ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ក្រសួង និង អាជ្ញាធរ ពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ និង ម៉ឺងម៉ាត់ ចំពោះជនខិលខូចដែលឆ្លៀតឱកាសកាប់ ទន្ទ្រានព្រៃឈើ ក្នុងពេលរដ្ឋាភិបាលកំពុងរវល់ កិច្ចការបោះឆ្នោត
ភ្នំពេញ ៖ នាយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាពិសេសមួយទាក់ទិននឹងការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធនធានជាតិ ពីសំណាក់ជនខិលខូច ដែលឆ្លៀតឱកាសក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជាប់រវល់ ទៅលើកិច្ចការងារការបោះឆ្នោត។
សម្ដេចតេជោបានមានប្រសាសន៍ថា តាមការសង្កេតនឹងទទួលបានព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយសារជិតកៀកបោះឆ្នោតពួកខិលខូចបានចាប់ផ្ដើមធ្វើសកម្មភាពទន្ទ្រានកាប់យកដីធ្លីរបស់រដ្ឋដែលជាសម្បត្តិធនធានរបស់ជាតិ យើងតែងសង្កេតឃើញថា ជារៀងរាល់ពេលឱ្យតែមានការបោះឆ្នោតអំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងកាប់យកទន្ទ្រានយកដីគឺតែងតែកើតមាន។
សម្ដេចមានប្រសាសន៍ទៀតថា ដូច្នេះខ្ញុំសូមរំលឹកចំពោះក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ដើម្បីបំផ្លាញចោលនូវពួកខិលខូច ដែលឆ្លៀតឱកាសនៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ទៅលើកិច្ចការទាក់ទងនឹងការបោះឆ្នោត ហើយគេលួចទៅកាប់បំផ្លាញព្រៃឈើបញ្ហាទាំងអស់នេះ គឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្ដមលោកជំទាវ ដែលជាអភិបាលខេត្តដែលមានព្រៃឈើទាំងនោះ សុំយកចិត្តទុកដាក់ធ្វើការងារនេះ ហើយខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយសូមមេត្តាគោរពច្បាប់និងសុំកុំទន្ទ្រានយកដីរបស់រដ្ឋ។
សម្ដេចបានសង្កត់ធ្ងន់ថា ខ្ញុំក៏សូមដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយដែលបំពានច្បាប់ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ យើងមិនអាចលើកលែង ហើយយោគយល់ដើម្បីតែគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ។ យើងត្រូវធ្វើការងារដើម្បីការពារនូវធនធានធម្មជាតិព្រៃឈើ និងដីធ្លីរបស់រដ្ឋយើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណាដែលល្មើសច្បាប់នៅក្នុងពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយខ្ញុំក៏សូមអំពាវនាវឲ្យអ្នកដែលមានប្រាក់កាក់ ឬ អ្នកមានអំណាច ដែលឈរពីខាងក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីយកទៅកាប់ទន្ទ្រានយកព្រៃឈើ ឲ្យដកខ្លួនចេញជាបន្ទាន់ប្រសិនបើមានការស្រាវជ្រាវទៅឃើញថា មានការពាក់ព័ន្ធជាប់ជាមួយនឹងមន្ត្រីណា ឬ អ្នកមានប្រាក់កាក់ណាក៏ដោយ រាជរដ្ឋាភិបាលនឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីក្រោយខ្នងនោះផងដែរ។
ទទួលបាននូវបទបញ្ជានេះសូមឯកឧត្ដម លោកជំទាវ ចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្ក្រាបនូវភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃ យកកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លី ត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនពន្យារពេលហើយកិច្ចការងារនេះ ត្រូវធ្វើដូចភ្លៀងរលឹមមិនអាចឲ្យកើតឡើងងើបឡើងសាជាថ្មីដើម្បីបំផ្លាញទៅដល់ព្រៃឈើនិងដីធ្លីរបស់រដ្ឋនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


