ព័ត៌មានជាតិ
តំណាងរាស្ត្រអាមេរិក ៖ អាមេរិកចាត់ទុកសម្តេចតេជោ ជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច
តំណាងរាស្ត្រអាមេរិកលោក Gregory W. Meeks បានអះអាងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា សហរដ្ឋអាមេរិកចាត់ទុកសម្តេច ជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច។

ការអះអាងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកតំណាងរាស្ត្រ Gregory W. Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងលោកតំណាងរាស្ត្រ Gregory W. Meeks បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

លោកតំណាងរាស្ត្រ បានអះអាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋ អាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។
សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកតំណាងរាស្ត្រអាមេរិក អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនាកន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។
ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាព ក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកតំណាងរាស្ត្រ Gregory W. Meeks ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោកតំណាងរាស្ត្រអាមេរិក ក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់គោលជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


