ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវបណ្ដាគណបក្សនយោបាយ ជួយជំរុញអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ ជួយជំរុញបន្តឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃនេះតទៅហើយ។

បន្ទាប់ពីប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី ២០ ខែតុលានេះរួចមក សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ ជួយជំរុញបន្តឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការរួមចំណែកមួយយ៉ាងសំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះបណ្ដាបក្សនយោបាយ ជួយអំពាវនាវចំពោះប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ឲ្យបានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះនោះជាចំណែកមិនមែនគ្រាន់តែរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែគឺជាកាតព្វកិច្ច នៃបណ្ដាបក្សនយោបាយទាំងអស់ គណបក្សនយោបាយទាំងអស់ ប្រសិនបើកសាងចំនួនសមាជិកបក្សខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែបើអត់មានអ្នកចុះឈ្មោះបោះឆ្នោត ក៏មិនមានន័យអ្វីដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គឺជារឿងចាំបាច់ណាស់ ដែលបណ្ដាគណបក្សនយោបាយទាំងអស់ អំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោត ដើម្បីកុំឲ្យដល់ពេលបោះឆ្នោត មិនមានឈ្មោះបោះឆ្នោតនឹងគេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ដូច្នេះវាជាការចាំបាច់ណាស់ ដែលបណ្ដាបក្សនយោបាយទាំងអស់ អំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រាប់ទាំង ជាពិសេសអ្នកគាំទ្រខ្លួន ឲ្យមកចុះឈ្មោះបោះឆ្នោត កុំឲ្យដល់ពេលបន្ទាប់ពីការបោះឆ្នោត បែរជាថា ពួកខ្ញុំ សមាជិករបស់ខ្ញុំ អត់មានសិទ្ធិបោះឆ្នោតនឹងគេ អត់បានបោះ វាទៅជាកំហុស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញវាមិនមែនជាកំហុស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ វាជាកំហុសរបស់គណបក្សដែលខ្លួនមានសមាជិកគាំទ្រ តែមិនជំរុញមកចុះឈ្មោះបោះឆ្នោត»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែតុលានេះ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៥២ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល