ព័ត៌មានជាតិ
រុស្ស៊ីប្ដេជ្ញាបន្តពង្រីកទំនាក់ទំនងល្អលើគ្រប់វិស័យជាមួយកម្ពុជា
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក អាណាតូលី បូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្ដីពីទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈចុងក្រោយនេះ។

លោក អាណាតូលី បូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងពិធីខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គឺកម្ពុជា និងរុស្ស៊ី បានប្ដេជ្ញាបន្តពង្រីកពង្រឹកទំនាក់ទំនង និងសហប្រតិបត្តិការល្អបន្ថែមទៀតលើគ្រប់វិស័យទាំងអស់។
បើតាមលោកឯកអគ្គរដ្ឋទូត ចាប់តាំងពីខែសីហា ឆ្នាំ២០២១ កម្ពុជាបានធ្វើជាប្រទេសសម្របសម្រួលនៃភាពជាដៃគូសន្ទនារវាងអាស៊ាន-រុស្ស៊ី ហើយតាមរយៈនេះ បានបញ្ជាក់អំពីសារៈសំខាន់នៃខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្រ្តរបស់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ាន ដែលប្រារព្ធធ្វើនៅឆ្នាំ២០២៣នេះ។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-រុស្ស៊ី ក៏បានរៀបចំឡើងនៅខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់លោក Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីផងដែរ។

ក្នុងឱកាសនោះ គ្រប់ភាគីទាំងអស់បានពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅខែកក្កដា ឆ្នាំ២០២៣នេះ នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំនោះដែរ អាស៊ាន-រុស្ស៊ី បានពិភាក្សាយ៉ាងលម្អិតលើទស្សនវិស័យសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ ដោយសង្កត់ធ្ងន់លើការអនុវត្តផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្នាំ២០២១-២០២៥។ នេះគឺជាការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។
បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកកិច្ចប្រជុំអន្តរជាតិលើកទី១១ នៃអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅថ្មីៗនេះ នៅទីក្រុងម៉ូស្គូ ដោយពេលនោះភាគីកម្ពុជាធ្វើជាសហប្រធានជាមួយរុស្ស៊ី ហើយការពិគ្រោះយោបល់អាស៊ាន-រុស្ស៊ី លើកទី៣ របស់តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ ក៏ត្រូវបានរៀបចំឡើងផងដែរ។ ក្នុងការពិគ្រោះយោបល់នោះ គឺមានការផ្លាស់ប្តូរយោបល់អំពីប្រព័ន្ធស្ថិរភាពយុទ្ធសាស្ត្រ ការគ្រប់គ្រងអាវុធ ក៏ដូចជាស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


