ព័ត៌មានជាតិ
ពន្ធដារ ធ្វើវិសោធនកម្មច្បាប់ស្តីពីសារពើពន្ធ ដើម្បីសម្រួលដល់ការបង់ពន្ធ
ការធ្វើវិសោធនកម្មច្បាប់ស្តីពីសារពើពន្ធនេះ មិនមែនជាច្បាប់ដែលតាក់តែងថ្មីទាំងស្រុងនោះទេ ប៉ុន្តែជាការប្រមូលផ្ដុំនូវច្បាប់ និងបទប្បញ្ញត្តិ ដោយរៀបចំឱ្យមានសង្គតិភាព (ភាពនៃការរួបរួមគំនិតគ្នា) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរក ព្រមទាំងបំពេញនូវចន្លោះប្រហោងឱ្យស្របតាមបរិការណ៍នៃសេដ្ឋកិច្ច ធុរកិច្ចនាពេលបច្ចុប្បន្ន។

នៅសិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ បានធ្វើការបំពេញបន្ថែមនូវចំណុចសំខាន់ៗមូយចំនួនរួមមាន៖ ប្រមូលផ្ដុំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការស្វែងរក និងការអនុវត្ត។ ចំណុចមួយទៀតគឺ កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ ដោយផ្អែកលើមូលដ្ឋានមួយចំនួន សំដៅទៅលើបទពិសោធន៍ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមាន ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិនានា។ បន្ថែមលើនោះ មានដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ គ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាពិសេស បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល ដូចជាការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ ងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល។ លើសពីនេះទៀត ធានាបាននូវសង្គតិភាពជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ជាពិសេសច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្ដីពី វិនិយោគរបស់កម្ពុជា ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា និងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។
លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ក្នុងផ្នែកទី ៥ នៃជំពូកទី ១៨ នៃច្បាប់ស្តីពីសារពើពន្ធដែលបានចែងរួមមាន បទល្មើសគេចវេះពន្ធបទល្មើសរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ការធ្វើឱ្យការប្រកបវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្មពន្ធដារដោយគ្មានអាជ្ញាបណ្ណ ការខកខានមិនបានបង់ប្រាក់ពន្ធ ដែលបានប្រមូលរួច ការប្រមូលប្រាក់ពន្ធដែលមិនមានសិទ្ធិប្រមូល ការទទួលខុសត្រូវផ្នែករដ្ឋបាលរបស់មន្ត្រីពន្ធដារ ការទទួលខុសត្រូវរបស់នីតិបុគ្គល ការទទួលខុសត្រូវរបស់អ្នកផ្ដើមគំនិត និងអ្នកសមគំនិត ការប្រព្រឹត្តបទល្មើសពុករលួយ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។ លោកស្រី បានគូសបញ្ជាក់ថា បុគ្គលដែលប្រកបអាជីវកម្មវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្ម ពន្ធដារដោយគ្មានអាជ្ញាបណ្ណ ត្រូវរងនូវទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា ២៤៥ នៃច្បាប់ស្តីពីសារពើពន្ធនេះ។

លោកស្រីអគ្គនាយករង បានជំរុញឱ្យអ្នកជាប់ពន្ធ ភ្នាក់ងារសេវាកម្មពន្ធដារធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធឱ្យបានទាន់ពេលវេលា រៀងរាល់ពេលមានការផ្លាស់ប្ដូរអាសយដ្ឋាន ជាពិសេសអាសយដ្ឋានចុងក្រោយ និងសារអេឡិចត្រូនិក ដើម្បីទទួលបានលិខិតស្នាម ឬលិខិតជូនដំណឹងនានាពីអគ្គនាយកដ្ឋានពន្ធដារ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


