ព័ត៌មានជាតិ
សំរាមក្នុងក្រុងបាត់ដំបង ក្លាយជារឿងមេមាន់និងពងមាន់ ពលរដ្ឋមិនដល់ ៥០%បង់ថ្លៃសំរាម
សំរាមក្នុងក្រុងបាត់ដំបងបានក្លាយជារឿងក្តៅមួយសម្រាប់អាជ្ញាធរដោយមួយថ្ងៃមានសំរាមមិនក្រោម ៣០០ តោន ខណៈពលរដ្ឋមិនដល់ ៥០ ភាគរយ បានបង់ថ្លៃសេវាប្រមូលសំរាម។ នេះបើតាមការបញ្ជាក់ពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបានថ្លែងក្នុងសន្និសីទ ជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកាលពីពេលថ្មីៗនេះថា បញ្ហាសំរាមនេះបានក្លាយជារឿងពងមាន់និងកូនមាន់ ដោយពលរដ្ឋចោទក្រុមហ៊ុនប្រមូលសំរាមថាមានភាពយឺតយ៉ាវ ហើយក្រុមហ៊ុនចោទថាមកពីពលរដ្ឋមិនចូលរួមបង់ថ្លៃសេវា។
ពលរដ្ឋឈ្មោះ ឡាយ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង លើកឡើងថា ក្រុមគ្រួសាររបស់លោកបានបង់ថ្លៃសេវាសំរាមជាប្រចាំ ប៉ុន្តែលោកក៏ឃើញថាមានពលរដ្ឋខ្លះក៏មិនបានបង់ដែរមិនដឹងមកពីមូលហេតុអី។
ពលរដ្ឋឈ្មោះ ឡាយ សុប៊ិន និងលោក សេក សារុម ដែលរស់នៅក្នុងភូមិសង្កាត់ជាមួយគ្នានេះបាននិយាយថា ពួកលោកបង់ថ្លៃប្រមូលសំរាមជាប្រចាំ បើទោះបីទំហំសំរាមតិចតួចក៏ដោយ។

ប្រជាពលរដ្ឋដែលកម្ពុជាថ្មីបានសម្ភាសន៍ហើយមិនបានបង់ថ្លៃសំរាមបានការពារថា ពួកគាត់ក៏ចង់បង់ដែរ តែដោយសារតែមិនមានធុងសំរាមនៅតាមចិញ្ចើមដងផ្លូវសម្រាប់ដាក់សំរាម ទើបត្រូវបង្ខំចិត្តយកទៅបោះចោលកន្លែងផ្សេងៗឬដុតចោលនៅតាមលំនៅដ្ឋានខ្លះៗ។ ពួកគាត់ថា អាជ្ញាធរឬក្រុមហ៊ុនគួរដាក់ធុងសំរាមតាមដងផ្លូវសម្រាប់អ្នករស់នៅខាងក្រោយគេយកមកចោល បើអាជ្ញាធរមិនរៀបចំទេអ្នកនៅខាងមុខមិនព្រមឲ្យយកសំរាមមកដាក់នៅខាងមុខលំនៅដ្ឋានរបស់គេនោះទេ បើទោះជាចិញ្ចើមផ្លូវសាធារណះក៏ដោយ។
កម្ពុជាថ្មីបានព្យាយាមទាក់ទងទៅលោក លៀង វាសនា អភិបាលក្រុងបាត់ដំបងដោយលោកឆ្លើយប្រាប់ថា លោកមិនផ្តល់សម្ភាសន៍តាមទូរស័ព្ទនោះទេដោយលោកប្រាប់កម្ពុជាថ្មីថា បើចង់ដឹងអីមកសាលាក្រុងទៅ។
បើទោះបីយ៉ាងនេះក្តី លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានបានឲ្យកម្ពុជាថ្មីដឹងថា យើងពិតជាលំបាកណាស់ នៅក្នុងក្រុងបាត់ដំបង សំរាមក្នុងមួយថ្ងៃមានជាង ៣០០តោន ហើយការចូលរួមបង់ថ្លៃសំរាមពីបងប្អូនអាជីវករនិងប្រជាពលរដ្ឋមានភាគរយតិច។
លោកបន្តថា នេះមកពីកត្តារបស់បងប្អូនមួយចំនួនធ្វើតាមទម្លាប់គឺរាល់ថ្ងៃដល់ម៉ោង ០៤ ភ្លឺគឺពួកគាត់ច្រកសំរាមយកទៅចោលកន្លែងដែលជាទម្លាប់របស់គាត់តែម្តង។ ម្យ៉ាងទៀតជីវភាពគ្រួសារគាត់ក៏នៅមានកម្រិត ទើបខាងមន្ត្រីមានការយោគយល់ នេះជាកត្តាឲ្យបាត់ភាគរយច្រើនបែបនេះ។
ប្រហាក់ប្រហែលនិងការលើកឡើងពីលោកប្រធានមន្ទីរបរិស្ថាន ពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគាត់នៅទីប្រជុំជនក្រុងបានបង់រាល់ខែ។ ដោយឡែកអ្នកដែលនៅជាន់លើមួយចំនួន និងជាយក្រុង អ្នកខ្លះក៏បានបង់តែអ្នកខ្លះបានគេចវេស ហើយយកសំរាមដាក់ក្នុងថង់យកទៅបោះចោលតាមគំនរសំរាម។
បើទោះបែបនេះ លោក សុខ លូ អភិបាលខេត្តបានជំរុញឲ្យរដ្ឋបាលក្រុងត្រូវតែគិតគូរ ខណះដែលលោកចាត់ទុកពាក់ព័ន្ធបញ្ហាអនាម័យ សណ្ដាប់ធ្នាប់ជារឿងសំខាន់ដែលអាជ្ញាធររួមទាំងប្រជាពលរដ្ឋត្រូវចូលរួមដោះស្រាយ។
បើតាមប្រភពពីពលរដ្ឋទាំងអាជីវករនិងពលរដ្ឋទូទៅផង ការបង់ថ្លៃសម្រាមក៏ក្នុងមួយគ្រួសារចន្លោះពី ១ មុឺនរៀលដល់១មុឺន៥ពាន់រៀលដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


