ព័ត៌មានជាតិ
ព្រឹត្តិការណ៍ SkyFest 2023 មហោស្រពខ្លែងអន្តរជាតិលើកដំបូងរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរ ជាង ១ ម៉ឺននាក់ នៅ Bay of Lights ខេត្តព្រះសីហនុ
អ្នកចូលរួមប្រមាណជាង ១ ម៉ឺននាក់ បានប្រមូលផ្ដុំគ្នានៅបរិវេណគម្រោង Bay of Lights ខេត្តព្រះសីហនុ ពោរពេញទៅដោយភាពសប្បាយរីករាយជាមួយព្រឹត្តិការណ៍ SkyFest 2023 មហោស្រពខ្លែងអន្តរជាតិលើកដំបូងរបស់កម្ពុជា នៅដើមខែឧសភា ឆ្នាំ ២០២៣ នេះ នា Bay of Lights ខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍ SkyFest 2023 ក៏មានការចូលរួមពីសំណាក់អ្នកបង្ហោះខ្លែងអាជីពមកពីប្រទេសចិន បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា ផងដែរ ដើម្បីបង្ហាញពីខ្លែងដ៏អស្ចារ្យរបស់ពួកគេនៅលើអាកាស។

ពិធីបើករបស់ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិ ស្ថិតក្រោមប្រធានបទ «ខ្មែរអាចហោះបាន» មួយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក លី ធុជ ទេសរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសុន្ទរកថាបើក លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា «ប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ចាំងពីគុណតម្លៃ នៃខ្លែងរបស់យើងដែលហោះខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្ដីប្រាថ្នា និងក្ដីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលយើងបន្តបោះជំហានឆ្ពោះទៅរកអនាគតកាន់តែភ្លឺស្វាង»។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ចំពោះការរីកចម្រើន និងវឌ្ឍនភាពសង្គមរបស់កម្ពុជា។ នេះរួមបញ្ចូលទាំងគំនិតផ្ដួចផ្ដើមសំខាន់ៗ ដូចជា អាហារូបករណ៍ចេន ហ្ស៊ី ផ្ដល់ជូនដោយមូលនិធិព្រីនស៍ រួមជាមួយនឹងគម្រោង Bay of Lights ដែលទាក់ទងនឹងការអភិវឌ្ឍតំបន់ទីប្រជុំជនថ្នាក់ពិភពលោកទំហំ ៩៣៤ ហិកតា ដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។

លោក Edward Lee តំណាងជាន់ខ្ពស់ នៃក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន បានបង្ហាញនៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកថា «គម្រោង Bay of Lights ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាអ្នកផ្លាស់ប្ដូរនៅក្នុងទីផ្សារកម្ពុជា ហើយយើងមានទំនុកចិត្តថា គម្រោងមួយនេះជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសបន្ថែមទៀត។ យើងក៏រំពឹងដែរថា គម្រោងនេះ នឹងផ្ដល់ឱកាសការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាលទ្ធផល នឹងបន្តសន្ទុះអភិវឌ្ឍន៍នគរូបនីយកម្ម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ»។
លោក Lee ក៏បានប្រកាសថា SkyFest 2023 គ្រាន់តែជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀតដែលនឹងគ្រោងរៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។
ក្រៅពីការបង្ហោះខ្លែងមានរយៈពេលពីរថ្ងៃ ក្នុងនោះក៏មានសិក្ខាសាលាបង្រៀនធ្វើខ្លែងប្រពៃណីខ្មែរ ចម្លាក់ខ្សាច់ សិល្បៈខ្មែរ សកម្មភាពជិះស្គីទឹក ដោយក្រុម Jetski កម្ពុជា ការបង្ហាញសៀក សិល្បៈភ្លើង និងការបញ្ចាំងសិល្បៈពន្លឺឡាស៊ែរផងដែរ។
លើសពីនេះ ក្រុមហ្វារពន្លឺសិល្បៈ ក៏បានចូលរួមសម្ដែង និងបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ក្រុមខ្លួនដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល និងរំភើបជាខ្លាំងជាមួយនឹងការសម្ដែងរបស់ពួកគេ។
រយៈពេលពីរយប់នេះ អ្នកចូលរួមក្នុងព្រឹត្តិការណ៍បានទស្សនាកម្សាន្តពីការប្រគំតន្ត្រី និងសម្ដែងផ្ទាល់ពីសិល្បករខ្មែរល្បីៗដូចជា ទេព បូព្រឹក្ស ស៊ូ លីផេង ម៉ម ពេជ្ជរិទ្ធ Redking X Sopheap និង Kampot Playboys និងក្រុមតន្ត្រីអន្តរជាតិដូចជា Intan Andriana និង Friends, Alli G & TheQuilas, Maki Okestr ក៏ដូចជា DJ ល្បីៗ ដូចជា DJ Vutha DJ Maily និង DJ Chill Bill។
រៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន SkyFest 2023 អាចធ្វើទៅបានដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈអភិបាលខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា Nham24, Nham24 Taxi និង Somersby។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd) បានបង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅដែលរីកចម្រើន និងបរិយាកាសការងារ ដែលលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្ដល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។
ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ មានបទពិសោធន៍ខ្ពស់ គួរឲ្យគោរព មានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឲ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។
ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗ នឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុន នឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្ដល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


