ព័ត៌មានជាតិ
សិល្បករ ៤រូប ចែករំលែកការចងចាំពីកុមារភាព និងប្តេជ្ញាអប់រំកូនតាមបែបវិជ្ជមាន
ក្រោមយុទ្ធនាការគំរូអហិង្សាដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ អង្គការទស្សនៈពិភពលោក បានផ្សព្វផ្សាយវីដេអូចំនួន ៨ ស្តីពី «អាណាព្យាបាលជំនាន់ថ្មី៖ បទពិសោធ និងការចងចាំពីកុមារភាព» របស់សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាចំនួន ៤រូប។ អ្នកទាំង ៤រូបនេះ រួមមាន៖ អ្នកនាង ឌុច លីដា អ្នកនាង ដួង ម៉ាណា កញ្ញា វ៉ាន់ម៉ៅ ហ្សូលីនដា ហៅលីនវី និងលោក ទៀង អេងលាង ហៅខាយ។
វីដេអូខ្លីទាំងនេះ នឹងត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ដូចជា៖ ហ្វេសប៊ុក យូធូប អ៊ីនស្តាក្រាម និងទំព័រហ្វេសប៊ុករបស់សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាទាំង៤រូប។ តាមរយៈវីដេអូខ្លីនេះ សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាទាំង៤រូប នឹងបង្ហាញពីការចែករំលែកបទពិសោធនៃការចងចាំពីកុមារភាព ជាពិសេសការប្តេជ្ញាចិត្តក្នុងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ពួកគាត់។
អ្នកនាង ដួង ម៉ាណា ជាម្ដាយម្នាក់ និងជាសិល្បការនីមួយរូបដែលចូលរួមនៅក្នុងយុទ្ធនាការគំរូអហិង្សា បានកត់សម្គាល់ពីសារៈសំខាន់ជាច្រើននៃការចិញ្ចឹមកូនដោយមិនប្រើប្រាស់អំពើហិង្សា។ អ្នកនាង ដួង ម៉ាណា បានលើកឡើងដូច្នេះថា៖ «ខ្ញុំសប្បាយរីករាយដែលបានចូលរួមជាមួយយុទ្ធនាការគំរូអហិង្សា ព្រោះយុទ្ធនាការនេះពិតជាមានសារៈសំខាន់ និងមានឥទ្ធិពលសម្រាប់អាណាព្យាបាលគ្រប់រូប រួមទាំងរូបខ្ញុំដែរ»។ អ្នកនាងជឿថា ការអប់រំកូនបែបវិជ្ជមាន ការចិញ្ចឹមកូនដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ នឹងជួយឲ្យកូនលូតលាស់ធំធាត់បានល្អ ព្រមទាំងមានអនាគតល្អប្រសើរ។
ដោយឡែកលោក ទៀង អេងលាង ហៅខាយ ដែលជាសិល្បករមួយរូបដែរនោះ ទោះជាមិនទាន់មានបទពិសោធក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនក៏ដោយ តែលោកយល់ឃើញថា អាណាព្យាបាលគ្រប់រូបគួរចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងការអប់រំកូន ហើយជ្រើសរើសវិធីសាស្ត្របែបវិជ្ជមាន ដើម្បីបង្កើតការចងចាំពីកុមារភាពដ៏ល្អសម្រាប់ពួកគេ។
លោក ខាយ បានបន្ថែមថា៖ «គ្រប់ក្រុមគ្រួសារតែងតែមានរបៀបក្នុងការរស់នៅផ្សេងៗគ្នា។ តួយ៉ាងសម្រាប់ខ្ញុំ អ្វីដែលខ្ញុំទទួលបានពីឪពុកម្តាយ ហើយខ្ញុំចង់អនុវត្តតាមពួកគាត់នោះ គឺការចំណាយពេលជាមួយគ្នា ពិភាក្សាដោយបើកចំហរ ព្រមទាំងការបង្កើតស្នាមញញឹម និងសំណើចនៅក្នុងគ្រួសារ»។ លោកចង់ឲ្យការចងចាំរបស់កុមារទាំងអស់អំពីកុមារភាពរបស់ពួកគេដូចរូបគំនូរដែលមានវាលស្មៅពណ៌បៃតងស្រស់។
សូមបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសចំនួន ៨៧កំពុងចូលរួមក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ តាមរយៈយុទ្ធនាការគំរូអហិង្សាជាសកល ហើយកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការនេះក្នុងឆ្នាំ២០១៧។ យុទ្ធនាការគំរូអហិង្សាមានគោលបំណង ផ្លាស់ប្ដូរអត្តចរិត និងអាកប្បកិរិយាឪពុកម្តាយ អាណាព្យាបាល និងគ្រូ អំពីការដាក់ពិន័យលើរាងកាយ និងធ្វើឲ្យកុមារអាម៉ាស់ ការផ្តល់ភាពអង់អាចដល់កុមារមានភាពធន់ តស៊ូមតិ និងការពង្រឹងយន្តការការពារកុមារនៅក្នុងមូលដ្ឋានក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ៕ ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


