ព័ត៌មានជាតិ
៦ថ្ងៃ នៃយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនៅភ្នំពេញតាមភូមិ និងតាមខ្នងផ្ទះបានជាង ៥ពាន់នាក់ហើយ
ត្រឹមរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋតាមភូមិ និងតាមខ្នងផ្ទះរបស់ពួកគាត់ បានជាង ៥ពាន់នាក់ហើយ។ ក្នុងនោះ ប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រ និងកោតសរសើរជាខ្លាំង ចំពោះយុទ្ធនាការដ៏មានសារៈសំខាន់នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែធ្នូនេះថា រយៈពេល ៦ថ្ងៃ នៃយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ គឺធ្វើបានចំនួន ៥,៦៧៨នាក់ហើយ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែធ្នូ។

លោកបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ ការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ហើយមន្ត្រីនគរបាលពាក់ព័ន្ធ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងយ៉ាងដូច្នេះថា «យើងឃើញថា ទាំងមន្ត្រីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺគាត់មានការខិតខំប្រឹងប្រែងខ្លាំងមែនទែន ហើយចំណែកឯបងប្អូនប្រជាពលរដ្ឋវិញ គឺគាត់បង្ហាញអារម្មណ៍ និងទឹកចិត្តរីករាយខ្លាំង ដោយសារតែកម្លាំងយើងផ្ដល់សេវា ដល់តាមភូមិ និងដល់តាមខ្នងផ្ទះតែម្ដង ចឹងគាត់រំភើបរីករាយខ្លាំងមែនទែន ដោយសារគាត់ចំណេញពេលវេលា និយាយរួមទៅ គាត់អាចមកធ្វើម៉ោង ចន្លោះម៉ោងគាត់អត់ធ្វើការ ម៉ោងសម្រាកថ្ងៃត្រង់ ជាពិសេសពេលយប់តែម្ដង»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណដល់តាមភូមិ និងតាមខ្នងផ្ទះនេះ ទទួលបានការគាំទ្រ និងការកោតសរសើរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រស់នៅទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្ថែមថា ក្នុងករណីមានប្រជាពលរដ្ឋសួរនាំអំពីផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ ហើយមន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ ដោយនៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណ នេះត្រូវការពេលវេលារយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


