ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ ដែលបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប។

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់នេះលោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងបានចូលរួមជាផ្នែកមួយចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ។

ជាមួយគ្នានេះ ការធ្វើការរួមគ្នា និងការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយ ក៏នឹងអាចជួយពន្លឿនដល់វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ និងអនាគតដែលគ្មានការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យកាន់តែឆាប់។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ការកំណត់ទីតាំង និងការកំណត់អត្តញ្ញាណគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឲ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយទៀតផង។

ការវិវឌ្ឍន៍ចុងក្រោយបំផុតនៃបច្ចេកវិទ្យារាវរកគ្រាប់មីន ក៏អាចកើតចេញពីទឹកដីកម្ពុជា ដែលជាកន្លែងសម្រាប់ការធ្វើតេស្តសាកល្បងម៉ាស៊ីន និងឧបករណ៍បោសសម្អាតមីន មុននឹងឈានដាក់ប្រើប្រាស់នៅជុំវិញពិភពលោក។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Vallon GmbH គឺជាដៃគូដ៏ចាំបាច់មួយក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ហើយ ក្រុមហ៊ុន Vallon គឹជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ក្នុងការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់គោលបំណងមនុស្សធម៌។

លោក Markus Vallon នាយកគ្រប់គ្រងក្រុមហ៊ុន VALLON GmbH បានលើកឡើងថា ក្រុមហ៊ុន VALLON GmbH បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយកម្ពុជាក្នុងភាពជាដៃគូជាមួយអាជ្ញាធរមីន ដើម្បីរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។
លោក Markus Vallon បានបន្តទៀតថា ក្រុមហ៊ុន VALLON GmbH បានផលិតនូវឧបករណ៍រាវរកគ្រាប់មីនជាច្រើនប្រភេទប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងបានទទួលបានការកែលម្អជាច្រើនពីកម្ពុជា ក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់បញ្ចូលភាសាខ្មែរក្នុងឧបករណ៍នេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដោះមីនកម្ពុជាក្នុងការប្រើប្រាស់៕



-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


