Connect with us

ព័ត៌មានជាតិ

គ្រោងបញ្ជូនសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ទៅគណៈរដ្ឋមន្ត្រីនៅខែមករា ២០​២៣​ខាងមុខ

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ្រោងបញ្ជូនសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅខែមករា ឆ្នាំ ២០​២៣​ខាងមុខ ក្រោយពីបានដាក់ឲ្យពិគ្រោះយោបល់ចំនួន ៣២លើកជាមួយភាគីពាក់ព័ន្ធ និងដាក់ឲ្យពិគ្រោះយោបល់ជាសាធារណៈ នៅលើបណ្ដាញផ្សព្វ​ផ្សាយនានារួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឲ្យពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ តាមរយៈ ២រូបភាព។ ទីមួយ. បង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយនានា ដើម្បីឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ សម្រាប់ប្រមូលធាតុចូលពីសាធារណ ជន។ ទីពីរ. ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដែលមានរហូតមកដល់ពេលនេះ​ បានពិគ្រោះយោបល់ចំនួន ៣២ លើកហើយ។

លោក កត្តា អ៊ន បានឲ្យដឹងបន្តថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងតែពិនិត្យលើធាតុចូលទាំងឡាយ ដែលបានមកពីការពិគ្រោះយោបល់ទាំងនោះ ហើយដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ មុនពេលបញ្ជូនទៅគណៈរដ្ឋមន្ត្រី នៅខែមករា ឆ្នាំ ២០២៣ខាងមុខ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយើង​ កំពុងតែពិនិត្យលើធាតុចូលទាំងនោះ ហើយនឹងធ្វើការបញ្ចូលធាតុចូល កែលម្អ ឃ្លាឃ្លោង អក្ខរាវិរុទ្ធ​ ខ្លឹមសារ ដើម្បីបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅខែមករា ឆ្នាំ ២០​២៣​ខាងមុខ ដើម្បីបន្តនីតិវិធីដាក់ជូនសភា ព្រឹទ្ធសភា តាមគម្រោង យើងចង់ឲ្យច្បាប់នេះ ចេញមុនបោះឆ្នោត ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ»។

ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ មានគោលបំណងចង់ឲ្យមានស្ថាប័នជាតិមួយ ទទួលបន្ទុកសិទ្ធិមនុស្សដែលមានភាពឯករាជ្យ មិនស្ថិតនៅក្រោមអំណាចណាមួយឡើយ ដូចជាទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញជាដើម។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងទៀតថា កន្លងមក នៅក្នុងយន្ដការរបាយការណ៍អង្គការសហប្រជាជាតិ គឺមានតែរបាយការណ៍របស់ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងអ្នករាយការណ៍ពិសេស តែនៅខ្វះរបាយការណ៍មួយទៀត ជារបាយការណ៍របស់ស្ថាប័នជាតិ ដែល​ឯករាជ្យមួយ។ ដូច្នេះហើយ ចាំត្រូវឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិ។

លោកបន្ថែមទៀតថា «ទីពីរ គឺនៅក្នុងពិភពលោកយើងនេះ យើងឃើញថា គោលការណ៍ទីក្រុងប៉ារីស ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ សម្រេចលេខ ៤៨\១៣៤ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៣ តម្រូវឲ្យបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ រៀបចំបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង ដើម្បីធ្វើការងារឯករាជ្យ»។

បើតាមលោក កត្តា អ៊ន សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលធ្វើការងារក្នុងនាមរដ្ឋាភិបាល តែសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិ ជាស្ថាប័នដែលឯករាជ្យ ហើយធ្វើការងារដោយឯករាជ្យ។ សមាសភាពគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានជ្រើសតាំងចេញពីមន្ត្រីរាជការ ឬអ្នកនយោបាយ តែសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិចំនួន ១៣រូប នឹងត្រូវជ្រើសរើសដោយគណៈកម្មការជ្រើសរើស ​ដែលគណៈកម្មការនេះមានសមាសភាពចំនួន ៧រូប ដោយមួយរូបមកពីរដ្ឋសភា, មួយមកពីក្រុមប្រឹក្សាធម្មនុញ្ញ, មួយរូបមកពីរដ្ឋាភិបាល, និង ៤រូបមកពីអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្ដមសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម