Connect with us

ព័ត៌មានជាតិ

តើលោក គង់ ភោគ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅកម្ពុជាមានប្រវត្តិយ៉ាងណា?

បានផុស

នៅ

លោក គង់ ភោគ គឺជាអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ឆ្នាំ២០​២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ រយៈពេល ៤ថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ លោក គង់ ភោគ បានចែករំលែកព័ត៌មាននៃដំណើរការ និងលទ្ធផលរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដល់ក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ លោក គង់ ភោគ មានការសហការល្អជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មាននៃលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាទាំងជា​​ភាសាខ្មែរ និងភាសាអង់គ្លេស ជាពិសេសការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន គឺលោកបានធ្វើការបកស្រាយ និងពន្យល់យ៉ាងល្អ មានភាពក្បោះក្បាយ ហើយប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

ជាមួយគ្នានេះ កាលពីដើមខែសីហា កន្លងទៅ លោក គង់ ភោគ ក៏ត្រូវបានចាត់តាំងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។ លោក គង់ ភោគ មានមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីវិបត្តិមីយ៉ាន់ម៉ា។ តើរដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ មានប្រវត្តិការងារ និងមានចំណេះដឹងកម្រិតណា ទើបត្រូវបានរាជរដ្ឋាភិបាលចាត់តាំងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ នៅកម្ពុជា?

លោក គង់ ភោគ កើតថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨២ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ឧត្តមភរិយារបស់លោក គឺលោកស្រី ម៉ាលី សុជាតា ដែលជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ លោក គង់ ភោគ បានចាប់ផ្ដើមសិក្សាថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០០០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រវិស្វករឧស្សាហកម្ម និងមេកានិច ក្នុងឆ្នាំ២០០៥។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងស្រុក លោកបានបន្តទៅសិក្សានៅប្រទេសអូស្ត្រាលី ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ ជំនាញគោលនយោបាយសេដ្ឋកិច្ច នៅសាកលវិទ្យាល័យជាតិអូស្រ្តាលី។  

ក្រោយពេលត្រឡប់មកប្រទេសកម្ពុជាវិញ គឺអំឡុងឆ្នាំ២០០៨ លោក ធ្វើជាសាស្ត្រាចារ្យឯកទេសវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាបញ្ញាសាស្ត្រ រាជធានីភ្នំពេញ។ នៅឆ្នាំ២០១០ លោក គង់ ភោគ បានសម្រេចចិត្តបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស ជំនាញទំនាក់ទំនងអន្តរជាតិ។ ជាបេក្ខជនបណ្ឌិត គឺចន្លោះឆ្នាំ២០១១-២០១២ លោកបានធ្វើទស្សនកិច្ចស្រាវជ្រាវថ្នាក់បណ្ឌិតនេះនៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក និងទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ដោយផ្តោតទៅលើ គោលនយោបាយការបរទេស និងការពារជាតិ។

កិច្ចការបន្ទាប់ លោក គឺជាស្ថាបនិក និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៤ និងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឆ្នាំ២០១៧។ កាន់តំណែងជាអនុរដ្ឋលេខាធិការបានជាង ១ ឆ្នាំ ពោលគឺនៅខែតុលា ឆ្នាំ២០១៨ លោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកដឹកនាំសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ អំឡុងឆ្នាំ២០២១ លោក បានបញ្ចប់អាណត្តិការងារជាអគ្គលេខាធិការរងអាស៊ាន បន្ទាប់ពីលោកបានបំពេញការងាររយៈពេល ៣ឆ្នាំ។

ដោយសំឡឹងឃើញអំពីសមត្ថភាព ចំណេះដឹង និងបទពិសោធការងារជាច្រើនលើកិច្ចការទំនាក់ទំនងអន្តរជាតិ ពិសេសតួនាទីជាអគ្គលេខាធិការរងអាស៊ានផងនោះ លោក គង់ ភោគ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ដល់សេចក្ដីទុកចិត្ត ដោយបានស្នើសុំព្រះមហាក្សត្រតែងតាំងលោកជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកាលពីខែតុលា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។ ស្ថិតក្នុងបរិបទនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហើយកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអស៊ានស្ដីពីវិបត្តិមីយ៉ាន់ម៉ា។ ខណៈលោក គង់ ភោគ ក៏ត្រូវបានចាត់តាំងតួនាទីបន្ថែម ជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរ។

តាមរយៈតួនាទីជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក គង់ ភោគ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់មា ជាញឹកញាប់ ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗជាច្រើន រួមមាន រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ សមាជិកក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ អនុរដ្ឋមន្រ្តីសុខាភិបាល និងអនុរដ្ឋមន្ត្រីសង្គមកិច្ច ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ១ ម៉ោង មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម