ព័ត៌មានជាតិ
សម្ដេច ស ខេង៖ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាបានចាក់ឫសយ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោមថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញ កម្ពុជាបានប្រកាន់យក របបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ហើយមេដឹកនាំប្រទេសត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍មានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា តាមរយៈដំណើរការប្រជាធិបតេយ្យសេរីពហុបក្សដ៏រឹងមាំ ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ ដែលក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ប្រជាពលរដ្ឋកម្ពុជាបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បន្ថែមថា ទន្ទឹមនេះ កម្ពុជាបានចាត់តាំងរៀបចំឱ្យមានការបោះឆ្នោតជាទៀងទាត់ទៅតាមការកំណត់ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោតជាសាកល និងបោះឆ្នោតជាអសាកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

សម្ដេចក្រឡាហោម បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមការកំណត់ នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិផងដែរ។ ប៉ុន្តែសម្ដេច បញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងដ៏ពិសិដ្ឋនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការជ្រើសរើសបានអ្នកដឹកនាំល្អសម្រាប់ជាតិ ប្រជាពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប៉ុណ្ណោះទេ តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ។
ក្នុងន័យនេះ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន តាមរយៈការចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អនៅក្នុងសង្គមប្រជាធិបតេយ្យ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


