ព័ត៌មានជាតិ
ប្រឡងបាក់ឌុប ២ ថ្ងៃ មណ្ឌលភ្នំពេញ មានបេក្ខជនអវត្តមានជាង ៦៥០ នាក់ ថយចុះជាងឆ្នាំមុន
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ ធ្នូនេះថា ប្រឡងសញ្ញាបត្របាក់ឌុប ២ ថ្ងៃនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនអវត្តមានជាង ៦៥០ នាក់ ក្នុងចំណោមបេក្ខជនសរុប ២៣២៦៨ នាក់ មានការថយចុះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនដែលមានដល់ទៅជាង ១ ពាន់នាក់។

លោកប្រធានមន្ទីរបានបន្តថា ប្រឡងបាក់ឌុបនៅថ្ងៃទី ៥ និងទី ៦ នេះ នៅភ្នំពេញមានបេក្ខជនសរុប ២៣២៦៨ នាក់ ចែកជា ៣០ មណ្ឌល ក្នុងនោះមានបេក្ខជនអវត្តមានចំនួន ៦៥១ នាក់ ត្រូវជា ២,៨០% និងគណៈមេប្រយោគអវត្តមានចំនួន ២២ នាក់ ត្រូវជា ០,៦២% ក្នុងចំណោមគណៈមេប្រយោគសរុបចំនួន ៣៥៤៧ នាក់។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំនួនបេក្ខជនអវត្តមានឆ្នាំនេះមានការថយចុះច្រើន បើធៀបទៅនឹងការប្រឡងឆ្នាំមុនដែលមានរហូតដល់ទៅ ១០១៦ នាក់ ក្នុងចំណោមបេក្ខជន ២០៧១៩ នាក់ និងគណៈមេប្រយោគអវត្តមានចំនួន ១៤ នាក់ ក្នុងចំណោម ៤០៦០ នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ស្ថានភាពការប្រឡងរយៈពេល ២ ថ្ងៃនេះ នៅតាមមណ្ឌលប្រឡងមានសភាពស្ងប់ស្ងាត់ល្អ ដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ បេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្ដីពីការប្រឡងបានល្អ និងខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ អាជីវកម្មជុំវិញមណ្ឌលប្រឡង ត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

ជាមួយគ្នានេះដែរ នៅមណ្ឌលវិទ្យាល័យឥន្ទ្រទេវី បេក្ខជន ស៊ុម ណាភី ភេទស្រី បន្ទប់លេខ ៤ តុលេខ ៨១ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកមណ្ឌលប្រឡង តែអាចប្រឡងបាន។

គួរបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃនេះ មានបេក្ខជនអវត្តមានចំនួន ២៤០០ នាក់ ស្រី ១០៣៦ នាក់ ត្រូវជា ១,៨៧ ភាគរយ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨១៣៥៣ នាក់។ ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ៧០ នាក់ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ០៤ ករណី និងសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ០៣ ករណី។ ចំណែកគណៈមេប្រយោគមានបញ្ហាសុខភាពមានចំនួន ១៤ នាក់ ក្នុងនោះ ១ នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០១ ករណីប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


