Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាពបង្កើតស្នាដៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាពបង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ។ ការលើកទឹកនេះ គឺតាមរយៈសាររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរ​បាលជាតិ ក្នុងឱកាសទិវារំលឹក​ខួបអនុស្សាវីរយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ឆ្នាំ ២០២៣នេះ សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលាបញ្ចប់ បានច្បាស់លាស់ឡើយ ស្របពេលដែលសភាពការណ៍សន្តិសុខសាកលលោក នៅតែវិវឌ្ឍន៍ប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះនឹងបន្តជះឥទ្ធិពលដោយផ្ទាល់ ឬ ប្រយោលដល់បរិយាកាសសន្តិសុខ នៅក្នុងប្រទេសរបស់កម្ពុជាជាក់ជាមិនខាន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងអំឡុងពេលនេះដែរ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ត្រូវបានរៀបចំដំណើរការនៅកម្ពុជារួមមាន៖ ការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី ៣២ ប៉ារ៉ាហ្គេមលើកទី ១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលសុទ្ធសឹងជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បីបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ក្រៅពីនេះសភាពការណ៍ទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏នៅតែមានបញ្ហាប្រឈមដែលបណ្តាលមកពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ជាការពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញ ដែលតម្រូវឲ្យកងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល ពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏បានលើកទឹកចិត្តដល់កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្ម​ភាពបង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលជាសសរស្តម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម