ព័ត៌មានជាតិ
សារព័ត៌មានអាជីពគួរតែទទួលបានការគាំទ្រ ព្រោះហេតុផលទាំងនេះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរីកដុះដាលនៃក្រុមអ្នកផ្សព្វផ្សាយព័ត៌មាននៅលើអ៊ីនធើណេត ក្នុងប្រទេសកម្ពុជាហាក់បាននិងកំពុងដណ្តើមកាន់កាប់យកអ្នកទស្សនាយ៉ាងគំហុគ សឹងអាចជំនួសឲ្យសារព័ត៌មានបែបប្រពៃណីទាំងឡាយរួមមានវិទ្យុ កាសែត និងទូរទស្សន៍។
ក៏ប៉ុន្តែក្រុមអ្នកជំនាញខាងវិស័យព័ត៌មាន យល់ឃើញថា សារព័ត៌មានអាជីព មានវិជ្ជាជីវៈត្រឹមត្រូវ នៅតែមានតម្លៃ ដ្បិតថាថ្ងៃណាមួយមហាជននឹងបែរមកតាមដានសារព័ត៌មានអាជីព នៅពេលដែលពួកគេស្វែងរកអ្វីមួយដែលជាការពិតមិនឃើញ។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាយល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលមានសារព័ត៌មានបែបថ្មីចូលមក ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សារព័ត៌មានបែបប្រពៃណី ឬ វិជ្ជាជីវៈ ដោយសារថា សារព័ត៌មានអនឡាញតូចៗទាំងនោះ មានភាពងាយស្រួល រហ័ស និងលឿនជាង ដោយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន សាធារណជន ក្នុងពេលដែលប្រជាពលរដ្ឋបច្ចុប្បន្នចូលចិត្តតាមដានព័ត៌មានអនឡាញ ជាងស្តាប់វិទ្យុ និងអានកាសែត។
ទោះបីយ៉ាងណា សម្រាប់រូបលោក មិនអស់សង្ឃឹមទៅលើសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវនោះដែរ ទោះបីសារព័ត៌មានបែបថ្មីដណ្តើមបានទីផ្សារមួយចំនួនក៏ពិតមែន ក៏ប៉ុន្តែភាពជឿជាក់ និងគួឲ្យទុកចិត្តបាន គឺសារព័ត៌មានបែបព្រពៃណី នៅតែមានតម្លៃ តម្លៃនៅត្រង់ថា ប្រសិនបើបើសារព័ត៌មានអាជីពបំពេញតួនាទីបានត្រឹមត្រូវ ដោយការធ្វើព័ត៌មានអ្វីដែលថ្មី អ្វីដែលជ្រៅជាងសារព័ត៌មានដែលចេញផ្សាយតាមអនឡាញមួយចំនួន ដូចជាការស៊ើបអង្កេត បទយកការណ៍ស៊ីជម្រៅ បទវិភាគដេញដោលធ្វើម៉េចឲ្យជ្រៅជាងហ្នឹង នោះនឹងអាចមានសារធារណជនងាកមកគាំទ្រវិញហើយ។ ផ្ទុយមកវិញបើយើងមិនបានបំពេញតួនាទីបានសព្វគ្រប់ ហើយចេញយឺតទៅទៀត នោះនឹងជួបបញ្ហាហើយ។
លោកថា ចំណែកឯផ្នែកទូរទស្សន៍វិទ្យុក៏ដូចគ្នាដែរ ធ្វើម៉េចឲ្យព័ត៌មានរបស់យើង វាមានលក្ខណៈទាក់ទាញ មានអ្វីថ្មីសម្រាប់អតិថិជន លោក គិតថា យើងនៅតែអាចទប់ទល់បាន។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា រូបនេះ ក៏បានស្តីបន្ទោសទៅលើព័ត៌មានអនឡាញតូចៗមួយចំនួន ដែលមិនបានធ្វើអ្វីសោះ ហើយចាំតែចម្លង (កូពី) ពីស្ថាប័នព័ត៌មានវិជ្ជាជីវៈ ហើយយកទៅផ្សាយទទួលបាន ការចុច Likes និង Share ជាងម្ចាស់ដើមទៅវិញ។

លោកលើកឡើងថា “នេះជាបញ្ហាប្រឈមមួយធំដែរ សម្រាប់សារព័ត៌មានបែបប្រពៃណីយ៍ និងបែបវិជ្ជាជីវៈ នៅពេលដែលយើងខិតខំបំពេញការងារត្រឹមត្រូវតាមវិជ្ជាជីវៈ យើងផ្ទៀងផ្ទាត់ព័ត៌មាន យើងស្វែងរកប្រភពច្បាស់លាស់យកទៅចុះផ្សាយ មានមួយក្រុមទៀត គាត់អត់ធ្វើអ្វីទេ គាត់ចាំតែកូពី ហើយទៅកាឡៃតិចតួចដាក់ចំណងជើងបែបកុហក ហើយគួរឲ្យទាក់ទាញ គេនាំគ្នាចុច Share ចុច Likes មើលឡើងពេញ ដល់ពេលយើងខំធ្វើត្រឹមត្រូវតាមវិជ្ជាជីវៈ ទទួលបានអតិថិជនរាងតិច អាហ្នឹង វានៅត្រង់ថា ប្រជាពលរដ្ឋគាត់អត់បានចាប់អារម្មណ៍ទៅលើ អ្វីជាវិជ្ជាជីវៈ អ្វីជាព័ត៌មានគួរឲ្យទុកចិត្ត អ្វីដែលគាត់គួរជឿង មើល Shares និង Likes នោះទេ គាត់គ្រាន់តែឃើញហោះភ្លែតមក បែបទំនងក៏នាំគ្នាមើល ហើយ Shares ទៅ ដូច្នេះវាបើកឱកាសឲ្យអ្នកចម្លងគេហ្នឹងមានទីផ្សារ”។
លោក ប៉ែន បូណា អះអាងថា សកម្មភាពនេះ ជាអំពើខុសច្បាប់ផង ខុសក្រមសីលធម៌វិជ្ជាជីវៈផង ព្រោះជាការលួច ដែលជាអំពើទុច្ចរិតមួយដែលសារព័ត៌មានតូចៗទាំងអស់នោះមិនគួរធ្វើទេ បើធ្វើខ្លួនឯង មិនថ្វីទេ ហើយបើលួចគេជារឿងខុសឆ្គងខ្លាំង ហើយក្រសួង គួតែមានវិធានការ ដោយសារតែសារព័ត៌មានអនឡាញ ជាច្រើន ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានអ្វីគួរឲ្យជឿជាក់ ពេលខ្លះព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លើស បំភ្លៃ ច្រើន ធ្វើឲ្យប្រជាពលរដ្ឋពុល មិនដឹងថាព័ត៌មានណាពិត ព័ត៌មានណាមិនពិតហើយធ្វើឲ្យអ្នកប្រកបវិជ្ជាជីវៈបានត្រឹមត្រូវនោះ បាក់ទឹកចិត្តដោយសារតែ គាត់ហាក់ដូចជាមិនសូវទទួលបាននូវការគាំទ្រពីមហាជន បែទៅជាផ្តល់តម្លៃទៅដល់អ្នកដែលអត់វិជ្ជាជីវៈ ហើយជាអ្នកដែលចាំតែលួចចម្លងពីគេទៅវិញ។
លោកថា គួរតែមានច្បាប់ហាមដែរ ពីព្រោះថា មិនអាចបណ្តោយធ្វើដូចច្នេះបានទេ ពីព្រោះថា វាប៉ះពាល់ខ្លាំងណាស់ ប៉ះបាល់ដល់អ្នកអាជីព។ ហើយអ្នកសារព័ត៌មានទាំងអស់ គួរតែជជែករឿងនេះ ដើម្បីរកវិធីដោះស្រាយ។
ពាក់ព័ន្ធនឹងភាពលេចធ្លោព័ត៌មាននៅលើវិបផតលថធំៗ ដែលប្រកាន់សីលធម៌វិជ្ជាជីវៈ ត្រូវបានទាញទម្លាក់ដោយម្ចាស់ឧបត្ថម្ភធំៗវិញ សម្រាប់លោក ប៉ែន បូណា បានប្រាប់ថា នៅចំពោះមុខ ឬកន្លងទៅ វាប៉ះពាល់រួចទៅហើយ ព្រោះអ្នកផ្សព្វផ្សាយពាណិជ្ជកម្មផ្តោតទៅលើអ្នកមើល កន្លែងណាមានមនុស្សច្រើន គឺគាត់សម្រុកទៅហើយ ក៏ប៉ុន្តែសម្រាប់លោក មើលទៅវែងឆ្ងាយថា សារព័ត៌មានបែបព្រពៃណី នៅតែមានតម្លៃ នៅពេលណាមួយមហាជនរកអ្វីមួយដែលជាការពិតមិនឃើញ នៅក្នុងបណ្តាញសង្គម គាត់ក៏ចាប់ផ្តើមបែរជំនឿទៅលើសារព័ត៌មានបែបប្រពៃណីវិញ ដែលគួឲ្យទុកចិត្ត។
លោកជំរុញឲ្យអ្នកសារព័ត៌មានមានវិជ្ជាជីវៈទាំងអស់ ត្រូវខំពង្រឹងខ្លួនកាន់តែខ្លាំងនៅចំពោះមុខស្ថានភាពបែបនេះ ដើម្បីទាក់ទាញជំនឿទុកចិត្តរបស់មហាជន កាលណាយើងទាក់ទាញបាន លោកគិតថា ពេលមួយ ព័ត៌មានក្លែងក្លាយ ព័ត៌មានឥតប្រយោជន៍ លួចចម្លងគេ នោះ នឹងបាត់បង់ទៅវិញ។

លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មាន Kyodo ជប៉ុន និងជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា បញ្ហានេះ មានការជជែកច្រើនរហូតមកក្នុងរង្វង់អ្នកសារព័ត៌មានអាជីព។
លោកថា ក្លឹបអ្នកកាសែតកម្ពុជា ចង់អញ្ជើញអ្នកដែលធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬសកម្មជនហ្វេសប៊ុក ដើម្បីមកជជែកពិភាក្សាគ្នាស្វែងរកយន្តការមួយដើម្បីជួយពួកគាត់ធ្វើយ៉ាងណា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយបានល្អជាងមុន ឲ្យមានវិជ្ជាជីវៈ ជាជាងធ្វើឱ្យប៉ះពាល់ដល់បុគ្គលទី២ ទី៣ ជួនកាលភាសារហ្នឹងក៏ធ្វើឲ្យមហាជនវាយតម្លៃអ្នកសារព័ត៌មានទាំងអស់ដែរ។
លោក ពុយ គា ថ្លែងថា យ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុនធំៗ ពេលចង់ផ្សាយពាណិជ្ជកម្ម គួរពិនិត្យមើលស្ថាប័នណាមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីទទួលព័ត៌មានច្បាស់លាស់។ ផ្ទុយមិនវិញការទទួលព័ត៌មាន មិនច្បាស់លាស់ធ្វើឲ្យខាតបង់ច្រើនយ៉ាង បូករួមទាំងបញ្ហាសុខភាព ឬអាចធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

មន្ត្រីនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានថ្លែងថា ចំពោះបញ្ហានេះ ក្រសួងកំពុងពិចារណា ធ្វើវិសោធនកម្មច្បាប់សារព័ត៌មាន ដែលមានស្រាប់តាំងពីឆ្នាំ ១៩៩៦ ខណៈភាពខ្វះចន្លោះនេះកើតមានឡើងស្របគ្នានឹងបច្ចេកវិទ្យាមានការរីកចម្រើន ឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្ន ដើម្បីអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា។
នៅក្នុងជំពូក ២ មាត្រា ៧ នៃច្បាប់សារព័ត៌មានឆ្នាំ ១៩៩៥ ចែងថា អ្នកសារព័ត៌មាន ហាមលួចចម្លងគំនិត ស្នាដៃរបស់អ្នកដទៃមកដាក់ថា ជារបស់ខ្លួន ឬបន្លំឲ្យគេយល់ខុស ដូចជាការសរសេបញ្ឆិតបញ្ឆៀង ដើម្បីឲ្យអ្នកអានមានការសង្ស័យលើបុគ្គល ឬក្រុមណាមួយ ព្រមទាំងការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ ជាដើម។
យោងតាមរបាយការណ៍ក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២០ នៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពចំនួន ៣១០ គេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ ស្ថានីយ៍អ្នកសារព័ត៌មានចំនួន ៤២ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់