ព័ត៌មានជាតិ
អាជ្ញាធររាជធានីពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
កម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញបានជំរុញឱ្យមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាអោយព្រឹត្តិការណ៍នាថ្ងៃទី ១៧ ខែឧសភានេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនជាតិ។

ការជំរុញឱ្យមានការពង្រឹងបន្ថែមលើការងារខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី ១៥ ឧសភាឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងឱ្យកាន់តែល្អជាងមុន ដើម្បីអោយប្រជាពលរដ្ឋបានទស្សនាកមន្សាន្ត។

កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុន អោយរួចរាល់។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺននាក់ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺនទៀតសរុបប្រមាណ៨ម៉ឺននាក់។

តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក។ ដូច្នេះទេ យើងត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំរបស់លោកអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភាខាងមុខនេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនប្រទេសជាតិរបស់យើង។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


