ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន ទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន នោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន ឡើយ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី ២៦ ខែមករានេះ បានថ្លែងថា ប្រទេសកម្ពុជា មិនបានផ្ដល់ជំនួយផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន នោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ផ្ដល់ជំនួយបែបនេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «កន្លងទៅ មានអ្នកលើកឡើងថា កម្ពុជា បានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែន ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ កម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការដែលកម្ពុជា ជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ដូច្នេះ សូមកុំឲ្យមានការយល់ច្រឡំឲ្យសោះចំពោះបញ្ហានេះ។
សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានច្រានចោលការចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែននៅក្នុងការតទល់សង្គ្រាមជាមួយរុស្ស៊ី។ ការច្រានចោលរបស់ក្រសួងការបរទេសបែបនេះគឺធ្វើឡើងបន្ទាប់ពីមាន Channel Telegram មួយដែលមានឈ្មោះ«DEMOGRAFIYA UPALA» បានចុះផ្សាយអំពីជំហររបស់ប្រទេសនានាទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន រួមទាំងកម្ពុជាផងដែរ។
ឆ្លើយតបការចុះផ្សាយនេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសបោសសម្អាតមីនដល់កម្មករដោះមីនអ៊ុយក្រែននៅកម្ពុជា គឺធ្វើឡើងផ្អែកលើមូលដ្ឋានការងារមនុស្សធម៌សុទ្ធសាធ។ ក្រសួងការបរទេស បញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបោសសម្អាតមីនដល់ភាគីអ៊ុយក្រែន នៅពេលនេះ គឺជាកិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ក្រសួងការបរទេស បានគូសបញ្ជាក់បន្ថែមថា ការជួយដល់ភាគីអ៊ុយក្រែនេះ គឺស្របជាមួយនឹងបេសកកម្មរក្សាសន្តិភាពជាច្រើនរបស់កម្ពុជានៅអាហ្វ្រិក និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។
ត្រង់ចំណុចនេះ ក្រសួងការបរទេសកម្ពុជា បានជំរុញឲ្យបណ្តាញ Channel Telegram «DEMOGRAFIYA UPALA» កែតម្រូវការបោះពុម្ពផ្សាយនេះ ដោយហេតុថា ការផ្សាយនេះមិនត្រឹមត្រូវទេ ហើយថែមទាំងអាចផ្ដល់ផលប៉ះពាល់ដល់កិត្តិយសកម្ពុជាផងដែរ។
ជាថ្មីម្ដងទៀត ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលស្រលាញ់សន្តិភាព ហើយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសអព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


