ព័ត៌មានជាតិ
ឆ្នាំ ២០២៣ ថៃ ផ្ដល់អាហារូបករណ៍ដល់ កម្ពុជា ច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង ៩
នៅឆ្នាំ ២០២៣ ថៃ បានផ្ដល់អាហារូបករណ៍ច្រើនជាងគេដល់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង ៩ គឺមានចំនួន ២៥០ កន្លែង លើអាហារូបករណ៍ជាង ៦៧០ កន្លែង។

សម្រាប់ឆ្នាំ ២០២៣ មានស្ថាប័នមកពីប្រទេសចំនួន ៩ នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៦៧២ នាក់។ ក្នុងនោះរួមមាន ចិនផ្ដល់ចំនួន ១៨០ កន្លែង ជប៉ុន ៥៥ កន្លែង ហុងគ្រី ៣០ កន្លែង សាធារណរដ្ឋគូបា ២ កន្លែង សហព័ន្ធរុស្សី ៣០ កន្លែង វៀតណាម ១០០ កន្លែង ឡាវ ១៥ កន្លែង ថៃ ២៥០ កន្លែង មីយ៉ាន់ម៉ា ១០ កន្លែង ដោយទៅសិក្សាលើការស្រាវជ្រាវ មធ្យមសិក្សាបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧត្ដមសិក្សា ក្រោយឧត្ដមសិក្សា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចំពោះនីតិវិធីក្នុងការទទួលបានអាហារូបករណ៍ គឺក្រសួងអប់រំ ផ្សព្វផ្សាយជាសាធារណៈ និងលើកទឹកចិត្តសិស្ស-និស្សិតស្ដីពីឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិ តាមយន្តការដែលមានស្រាប់របស់ក្រសួងសហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានឧត្ដមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ក្រៅពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅទូទាំងរាជធានី-ខេត្តទាំង ២៥ តាមយន្តការផ្សេងៗដូចជា បណ្ដាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងគ្រឹះស្ថានសិក្សាជាដើម។

លោក រស់ សុវាចា បានឲ្យដឹងទៀតថា «ជាទូទៅ រៀងរាល់ឆ្នាំ បន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាយកដ្ឋានឧត្ដមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋ ឲ្យចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាពដូចខាងក្រោម ៖

-សិស្សពូកែទូទៅ ,សិស្សនារី ,សិស្សក្រីក្រ ,សិស្សមកពីតំបន់ជួបការលំបាក ,សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព»។

លោក រស់ សុវាចា បានបញ្ជាក់ថា ក្រៅពីអាហារូបករណ៍ខាងលើនេះ ក្រសួងអប់រំ ក៏ផ្ដល់ឱកាសអាហារូបករណ៍នៅកម្រិតសិក្សាផ្សេងៗដូចជា កម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាទៅតាមរូបភាពផ្សេងៗ និងលទ្ធភាពជាក់ស្ដែង។ បន្ថែមពីនេះ ក្រសួងអប់រំ ផ្ដល់នូវឱកាសផ្លាស់ប្ដូរនិស្សិតរវាងកម្ពុជា និងបណ្ដាប្រទេសជាមិត្តបានប្រព្រឹត្តទៅតាមកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងកម្ពុជា និងប្រទេសជាមិត្តទាំងអស់។

លោក រស់ សុវាចា បានឲ្យដឹងទៀតថា ក្នុងចំណោមកម្មវិធីពង្រឹងសមត្ថភាពសិស្ស-និស្សិតផ្សេងៗ ក្រសួងអប់រំ បាន និងកំពុងបន្តផ្ដល់ឱកាសផ្លាស់ប្ដូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិត អាចពង្រឹងជំនាញសតវត្សទី ២១ និងជំនាញឯកទេសរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។
លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្ដល់ឱកាសអាហារូបករណ៍ ដើម្បីចូលរួមចំណែកការងារកំណែទម្រង់អប់រំ យុវជន និងកីឡា ព្រោះថាឱកាសអាហារូបករណ៍ឆ្លើយតបទៅនឹងការអប់រំពលរដ្ឋសកលដែលមានបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស-និស្សិតគ្រប់កម្រិតឲ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។
លោក រស់ សុវាចា បានបន្តឲ្យដឹងទៀតថា ជាងនេះទៀតឱកាសអាហារូបករណ៍ទាំងអស់ដែលសិស្ស-និស្សិតកម្ពុជាទទួលបាន មានតួនាទីសំខាន់មួយក្នុងការចូលរួមលើកកម្ពស់គុណភាពមូលធនមនុស្សដែលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


