ព័ត៌មានជាតិ
បណ្ឌិត គិន ភា តស៊ូពីអ្នកស្រាវជ្រាវក្លាយជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
នៅឆ្នាំ២០០៥ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌរាជបណ្ឌិត្យសភាកម្ពុជា។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកជាធាតុចូលដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំគោលនយោបាយការបរទេស ការអភិវឌ្ឍប្រកបដោយចីរភាព និងការជួយស្វែងរកដំណោះស្រាយផ្សេងៗសម្រាប់បញ្ហាប្រឈមក្នុងតំបន់។

លោកបណ្ឌិត គិន ភា ក្នុងនាមជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចូលរួមដឹកនាំ គ្រប់គ្រង និងសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាក្នុងការស្រាវជ្រាវ ការវិភាគ ការផ្ដល់អនុសាសន៍ និងការរៀបចំវេទិកាសិក្សាគ្រប់ប្រភេទ។ មុនក្លាយជាមេដឹកនាំនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា តើលោកបណ្ឌិត គិន ភា មានប្រវត្តិយ៉ាងណា?

មានស្រុកកំណើតនៅខេត្តតាកែវ លោក គិន ភា កើតក្នុងឆ្នាំ១៩៧៦ ដែលជាពេលវេលាដ៏អាក្រក់របស់កម្ពុជាបានធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងឆ្នាំ១៩៨១ លោក គិន ភា បានចាប់ផ្ដើមចូលរៀននៅកម្រិតបឋមសិក្សា ហើយបានបញ្ចប់កម្រិតវិទ្យាល័យក្នុងឆ្នាំ១៩៩៣។ ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោក បានមកបន្តការសិក្សានៅរាជធានីភ្នំពេញដែលកាលនោះលោកសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
បន្ទាប់ពីចប់ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំ១៩៩៨ លោក គិន ភា បានចូលរៀននៅសាលាភូមិន្ទរដ្ឋបាល និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយលោកបានបញ្ចប់សញ្ញាបត្របណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ក្នុងឆ្នាំ២០១១។

អំឡុងពេលដែលលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំ២០០៣ គឺលោក គិន ភា បានចូលបម្រើការជាមន្ត្រីស្រាវជ្រាវនៅវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឆ្នាំ២០០៦ លោក បានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។ ជាមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា លោក គិន ភា ត្រូវបានចាត់តាំងជាមន្ត្រីទទួលបន្ទុកផ្នែករដ្ឋបាលទូទៅ និងបន្ទាប់មក ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសិក្សាការទូត។ រហូតដល់ឆ្នាំ២០១៧ លោក គិន ភា ទទួលបានការតែងតាំងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ក្រោយពេលលោកកាន់ជាអនុប្រធានវិទ្យាស្ថានបានរយៈពេលមួយឆ្នាំ(ឆ្នាំ២០១៦-២០១៧)។
ជាមួយគ្នានេះ លោក គិន ភា ក៏មានតួនាទីជាអ្នកស្រាវជ្រាវជាន់ខ្ពស់ពិសេសនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសកលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ហើយលោក ក៏ជាអ្នកវិភាគព្រឹត្តិការណ៍នយោបាយដ៏មានថ្វីមាត់ប្រកបដោយបទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ ផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក