ព័ត៌មានជាតិ
ជនបរទេសល្បីឈ្មោះ៥រូបនេះ ទទួលបានសញ្ជាតិខ្មែរ ក្រោយបានរួមចំណែកជួយកម្ពុជា
សញ្ជាតិ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់ជនបរទេសទៅនឹងប្រទេសណាមួយ។ ចំពោះការផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសណាមួយ ត្រូវមានលក្ខខណ្ឌមួយចំនួនដែលអនុលោមតាមច្បាប់ស្ដីពីសញ្ជាតិរបស់កម្ពុជា។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមណែនាំឲ្យស្គាល់ជនបរទេសល្បីឈ្មោះចំនួន៥រូបដែលទទួលបានសញ្ជាតិខ្មែរ ក្រោយអ្នកទាំងនោះបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជា។

១/ កីឡាករប្រដាល់ ធីអាហ្គូ តេយសឺរ៉ា (THIAGO TEIXEIRA)
កីឡាករប្រដាល់ Thiago Teixeira បានទទួលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកីឡាករជនជាតិប្រេស៊ីលរូបនេះ បានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរទៅកាន់ពិភពលោក។ ក្រោយបានប្រកួតជាមួយកីឡាករកម្ពុជា ធឿន ធារ៉ា កាលពីខែកុម្ភៈ កីឡាករ Thiago បានចាប់អារម្មណ៍ខ្លាំងលើគុនខ្មែរ ហើយបានសម្រេចចិត្តមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជា ថែមទាំងបានប្រកាសធ្វើជាតំណាងឲ្យគុនខ្មែរក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

២/ អ្នកនាង អ៊ែនជេលីណា ចូលី (ANGELINA JOLIE)
ពេលលឺឈ្មោះ អ៊ែនជេលីណា ចូលី មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ គឺជាឈ្មោះតារាហូលីវូដដ៏មានកេរិ៍្តឈ្មោះល្បីល្បាញ។ អ្នកនាង អ៊ែនជេលីណា ចូលី ត្រូវបានគេចាត់ទុកថា ជាតារាហូលីវូដម្នាក់ដែលធ្លាប់បានមកកាន់ប្រទេសកម្ពុជាជាច្រើនលើក ច្រើនសារ ចាប់តាំងពីឆ្នាំ២០០០មក។ តារាហូលីវូដរូបនេះ បានរួមចំណែកលើកិច្ចការមនុស្សធម៌នៅកម្ពុជាយ៉ាងច្រើនតាមរយៈមូលនិធិម៉ាដក្សចូលីភីត ដែលការបង្កើតឡើងនូវមូលនិធិនេះ គឺបន្ទាប់ពីអ្នកនាងបានយកក្មេងប្រុសកម្ពុជាម្នាក់ទៅចិញ្ចឹមដែលប្រៀបដូចជាកូនបង្កើតរបស់នាង។
មូលនិធិម៉ាដក្សចូលីភីត ជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ការពារសំឡូត ខេត្តបាត់ដំបង ដោយបានផ្តល់ការគាំទ្រដល់ភូមិនានានៅតាមជនបទ ការថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលកំពុងរងការគំរាមកំហែង រួមទាំងបានដាក់បញ្ចូលគម្រោងគាំទ្រវិស័យកសិកម្ម អប់រំ សុខាភិបាល និងកិច្ចពង្រឹងអំណាចស្ត្រី។ ការលះបង់ទាំងនេះហើយ ទើបព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជូនអ្នកនាង អ៊ែនជេលីណា ចូលី កាលពីអំឡុងខែសីហា ឆ្នាំ២០០៥។

៣/ លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH)
កាលពីអំឡុងឆ្នាំ២០២២ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមដល់គ្រួសារសកម្មជនការពារព្រៃឈើ លោក ដាវិស បេន យ៉ូសែប ដែលមានសមាជិកចំនួន ៤រូប គឺលោក ដាវិស បេន យ៉ូសែប ភរិយារបសលោក ព្រមទាំងកូនស្រីចំនួន២នាក់ទៀត។ លោក ដាវិស បេន យ៉ូសែប គឺជាជនជាតិអាមេរិកាំង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាប្រហែលជាង៣០ឆ្នាំក្នុងការរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។

៤/ កីឡាករ DEREK BIDAUT
កីឡាករ DEREK BIDAUT គឺជាជនជាតិបារាំងដែលបានមករស់នៅកម្ពុជា កាលពីឆ្នាំ២០០៩ បន្ទាប់ពីជាប់ចិត្តយ៉ាងខ្លាំងនឹងក្បាច់គុនបុរាណខ្មែរ ជាពិសេសគុនល្បុក្កតោ។ កីឡាករ DEREK BIDAUT បានចូលរួមសម្តែងគុនល្បុក្កតោក្នុងពិធីថ្នាក់ជាតិសំខាន់ធំៗជាច្រើន ដូចជា អង្គរសង្ក្រាន្ត បុណ្យសមុទ្រ កីឡាជាតិ និងកម្មវិធីអន្តរជាតិផ្សេងៗ ខណៈ បច្ចុប្បន្ន លោកក៏ជាគ្រូបង្ហាត់ក្បាច់គុនខ្មែរ និងល្បុក្កតោ ផងដែរ។ ការតស៊ូក្នុងអាជីពក្បាច់គុនល្បុក្កតោ និងគុនខ្មែរអស់រយៈពេលប្រមាណជាង១០ឆ្នាំ កីឡាករជនជាតិបារាំងរូបនេះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ កាលពីឆ្នាំ២០២០។

៥/ លោក Christian
លោក Christian ដែលជាស្ថាបនិកនៃអង្គការដើម្បីស្នាមញញឹមនៃកុមារ និងភរិយារបស់លោក ត្រូវបានអតីតព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ផ្ដល់សញ្ជាតិជាពលរដ្ឋខ្មែរ មុនពេលលោក Christian បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦។ លោក Christian និងភរិយា បានបង្កើតអង្គការដើម្បីស្នាមញញឹមនៃកុមារ ដែលជួយឧបត្ថម្ភដល់ការថែទាំ និងការអប់រំដល់ក្មេងអនាថា ក្មេងរើសសំរាមនៅស្ទឹងមានជ័យ និងក្មេងក្រីក្ររាប់សិបម៉ឺននាក់ ចាប់តាំងពីដើមឆ្នាំ១៩៩៥មក។ លោក និងភរិយា ក៏តែងតែទទួលបានការកោតសរសើរដោយផ្ទាល់ពីអង្គព្រះមហាក្សត្រនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


