ព័ត៌មានជាតិ
ជប៉ុន-កម្ពុជា សហការគ្នារៀបចំកិច្ចប្រជុំពិសេសស្តីពី«ទីក្រុងវ័យឆ្លាតអាស៊ាន»នៅក្នុងខេត្ត Fukushima
ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានរៀបចំកិច្ចប្រជុំពិសេសស្តីពីប្រព័ន្ធទីក្រុងវ័យឆ្លាតអាស៊ាន-ជប៉ុនលើកទី៤( The 4th ASEAN-JAPAN Smart Cities Networking High Level Meeting)នៅក្នុងខេត្ត Fukushima ប្រទេសជប៉ុន។ កិច្ចប្រជុំពិសេសនេះ គឺតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងតំណាងក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ធ្វើជាសហប្រធាន។

កិច្ចប្រជុំពិសេសស្តីពីប្រព័ន្ធទីក្រុងវ័យឆ្លាតនៅក្នុងអាស៊ានលើកទី៤( The 4th ASEAN-JAPAN Smart Cities Networking High Level Meeting) រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤ ខែធ្នូនេះ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ មានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនៃប្រទេសដែលជាសមាជិករបស់អាស៊ាន និងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសជប៉ុន។

លោក Ishii Hiroo រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានលើកឡើងថា កិច្ចប្រជុំពិសេសស្តីទីក្រុងវ័យឆ្លាតនេះ គឺមានសារៈសំខាន់ណាស់ ហើយការអភិវឌ្ឍទីក្រុងវ័យឆ្លាតនៅក្នុងបណ្តាប្រទេសអាស៊ាន នឹងនាំឲ្យមានការផ្លាស់ប្តូរយ៉ាងប្រសើរនូវរបៀបរបបនៃការរស់នៅរបស់ប្រជាជនទាំងអស់។ លោកបានសម្តែងនូវក្តីរំពឹងថា កិច្ចប្រជុំដ៏ល្អនេះ នឹងផ្តល់នូវបទពិសោធន៍ និងលទ្ធផលផ្លែផ្កាទៅកាន់តំណាងដែលបានចូលរួមនៅពេលនេះ។

ដូចគ្នាដែរ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានតាមរយៈសន្ទរកថាជាវីដេអូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពិសេសនៅក្នុងប្រទេសជប៉ុននេះ។ លោកបានអះអាងថា កិច្ចប្រជុំនេះ ជប៉ុន នឹងជួយផ្តល់នូវយុទ្ធសាស្រ្ត ក៏ដូចជា អាចផ្តល់នូវជំនួយបច្ចេកទេសផ្សេងៗ ដើម្បីជួយអភិវឌ្ឍទីក្រុងវ័យឆ្លាត(Smart City) នៅក្នុងបណ្តាប្រទេសអាស៊ាន។ ជាមួយគ្នានេះ លោកក៏ជឿជាក់ថា ជប៉ុន ក៏នឹងផ្តល់ជាបទពិសោធន៍ល្អៗនៃការអភិវឌ្ឍទីក្រុងវ័យឆ្លាតរបស់ខ្លួនទៅកាន់ប្រទេសសមាជិកអាស៊ានផងដែរ។

ដោយឡែក លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជាវិញ បានបញ្ជាក់ថា កិច្ចសហការនៃការលើកស្ទួយ ក៏ដូចជា ការអភិវឌ្ឍកសាងនូវទីក្រុងវ័យឆ្លាតរបស់ប្រទេសជប៉ុនជាមួយប្រទេសអាស៊ាន គឺជារឿងដ៏សំខាន់។ លោកបានបន្ថែមថា ការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ គឺជាផ្នែកមួយនៃទិសដៅសំខាន់ៗនៅក្នុងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ាន។ ជប៉ុន និងអាស៊ាន កំពុងធ្វើការសហការគ្នាដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការបង្កើតថ្មី ព្រមទាំង ការលើកស្ទួយការអភិវឌ្ឍទីក្រុងវ័យឆ្លាត និងប្រព័ន្ធព័ត៌មានឌីជីថល។

សូមបញ្ជាក់ថា នេះ គឺជាកិច្ចប្រជុំពិសេសមួយដែលអាចឲ្យតំណាងប្រទេសនៃសមាជិកអាស៊ាន អាចទទួលបាននូវអ្វីដែលថ្មីសម្រាប់ការអភិវឌ្ឍទីក្រុងវ័យឆ្លាត និងក៏អាចស្វែងយល់ដោយផ្ទាល់ពីទីក្រុង Aizuwakamatsu នៃខេត្ត Fukushima ដែលជាទីក្រុងវ័យឆ្លាតមួយនៅក្នុងប្រទេសជប៉ុន។ ក្រៅពីនេះ តំណាងដែលមកពីប្រទេសអាស៊ាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវបានផ្តល់ឱកាសឲ្យឡើងធ្វើបទបង្ហាញពីការអភិវឌ្ឍទីក្រុងវ័យឆ្លាតនៅក្នុងប្រទេសរបស់ខ្លួននីមួយៗផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា (ពីខេត្ត Fukushima ប្រទេសជប៉ុន)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


