ព័ត៌មានជាតិ
អភិបាលខេត្តរូបណាខ្លះហើយ សន្យាផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស A?
នាប៉ុន្មានឆ្នាំចុងក្រោយនេះ អភិបាលរាជធានី-ខេត្តមួយចំនួន បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សា-នុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ជាប់និទ្ទេស A នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ដោយមានបេក្ខជនសរុបចំនួន ១២៨,១៣៥នាក់ មាន ២២១មណ្ឌល និងចែកចេញជា ៥,១៧៤បន្ទប់។

នៅមុនចេញលទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ មានអភិបាលខេត្តមួយចំនួនហើយ បានសន្យាផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សា-នុសិស្ស ប្រឡងបាក់ឌុប ជាប់និទ្ទេស A។
លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសបើកវិញ្ញាសារប្រឡងបាក់ឌុបកាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យសិស្សា-នុសិស្ស ខិតខំឲ្យអស់ពីសមត្ថភាព យកចំណេះដឹងពិតធ្វើការប្រកួតប្រជែង និងគោរពនូវបទបញ្ជានានា ក្នុងមណ្ឌលប្រឡង។

លោកស្រី មិថុនា ភូថង បានសន្យាថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ប្រសិនក្មួយៗ ប្រឡងបាននិទ្ទេស A។ មួយវិញទៀតអាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀត ផងដែរ»។

ចំណែកលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅខេត្តកំពង់ស្ពឺមានមណ្ឌលប្រឡងចំនួន ១១ មានបន្ទប់ចំនួន ១៨៧ និងមានសិស្សចំនួន ៤,៦២៨នាក់។ លោកអភិបាលខេត្ត បានជូនពរសិស្សា-នុសិស្សទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា។ លោក វ៉ី សំណាង បានបញ្ជាក់ថា រង្វាន់លើកទឹកចិត្ត នៅតែមានសម្រាប់សិស្សា-នុសិស្សប្រឡងជាប់និទ្ទេស A។ ចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេស A លោកអភិបាលខេត្ត សុំលាក់សិន។

រីឯលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានជូនពរសិស្សា-នុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ជាប់ទាំងអស់គ្នា ហើយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងផ្តល់កុំព្យូទ័រដល់សិស្សា-នុសិស្សប្រឡងជាប់និទ្ទេស A ផងដែរ។

ជាមួយគ្នានេះដែរ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

លោក ម៉ែន វិបុល ក៏បានជូនពរឲ្យបេក្ខជនប្រឡងបាក់ឌុប ទទួលបានជោគជ័យក្នុងការប្រឡង ហើយរដ្ឋបាលខេត្ត នឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សា-នុសិស្សដែលបានជាប់និទ្ទេស Aដដែល។
សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២,០១៦នាក់។ ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានរហូតដល់ ១,៧៥៣ នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


