Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ៖ ថ្ងៃ២៤កុម្ភៈ គឺជា​ថ្ងៃ​​សោក​ស្តាយ​ និង​មានអារម្មណ៍ក្រៀមក្រំ ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម

បានផុស

នៅ

ក្រចេះ ៖ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៤ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ក្រោម​ប្រធានបទ «​យើង​រួមគ្នា​ដើម្បី​សហគមន៍​គ្មាន​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​» ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​២​ធ្នូ ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ នៃ​ការបង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ឈាន​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន តំណាង​ប្រទេស​ម្ចាស់​ជំនួយ តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ ប្រតិបត្តិ​ករ​សកម្មភាព​មីន អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​។

ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​យ៉ាង​កក់ក្តៅ និង​នឹករលឹក​ជាទីបំផុត​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ទាំងអស់ និង​អង្គ​ពិធី​ទាំងមូល​។

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា សារលិខិត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៤ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏ដូចជា​ការទប់ស្កាត់ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​/​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​សហគមន៍​។

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់​បំផុត និង​ប្រកបដោយ​ទស្សនវិស័យ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឥតឈប់ឈរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​សកម្មភាព​មីន ព្រមទាំង​បាន​ដាក់​ចេញ​នូវ​គោលដៅ​យ៉ាងច្បាស់​លាស់ គឺ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥» និង​ការដោះស្រាយ​ហានិភ័យ​ដែល​នៅ​សេសសល់​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥ ដែល​ក្នុងនោះ​ការដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម គឺជា​ការងារ​អាទិភាព​ទី​២​ដែល​ត្រូវ​ដោះស្រាយ បន្ទាប់ពី​ការដោះស្រាយ​បញ្ហា​មីន​។

លោក​ទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែម​ថា សកម្មភាព​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតែ​ជា​កិច្ចការ​ដ៏​ចាំបាច់ និង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​អវិជ្ជមាន ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​នៅតាម​សហគមន៍ ដែល​អាជ្ញាធរ​មីន សហការ​ជាមួយ​ប្រតិបត្តិ​ករ​សកម្មភាព​មីន និង​ភាគី​ពាក់ព័ន្ធ តែងតែ​យកចិត្តទុកដាក់​ក្នុង​លើកកម្ពស់​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោក​បន្ត​ទៀត​ថា ដោយ​យល់ឃើញ​ពី​សារៈសំខាន់​នេះ និង​ដើម្បី​បន្ត​លើកកម្ពស់​ការអប់រំ​ស្តីពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម តាម​គ្រប់​រូបភាព ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​រៀបចំ​ឲ្យ​មាន ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ដែល​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៩ មក​។ ថ្ងៃ​២៤ កុម្ភៈ នេះ​ជា​

– ថ្ងៃ ដែល​យើងទាំងអស់គ្នា បាន​ជួបជុំគ្នា ដើម្បី​សម្តែង​នូវ​ការសោកស្តាយ ការអាណិតអាសូរ និង​មាន​អារម្មណ៍​ក្រៀមក្រំ ចំពោះ​ការបាត់​បង់ជីវិត ពិការភាព និង​បែកបាក់​គ្រួសារ ដែល​បងប្អូន​យើង​បាន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​ទាំងមូល​

– ថ្ងៃ ដែល​ផ្តល់​ការលើកទឹកចិត្ត​ឲ្យ​យើងទាំងអស់គ្នា ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឲ្យ​អស់ពី​ទឹកដី​កម្ពុជា និង​ពិភពលោក​ទាំងមូល​

– ថ្ងៃ ដែល​យើង​មានការ​ប្តូរផ្តាច់ និង​តាំងចិត្ត​រួមគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​

– ថ្ងៃ ដែល​យើង​សំណូមពរ​ឲ្យ​បណ្តា​ប្រទេស ដែល​ផលិត​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឈប់​ផលិត និង​ឈប់​ប្រើប្រាស់​ទៀត​។​

​យើង​ទាំងអស់​គ្នា ត្រូវ​រួមគ្នា ដើម្បី​លុប​បំបាត់ចោល​ឲ្យ​អស់​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់ ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ពី​ទឹកដី​កម្ពុជា និង​ពិភពលោក​ទាំងមូល​។ ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ គឺជា​តួនាទី​របស់​យើងទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម