ព័ត៌មានជាតិ
យុវសិស្សរៀននៅវិទ្យាល័យចាំយាម យកត្រឡោកដូងច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ
យុវសិស្សរៀននៅវិទ្យាល័យចាំយាម ក្នុងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង មានគំនិតច្នៃប្រតិដ្ឋដោយយកត្រឡោកដូងគេចោល មកកែច្នៃធ្វើជាគ្រឿងសង្ហារឹម សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគេមានគ្នា ៦នាក់ ដោយមានលោកគ្រូបង្គោលចាំជួយសហការរួមគ្នា កែច្នៃត្រឡោកដូងឲ្យទៅជាគ្រឿងសង្ហារឹម រួចលក់តាមប្រព័ន្ធអនឡាញ។

យុវសិស្ស ដឿន ស្រីវិត និង វីង មុនទ្រី រៀនថ្នាក់ទី ១០ និងទី ១១ នៅវិទ្យាល័យចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង បានរៀបរាប់រសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២កន្លងទៅថា ការដែលពួកគេសម្រេចចិត្ត ប្រមូលត្រឡោកដូងមកធ្វើថូផ្កា ប្រអប់ដាក់ប៊ិច គោមភ្លើង ព្រមទាំងឧបករណ៍ម៉ាស្សាបាតជើង ដោយឃើញថា ក្នុងភូមិមានត្រឡោកដូងច្រើន ត្រូវបានគេចោលពាលវាលពាលការ។

ម៉្យាងវិញទៀត ក្រុមគ្រួសារ និងលោកគ្រូ បានជំរុញលើកចិត្តដល់ពួកគេ ឲ្យប្រឹងប្រែងផលិតផលទាំងនេះ ទៅប្រកួតប្រជែងកម្មវិធីថ្នាក់ជាតិកម្រិតមធ្យមសិក្សាឆ្នាំ ២០២២ ហើយពួកគេចានចាប់ផ្តើមការងារនេះ គិតចាប់តាំងពីខែមិថុនាមកម្ល៉េះ។

ទំនេរពីការរៀនសូត្រនៅសាលា យុវជន មុនទ្រី និងយុវតី ស្រីវីត តែងជួបជុំមិត្តភក្តិដែលជាសមាជិកក្រុម នៅផ្ទះរបស់លោកប្រធានគណៈគ្រប់គ្រងសាលា នៅទល់មុខតំបន់សេដ្ឋកិច្ចពិសេសខេត្ត ដើម្បីកែច្នៃត្រឡោកដូងទៅតាមជំហ៊ាននីមួយៗ ក្រោមការែណនាំរបស់ប្រធានក្រុម និងគ្រូបង្គោល។

តំណាងយុវសិស្សវិទ្យាល័យចាំយាម ក៏បានបញ្ជាក់ថា ត្រឡោកដូងដែលច្នៃចេញទៅជាគ្រឿងសង្ហារឹម ហើយលក់ចេញទៅតាមអនឡាញ ដែលមានឈ្មោះថា ត្រឡោកទាន់សម័យ គឺថូផ្កាតាំងលើតុ ១គ្រឿងមានតម្លៃ ២៦,០០០រៀល, គោមភ្លើង ១គ្រឿងមានតម្លៃ ៦០,០០០រៀល, ប្រអប់ដាក់ប៊ិច ឬក្រដាស ១គ្រឿងមានតម្លៃ ១២,០០០រៀល និងឧបករណ៍ម៉ាស្សាបាតជើងជាដើម។

គេនៅចាំបានថា ពាក់កណ្តាលខែតុលា ឆ្នាំ ២០២២ថ្មីៗនេះ ក្រុមយុវសិស្សវិទ្យាល័យចាំយាមទាំង ៦នាក់នេះ បានប្រកួតប្រជែងជាប់ចំណាត់ថ្នាក់លេខ ១ទូទាំងប្រទេស ក្នុងចំណោមយុវសិស្សជាច្រើននាក់ផ្សេងទៀត ក្នុងកម្មវិធីទិវា សហគ្រិនកម្ពុជា និងធុរកិច្ចសម្រាប់យុវជនកម្ពុជាឆ្នាំ ២០២២ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារាជធានីភ្នំពេញ។

លុះក្រោយមក ក៏ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងពេញចិត្តនឹងស្នាដៃកែច្នៃប្រតិដ្ឋរបស់ពួកគេ ដោយអនុញ្ញាត្តចូលជួបសំណេះសំណាល និងថវិកាលើកទឹកចិត្តមួយចំនួន សម្រាប់គាំទ្រដល់ការបង្កើតផលិតផល ដែលជាស្នាដៃថ្មីលើកមុខមាត់ខេត្តកោះកុង។

ដោយឡែកលោក ទៅ សុខឃី ជាគ្រូបង្គោលដឹកនាំក្រុមយុវសិស្សទាំង ៦នាក់ខាងលើ ក៏មោទនភាពខ្លាំងណាស់ដែរ ចំពោះយុវជនដែលជាសិស្សប្រឹងប្រែង រហូតដល់ទទួលបានជោគជ័យលើជំនាញមួយនេះ និងចេះស្វែងរកថវិកាខ្លះ មកផ្គត់ផ្គង់ការរៀនសូត្រដោយខ្លួនឯង ហើយមិនពឹងផ្អែកទាំងស្រុងទៅអាណាព្យាបាលឡើយ។

លោកគ្រូ ទៅ សុខឃី ក៏មានបំណងបំផុសគំនិតដល់យុវសិស្ស បន្តបង្កើតផលិតផលឲ្យបានច្រើនសម្រាប់លក់ និងស្វែង រកវិធីសាស្រ្តថ្មី ក្រៅតែពីច្នៃត្រឡោក ដោយអាចកែច្នៃដបទឹក ឬវត្ថុអ្វីៗដ៏ទៃទៀតតាមតែចំណង់ចំណូលចិត្ត។ បន្ទាប់មក លោកចង់ឲ្យពួកគេចែករំលែកជំនាញទាំងនេះ ទៅកាន់សិស្សប្អូនក្រោយៗ ទៀត។

តបនឹងអ្នកគាំទ្រស្នាដៃយុវជនឃុំប៉ាក់ខ្លង លោក ទៅ សុខឃី ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, រដ្ឋបាលស្រុកមណ្ឌលសីមា, មន្ទីរអប់រំ យុវជន និងកីឡា និងអតិថិជន ដែល ជួយគាំទ្រលើកទឹកចិត្ត ឬជាវផលិតផល ដែលជាស្នាដៃកែច្នៃរបស់យុវសិស្សវិទ្យាល័យចាំយាម៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


