ព័ត៌មានជាតិ
កម្ពុជា ដាក់ឱ្យដំណើរប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធលើគ្រប់ម៉ាស៊ីន ATM
ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការប្រព័ន្ធមួយឈ្មោះថា ខេមបូឌានស៊ែស្វីច ហៅកាត់ CSS ដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធលើគ្រប់ម៉ាស៊ីន ATM ឬ ឆូតកាត POS របស់គ្រឹះស្ថានជាសមាជិក សំដៅធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីចនៅព្រឹកថ្ងៃទី៤កក្កដានេះ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធ CSS នេះជាគំនិតផ្តួចផ្តើមថ្មីមួយទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីនATM ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់។ ទន្ទឹមនេះ អតិថិជន ក៏អាចធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីនឆូតកាត POS ដូចជា ការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូលនិធិ ត្រលប់មកវិញ ក៏ដូចការអនុញ្ញាតឱ្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចូលរួមជាសមាជិកប្រព័ន្ធនេះ ដែលនឹងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងទូលំទូលាយ។

លោកស្រីសង្ឃឹមថា ការដាក់ឱ្យដំណើរការប្រព័ន្ធ CSSនេះ នឹងផ្តល់ជម្រើសបន្ថែមទៀតសម្រាប់អតិថិជនធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡេចត្រូនិចកាត់បន្ថយចរាចរណ៍សាច់ប្រាក់ នៅលើទីផ្សារបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ចរ សុភាព ប្រធានគណៈកម្មាធិការទូទាត់នៃសមាគមធនាគារនៅកម្ពុជា ចាត់ទុកប្រព័ន្ធមួយនេះ ចូលរួមចំណែកទប់ស្កាត់នូវការកើតឡើងជាយថាហេតុ ដូចជា ការទទួលបាននូវសាច់ប្រាក់ក្លែងក្លាយ រហែក ប្រឡាក់ និងក្រដាសប្រាក់ដែលមានបញ្ហាផ្សេងៗ ជាច្រើនទៀត ព្រមទាំងជួយឱ្យអ្នកប្រើប្រាស់ចំណេញពេលវេលា មានទំនុកចិត្ត និងមានសុវត្ថិភាព ដោយអតិថិជនទាំងអស់ អាចធ្វើការទូទាត់ទំនិញតាមរយៈម៉ាស៊ីនឆូតកាត(POS) ការដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹម(ATM) បានពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានទាំងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកចូលរួមទាំងអស់នៅទូទាំងប្រទេស។
លោកបានបន្តថា បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ CSSនេះ មានសរុប៥៦គ្រឹះស្ថាន ក្នុងនោះ សមាជិកផ្ទាល់ជាធនាគារពាណិជ្ជចំនួន៤៨ គ្រឹះស្ថានហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន៥ និងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមានចំនួន៣។
ចំណែកលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានទទួលស្គាល់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ CSSនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុទាំងមូលតាមរយៈការពង្រីកវិសាលភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ លោកសុខ វឿន បានស្នើសុំធនាគារជាតិនៃកម្ពុជា ជួយសម្របសម្រួលជាមួយគ្រឹះស្ថានជាសមជិកទាំងអស់ដើម្បីបង្កើតជាស្តង់ដារមួយក្នុងការកំណត់កម្រិតចំនួនទឹកប្រាក់អតិបរិមាក្នុង១ថ្ងៃ និងទំហំសាច់ប្រាក់ដែលអាចដកបានក្នុង១ប្រតិប្តិការពីម៉ាស៊ីន អេ ធី អឹម នីមួយៗ របស់គ្រឹះស្ថានជាសមាជិកឱ្យមានសង្គតភាព ដើម្បីឱ្យអតិថិជនងាយស្រួលចងចាំ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


