ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារកបាន៨០ភាគរយហើយ
សៀមរាប ៖ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។

តាមការឱ្យដឹងពី លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែបង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុង ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល។ ក្នុងនោះដែរ អគារនេះក៏មានបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។

លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជននៅប្រទេសស្វីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពអស់រយៈពេល ៥ឆ្នាំហើយក្ដី។
គួរជម្រាបថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ៨០នាក់ក្នុងមួយថ្ងៃ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


