គួរបញ្ជាក់ថា ថ្មីៗនេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលនូវវិធានការសុខាភិបាល ចំពោះ អ្នកដំណើរមកពីបរទេសដោយ ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។ ប៉ុន្តែ នៅបន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងតាមកំណត់ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


